ហេតុអ្វីបាន​​ជាអ៊ុយក្រែនបន្តវាយប្រហារ​រោងចក្រចម្រាញ់ប្រេងរ​បស់រុស្ស៊ី?

អ្នកជំនាញនិយាយថាការវាយប្រហារម្តងហើយម្តងទៀតរបស់អ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីអាចមានបំណងដើម្បីបញ្ជាក់ការអះអាងរបស់រដ្ឋបាលប្រធានាធិបតីអាមេរិកJoe Bidenខុស។

ឈុតឆាកនៃការវាយប្រហាររបស់អ៊ុយក្រែនលើរោងចក្រប្រេងរុស្ស៊ី។ រូបថត៖ Reuters
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះអ៊ុយក្រែនបានបង្កើនការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីដើម្បីរារាំងប្រាក់ចំណូលនាំចេញរបស់ទីក្រុងម៉ូស្គូក៏ដូចជាការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់កងកម្លាំងយោធារុស្ស៊ី។យោងតាមទីភ្នាក់ងារសារព័ត៌មានReutersកាលពីសប្តាហ៍មុនយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន(UAV)បានវាយប្រហាររោងចក្រចម្រាញ់ប្រេងនៅក្នុងតំបន់ Kaluga នៃប្រទេសរុស្ស៊ី។ រោងចក្រចម្រាញ់ប្រេង Neftekhim Salavat របស់ក្រុមហ៊ុនGazpromដែលជារោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតមួយរបស់រុស្ស៊ីក៏ត្រូវបានវាយឆ្មក់កាលពីសប្តាហ៍មុនផងដែរ។រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden បានរិះគន់យុទ្ធសាស្ត្រវាយប្រហាររបស់អ៊ុយក្រែន។ កាលពីខែមេសា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថាការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី អាចប៉ះពាល់ដល់ទីផ្សារថាមពលពិភពលោក ហើយបានជំរុញឱ្យអ៊ុយក្រែន ផ្លាស់ប្តូរការផ្តោតអារម្មណ៍នៃការវាយប្រហាររបស់ខ្លួនទៅកាន់គោលដៅយោធាផ្សេងទៀត ដែលអាចជះឥទ្ធិពលផ្ទាល់ដល់ជម្លោះនាពេលបច្ចុប្បន្ន។ ប៉ុន្តែទោះបីជាមានការព្រមានពីសហរដ្ឋអាមេរិកក៏ដោយក៏អ៊ុយក្រែននៅតែបន្តវាយប្រហារទីតាំងប្រេងរបស់រុស្ស៊ី។យោងតាមទស្សនាវដ្តីកិច្ចការបរទេស លោក Michael Liebreich ស្ថាបនិក Bloomberg New Energy Finance លោកស្រី Lauri Myllyvirta អ្នកវិភាគសំខាន់នៅមជ្ឈមណ្ឌលស្រាវជ្រាវថាមពលនិងខ្យល់ស្អាត និងលោក Sam Winter-Levy នៅសាកលវិទ្យាល័យ Princeton បាននិយាយថាការវាយឆ្មក់របស់អ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីនឹងមិនធ្វើឱ្យតម្លៃថាមពលសកលកើនឡើងនោះទេ។អ្នកជំនាញនិយាយថាការវាយប្រហារទាំងនេះនឹងរារាំងដល់សមត្ថភាពរបស់រុស្ស៊ីក្នុងការប្រែក្លាយប្រេងទៅជាផលិតផលចម្រាញ់ដូចជាប្រេងសាំងហើយនឹងមិនប៉ះពាល់ដល់បរិមាណប្រេងដែលរុស្ស៊ីអាចទាញយកឬនាំចេញនោះទេ។អ្នកជំនាញ៣នាក់បាននិយាយថា"តាមពិតទៅជាមួយនឹងការថយចុះសមត្ថភាពចម្រាញ់ប្រេងក្នុងស្រុករុស្ស៊ីនឹងត្រូវបង្ខំចិត្តនាំចេញប្រេងឆៅបន្ថែមទៀតដោយហេតុនេះជំរុញឱ្យតម្លៃប្រេងពិភពលោកធ្លាក់ចុះជំនួសឱ្យការកើនឡើង"។យោងតាមពួកគេការវាយប្រហាររបស់អ៊ុយក្រែនអាចប៉ះពាល់ដល់ប្រជាជននៅក្នុងប្រទេសរុស្ស៊ី ដែលតម្លៃឧស្ម័នឬប្រេងម៉ាស៊ូតកំពុងកើនឡើង។ នេះ​មាន​ន័យ​ថាការ​វាយ​ប្រហារ​របស់​អ៊ុយក្រែន​បាន​ធ្វើ​អ្វី​ដែល​ទណ្ឌកម្ម​លោក​ខាង​លិច​មិន​អាច​ធ្វើ​បាន។ចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២ប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើប្រទេសរុស្ស៊ីដើម្បីកំណត់ប្រាក់ចំណូលពីឧស្សាហកម្មថាមពល។ទោះយ៉ាងណាក៏ដោយនៅក្នុងខែធ្នូឆ្នាំ២០២៣ឧបនាយករដ្ឋមន្ត្រី AlexanderNovakបាននិយាយថាប្រទេសរុស្ស៊ីបានផ្ទេរការនាំចេញប្រេងស្ទើរតែទាំងអស់របស់ខ្លួនទៅកាន់ប្រទេសចិននិងឥណ្ឌា។ យោងតាមទីភ្នាក់ងារព័ត៌មានBloombergប្រាក់ចំណូលប្រេងរបស់រុស្ស៊ីក្នុងខែមេសាបានកើនឡើងទ្វេដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះ​បង្ហាញ​ពី​ជោគជ័យ​របស់​រុស្ស៊ី​ក្នុង​ការ​ប្តូរ​ទិស​នាំ​ចេញ។លើសពីនេះទៀត យោងតាមព័ត៌មានដែលចេញផ្សាយដោយ Reuters ក្នុងខែមេសាប្រទេសរុស្ស៊ីហាក់ដូចជាបានជួសជុលយ៉ាងឆាប់រហ័សនូវកន្លែងចម្រាញ់ប្រេងសំខាន់ៗមួយចំនួនដែលត្រូវបានវាយប្រហារដោយអ៊ុយក្រែន ដោយហេតុនេះកាត់បន្ថយសមត្ថភាពដែលរងផលប៉ះពាល់មកត្រឹមប្រហែល ១០%ទៅ១៤% នៅចុងខែមីនានេះ៕ពុតសាម៉ាត់


Powered by Blogger.