បញ្ជាឱ្យបិទឬដកហូតអាជ្ញាបណ្ណឬលិខិតអនុញ្ញាតធ្វើអាជីវកម្មជាបណ្តោះអាសន្នឬជាស្ថាពរចំពោះទីតាំងអាជីវកម្មណាដែលនាំឱ្យមានសកម្មភាពជួញដូរឬប្រើប្រាស់គ្រឿងញៀនដើម្បីឈានទៅលុបបំបាត់ការជួញដូរនិងប្រើប្រាស់គ្រឿងញៀន។នេះបើតាមផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់រយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
|
|
សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីបានឱ្យដឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលនិងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានីខេត្តក្រុងស្រុកខណ្ឌនិងរដ្ឋបាលឃុំសង្កាត់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនត្រូវរៀបចំបញ្ជីនិងក្ដាប់ឱ្យបាននូវគោលដៅដែលងាយរងផលប៉ះពាល់ដោយសារគ្រឿងញៀននិងត្រូវកោះអញ្ជើញម្ចាស់ទីតាំងឬអ្នកកាន់កាប់គ្រប់គ្រងអាជីវកម្មទាំងនោះមកធ្វើការពន្យល់ណែនាំឱ្យយកចិត្តទុកដាក់ក្នុងការងារគ្រប់គ្រងឱ្យបានហ្មត់ចត់ព្រមទាំងធ្វើកិច្ចសន្យាសហការបង្ការទប់ស្កាត់មិនឱ្យ កើតមានបទល្មើសគ្រឿងញៀននៅក្នុងទីតាំងរបស់ខ្លួន។សម្តេចធិបតីបានបន្តថាត្រូវធ្វើការតាមដានត្រួតពិនិត្យនិងចាត់វិធានការម៉ឺងម៉ាត់ ដាច់ខាត ដើម្បីបិទឬដកហូតអាជ្ញាបណ្ណឬលិខិតអនុញ្ញាតធ្វើអាជីវកម្មជាបណ្តោះអាសន្នឬជាស្ថាពរចំពោះទីតាំងអាជីវកម្មណាដែលបណ្ដែតបណ្ដោយឱ្យមានសកម្មភាពជួញដូរឬប្រើប្រាស់គ្រឿងញៀន។បន្ថែមពីនោះត្រូវមានកិច្ចប្រជុំពិគ្រោះយោបល់ជាមួយ សហគមន៍ គ្រឹះស្ថានសិក្សា គ្រឹះស្ថានសាធារណៈ រោងចក្រ សហគ្រាសនិងវិស័យឯកជននានាដើម្បីមានវិធានការនិងមានកិច្ចសហការក្នុងការបង្ការ ទប់ស្កាត់បទល្មើស គ្រឿងញៀន ឬអនុវត្តវិធានការរដ្ឋបាល។សម្តេចធិបតីបានបន្តទៀតថាអគ្គនាយកដ្ឋានពន្ធនាគារត្រូវបន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងពន្ធនាគារនិងមណ្ឌលអប់រំកែប្រែឱ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ ប្រកបដោយស្មារតីទទួលខុសត្រូវនិងប្រុងប្រយ័ត្នខ្ពស់ ដោយមិនត្រូវឱ្យមាន ការលបលាក់ឬនាំចូលសារធាតុញៀនផ្តល់ឱ្យពិរុទ្ធជនឬទណ្ឌិតនិង/ឬមានទំនាក់ទំនងពីក្នុងពន្ធនាគារចេញមកខាងក្រៅឬពីមជ្ឈដ្ឋានខាងក្រៅមកក្នុងពន្ធនាគារពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ជាមួយគ្នានេះត្រូវពិចារណាលើវិធានការគ្រប់គ្រងជនល្មើសដែលពាក់ព័ន្ធគ្រឿងញៀនឬសេពគ្រឿងញៀន ដាច់ដោយឡែកពីទណ្ឌិតឬពិរុទ្ធជនដទៃទៀត៕
Post a Comment