ព្រឹត្តិការណ៍ Autumnal Equinox ឬសមរាត្រី នឹងឈានមកដល់នៅថ្ងៃស្អែកទៀតហើយ
លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវបណ្តុះបណ្តាល និងផ្សព្វផ្សាយ បានឱ្យដឹងថា នាវេលាម៉ោង៦កន្លះព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២នេះ ព្រះអាទិត្យនឹងរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត គឺជាវេលាពេលថ្ងៃ និងរយៈពេលយប់មានស្មើគ្នា។
នេះជាព្រឹត្តិការណ៍ដ៏កម្រតែងតែកើតឡើង២ដងតែប៉ុណ្ណោះក្នុងមួយឆ្នាំ នៅក្នុងខែកញ្ញា និងខែមីនា។ ប៉ុន្តែសម្រាប់ឆ្នាំនេះ អាកាសធាតុមិនអំណោយផលក្នុងសប្តាហ៍នេះ ប្រហែលជាយើងមិនអាចបានឃើញព្រឹត្តិការណ៍នេះដូចរាល់ឆ្នាំនោះទេ។ លោកបន្តថា លើសពីនេះទៅ ទៀត ព្រឹត្តិការណ៍សមរាត្រីនាខែកញ្ញានេះ ត្រូវចំវេលាដែលខ្មែរកំពុងបោះបាយបិណ្ឌ ហើយគាប់ជួននឹងសេចក្តីមានចែងក្នុងសិលាចារឹកថ្នល់បារាយណ៍ K279 នាចុងសតវត្សរ៍ទី៩ បានអនុញ្ញាតឲ្យបោះបាយបិណ្ឌនៅថ្ងៃសមរាត្រីផងដែរ។
ព្រឹត្តិការណ៍ពិសេស ថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត សម្រាប់ឆ្នាំ ២០២២ នេះ នឹងកើតមានចំនួន២ដង ក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង ហើយ នឹងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះម្តងទៀត៕
Post a Comment