កម្ពុជាត្រៀមជួ​យសម្រួលដល់ព​លករខ្មែរត្រឡប់ពី​ថៃទ្រង់ទ្រាយធំ

តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២៥នេះបានឱ្យដឹងថារាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសម្របសម្រួលនិងដោះស្រាយក្នុងករណីមានពលករខ្មែរវិលត្រឡប់ពីប្រទេសថៃវិញក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយ។ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ បានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួលការឆ្លងកាត់ព្រំដែនការស្នាក់នៅ ហូបចុកបណ្ដោះអាសន្ន សម្រាប់បងប្អូនពលករនៅតំបន់ព្រំដែន។

ទន្ទឹមនឹងនេះ ក្រសួងការពារជាតិ កងទ័ពជើងគោក និងសាលារាជធានីភ្នំពេញ ក៏បានត្រៀមរថយន្តសម្រាប់ដឹកជញ្ជូនពលករពីព្រំដែនត្រឡប់ទៅស្រុកកំណើតវិញផងដែរ។លើសពីនេះ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងជួយស្វែងរកការងារក្នុងប្រទេសជូនពលករដែលត្រឡប់មកវិញ ដោយបច្ចុប្បន្ននេះកម្ពុជាត្រូវការកម្លាំងពលកម្មជាមធ្យមជាង៧ម៉ឺននាក់។

សម្ដេចនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធបានត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ដល់ពលករដែលត្រូវត្រឡប់មកវិញក្នុងការសម្រួលជីវភាពប្រចាំថ្ងៃតាមរយៈកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ចនិងសង្គមកិច្ចមួយចំនួន។ជាមួយគ្នានោះ សម្ដេច ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ឱ្យពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់ពលករដែលត្រឡប់មកពីថៃវិញចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅតាមលទ្ធភាពឬក្នុងរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន។សម្ដេចបានសង្កត់ធ្ងន់ថាស្មារតីសាមគ្គីឯកភាពជាតិនិងការជួយគ្នាទៅវិញទៅមកគឺជាចំណុចខ្លាំងរបស់ប្រជាជាតិខ្មែរនៅពេលដែលប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរប្រឈមនឹងបញ្ហា៕ប្រភពSTPM
Powered by Blogger.