ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិសរុប៣ខ្សែមានដូចជាផ្លូវជាតិលេខ៣១ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតចិនស្ថិតនៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថាមានផ្លូវមានសង្ឃឹមមានផ្លូវផ្តល់ឱកាសឱ្យប្រជាពលរដ្ឋអាចច្នៃប្រឌិតទាញយកផលសេដ្ឋកិច្ចសម្រាប់ជីវភាពរស់នៅរបស់ខ្លួនឯងបាន នេះហើយជាអ្វីដែលរដ្ឋាភិបាល វិនិយោគលើផ្លូវ ជាជាងវិនិយោគលើអ្វីផ្សេងមុននឹងមានផ្លូវ ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើនិយាយអំពីការវិនិយោគ ការវិនិយោគធ្វើផ្លូវនេះ ទាញផលចំណេញច្រើន ជាងវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ។
 |
|
ខណៈដែលផ្លូវ៣ខ្សែជាង២០០គីឡូ ដែលសម្ពោធនាឱកាសនេះ ត្រូវបានសាងសង់អស់ថវិកាប្រមាណជា១៨៨លានដុល្លារនេះ ត្រូវបានសម្តេចធិបតី យល់ឃើញថា បើយកថវិកា ១៨៨លានដុល្លារនេះ បង្វែរទៅធ្វើតំបន់សេដ្ឋកិច្ចពិសេសឬមួយធ្វើបុរីក៏ដោយប្រសិនបើគ្មានផ្លូវតភ្ជាប់ ទាំងតំបន់សេដ្ឋកិច្ច និងបុរី គឺមិនដើរនោះទេ គ្មាននរណាមួយ ចង់ទៅធ្វើការកន្លែងដែលគ្មានផ្លូវដឹកជញ្ជូនហើយក៏គ្មាននរណាចង់ទៅទិញផ្ទះ បើគ្មានផ្លូវតភ្ជាប់នោះដែរ ។បន្ថែមលើនេះ សម្តេចធិបតី ជឿជាក់ថា បន្ទាប់ពីសាងសង់និងលើកកម្ពស់ផ្លូវទាំង៣ខ្សែដែលមានប្រវែងជាង២០០គីឡូ ឆ្លងកាត់៥ខេត្ត អស់ថវិកា១៨៨លានដុល្លារដូចគ្នា តែសម្រាប់អ្នករស់នៅអមតាមដងផ្លូវជាពិសេសអ្នកនៅក្នុងមូលដ្ឋាន នៅតំបន់ផ្ទាល់នឹងទទួលបានសេដ្ឋកិច្ចកើនឡើងពោលបានផលកាន់តែច្រើន ដោយសារសរសៃឈាមតភ្ជាប់មួយនេះ ។សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «នេះបានយើងថា ផ្លូវជាអាទិភាពទី២ ដែលខ្ញុំតែងនិយាយថាបើទៅដណ្តឹងកូនគេ ម៉ែគេថា អត់ផ្លូវទេអាវ៉ា គឺចប់ហើយ គឺមានផ្លូវមានសង្ឃឹមមានផ្លូវផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ អាចប្រើការច្នៃប្រឌិតរបស់គាត់ទាញយកផលសេដ្ឋកិច្ចចូលហោប៉ៅរបស់គាត់ មានផ្លូវទាញការវិនិយោគ ដើម្បីផ្តល់ឱកាសការងារ ទម្លាក់លុយរាប់វាល់លានដុល្លារ ចូលទៅខេត្តកំពង់ស្ពឺ ខេត្តផ្សេងៗទៀត នេះហើយគឺជាការវិនិយោគទៅលើផ្លូវរបស់យើង ដែលជាអាទិភាពទី២ នៃគោលនយោបាយ ចតុកោណ និងឥឡូវបញ្ចកោណ ដំណាក់កាលទី១»។សូមជម្រាបជូនថាផ្លូវទាំង៣ខ្សែនេះតភ្ជាប់ប្រទាក់ក្រឡារវាងខេត្តចំនួន៥ នាទិសនិរតីនៃប្រទេសកម្ពុជា មានខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពត និងខេត្តកែប ដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើនក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងតំបន់ ដោយធ្វើឱ្យប្រសើរឡើងនូវលំហូរចរាចរណ៍ ក៏ដូចជាប្រព័ន្ធឡូជីស្ទីក និងការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ព្រមទាំងការដឹកជញ្ជូននិងការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជាភ្ជាប់ទៅតំបន់ជាប់ព្រំដែន៕ប្រភពSTPM
Post a Comment