កម្ពុជាជំរុញការសា​ងសង់អគារដែល​កាត់បន្ថយការប្រើប្រាស់ម៉ា​ស៊ីនត្រជាក់

 រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រុមអ្នកជំនាញអន្តរជាតិកំពុងរួមគ្នាគិតអំពីការសាងសង់អគារដែលកាត់បន្ថយការប្រើប្រាស់ប្រព័ន្ធម៉ាស៊ីនត្រជាក់ ដើម្បីជាផ្នែកមួយកាត់បន្ថយការឡើងកម្តៅផែនដីដោយសារការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។នេះបើតាមការចុះផ្សាយAKP។

«គម្រោងយុទ្ធសាស្ត្រប្រព័ន្ធអកម្មត្រជាក់នៅកម្ពុជា»បាននិងកំពុងដឹកនាំដោយក្រសួងបរិស្ថានសហការជាដៃគូដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានិងគាំទ្រការអនុវត្តពីអង្គការសហប្រជាជាតិសេដ្ឋកិច្ច និងគណៈកម្មការសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) និងបរិស្ថានអង្គការសហប្រជាជាតិកម្មវិធី(UNEP) ក្នុងគោលដៅក្នុងការកាត់បន្ថយតម្រូវការថាមពលនិងការកាត់បន្ថយបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈវិធីសាស្ត្រត្រជាក់អកម្មក្នុងសំណងអគារ។គម្រោងនេះ មានដាក់បញ្ចូលការអនុវត្តការរចនាស្ថាបត្យកម្ម និងការរៀបចំទីក្រុង តាមរយៈការរចនាអគារដែលមានលក្ខណៈលំហូរខ្យល់ និងពន្លឺគ្រប់គ្រាន់រួមទាំងការជ្រើសរើសប្រភេទសម្ភារៈបំពាក់ក្នុងអគារសន្សំសំចៃអគ្គីសនី បូករួមទាំងការធ្វើឱ្យបរិស្ថានជុំវិញអគារមានភាពបៃតង។ក្នុងកិច្ចប្រជុំស្តីពីសហគមន៍សម្រាប់ការអនុវត្តគម្រោង យុទ្ធសាស្ត្រ ប្រព័ន្ធត្រជាក់អកម្ម សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ដែលបានធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ លោកស្រី Kim Roseberry តំណាងគណៈកម្មការសង្គម និងសេដ្ឋកិច្ច សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) បានថ្លែងថា ប្រព័ន្ធត្រជាក់អកម្ម ឬហៅជាភាសាអង់គ្លេសថា passive cooling នឹងជាដំណោះស្រាយគោលមួយ ដោយមិនបាច់ប្រើប្រាស់អគ្គិសនីច្រើន ហើយកាត់បន្ថយការចំណាយ។ តំណាងUN-ESCAP រូបនេះ បញ្ជាក់ថា «ដើម្បីកាត់បន្ថយការកើនឡើងកម្តៅនិងការប្រើប្រាស់ម៉ាស៊ីនត្រជាក់នៅក្នុងផ្ទះ ឬក្នុងអគារ គឺប្រព័ន្ធត្រជាក់អកម្ម នឹងធ្វើឱ្យអគារនីមួយៗ នៅក្នុងប្រទេសកម្ពុជាមានភាពត្រជាក់ជានិរន្ដរ៍ ដោយមិនសូវចាំបាច់ក្នុងការប្រើប្រាស់ម៉ាស៊ីនត្រជាក់ច្រើន។ កម្ពុជានឹងក្លាយជាប្រទេសនាំមុខមួយ សម្រាប់ការប្រើប្រាស់ការរចនាអគារ ដែលពឹងផ្អែកលើភាពត្រជាក់អកម្មនេះ»។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញទិសដៅជំរុញការប្រើប្រាស់ថាមពលស្អាតឱ្យបានដល់៧០ភាគរយ នៅត្រឹមឆ្នាំ២០៣០ ខណៈបច្ចុប្បន្ន សម្រេចបាន៦២ភាគរយ ដើម្បីចូលរួមកាត់បន្ថយការឡើងកម្តៅផែនដី ដែលពិភពលោកកំពុងព្រួយបារម្ភ៕

Powered by Blogger.