រាជរដ្ឋាភិបាល បានដាក់ដេញថ្លៃមូលបត្ររដ្ឋលើកទី ២ តម្លៃ ២០០ប៊ីលានរៀល

រដ្ឋាភិបាល បានដាក់ដេញថ្លៃមូលបត្ររដ្ឋលើកទី ២ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២១ខែកញ្ញា ឆ្នាំ ២០២២នេះ ដែលមានទំហំទឹកប្រាក់បោះផ្សាយចំនួន ២០០ប៊ីលានរៀល ឬជិត ៥០លានដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តីជូនដំណឹងមានរបស់ធនាគារជាតិនៃកម្ពុជា ដែលជាភ្នាក់ងារសម្របសម្រួលការលក់មូលបត្ររដ្ឋនេះ។


មូលបត្ររដ្ឋដែលបោះផ្សាយលក់លើកទីពីរនេះ ក្នុងមួយបណ្ណមានតម្លៃ ១លានរៀល ដោយការគិតការប្រាក់រៀងរាល់ ៦ខែម្តង ក្នុងអត្រាគូប៉ុង ២,៤៤% ថេរ។ ចំពោះមូលបត្រនេះ ជា ប្រភេទប្រតិទាន ៣ឆ្នាំ។

សូមជម្រាបថា កាលពីថ្ងៃទី ៧ខែកញ្ញា ឆ្នាំ ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដុ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូង ក្នុងទំហំទឹកប្រាក់ ១០០ប៊ីលានរៀល ដោយការគិតការប្រាក់រៀងរាល់ ៦ខែម្តង ក្នុងអត្រាគូប៉ុង ២% ថេរ និងជាប្រភេទប្រតិទាន ១ឆ្នាំ។


យោងតាមសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈធនាគារជាតិនៃកម្ពុជា ជាអណត្តិគាហក នឹងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋ ជាលើកដំបូងក្នុងទំហំ ១.២១៩ប៊ីលានរៀល ឬប្រមាណ ៣០០លានដុល្លារ ចាប់ពីខែកញ្ញា ឆ្នាំ២០២២តទៅ។

ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានលើកឡើងថា ការចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋនេះ ក្នុងគោលដៅពង្រឹងការគ្រប់គ្រងតម្រូវការសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជាពិសេសឆ្លើយតបនឹងតម្រូវការហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរួមទាំងគាំទ្រគម្រោងអាទិភាព និងចាំបាច់ផ្សេងៗរបស់រដ្ឋាភិបាល។

តាមការអះអាងពីមន្ត្រីជំនាញជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ទោះបីជាពេលនេះកម្ពុជា នៅតែអាចមានលទ្ធភាពខ្ចីប្រភពទុនពីដៃគូអភិវឌ្ឍន៍ និងបណ្តាប្រទេសជាមិត្តផ្សេងៗបាន ជាមួយអត្រាការប្រាក់ទាបជាង និងក្នុងរយៈពេលវែង បើធៀបនឹងអត្រាការប្រាក់នៃការបោះផ្សាយមូលបត្ររដ្ឋក៏ដោយ ប៉ុន្តែវាជាការបោះជំហានមួយរបស់កម្ពុជា ដើម្បីឆ្ពោះទៅពង្រឹងឯករាជ្យភាពហិរញ្ញវត្ថុនាពេលអនាគត។

មន្ត្រីជំនាញដដែលនេះ បានគូសបញ្ជាក់អំពីអត្ថប្រយោជន៍នៃការបោះផ្សាយលក់មូលបត្ររដ្ឋមានដូចជា៖ ១. ប្រភពទុនមានស្ថិរភាព ២. គ្មានហានិភ័យរូបិយវត្ថុ (មូលបត្រជារូបិយណ្ណជាតិ) ៣. បំពេញបន្ថែមលើហិរញ្ញវត្ថុ (កាត់បន្ថយលំហូរមូលធន) ៤. មិនទទួលរងសម្ពាធ ឬលក្ខ ខណ្ឌពីបរទេស ៥. ដៃគូអភិវឌ្ឍន៍ និងបណ្តាប្រទេសជាមិត្ត នឹងកាត់បន្ថយការផ្តល់ហិរញ្ញប្បទាន នៅពេលសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើន៕

Powered by Blogger.