ចិន៖សហរដ្ឋអាមេរិកបានផ្តួចផ្តើមគំនិតដើម្បីស្នើសុំការចរចាពន្ធ
ប្រទេសចិនបាននិយាយថាខ្លួនកំពុងវាយតម្លៃសំណើសម្រាប់កិច្ចពិភាក្សាពន្ធដារដែលផ្តួចផ្តើមដោយសហរដ្ឋអាមេរិក។ប៉ុន្តែបានសង្កត់ធ្ងន់ថាទីក្រុងវ៉ាស៊ីនតោនចាំបាច់ត្រូវបង្ហាញភាពស្មោះត្រង់និងកែប្រែវិធានការឯកតោភាគីរបស់ខ្លួន។ប្រសិនបើខ្លួនចង់បន្តការសន្ទនាឡើងវិញ។
យោងតាមទីភ្នាក់ងារសារព័ត៌មានAFPនៅថ្ងៃទី២ខែឧសភាប្រទេសចិនបាននិយាយថា ខ្លួនកំពុង"វាយតម្លៃនាពេលថ្មីៗនេះ"នូវសំណើសម្រាប់ការចរចាពន្ធគយពីសហរដ្ឋអាមេរិកហើយបានលាតត្រដាងថាទីក្រុងវ៉ាស៊ីនតោនបាន "ស្វែងរកយ៉ាងសកម្ម"នូវកិច្ចសន្ទនានេះ។អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបាននិយាយថា"ថ្មីៗនេះសហរដ្ឋអាមេរិកបានទំនាក់ទំនងយ៉ាងសកម្មតាមរយៈភាគីពាក់ព័ន្ធដើម្បីជូនដំណឹងដល់ពួកគេថាខ្លួនមានឆន្ទៈក្នុងការចរចាជាមួយប្រទេសចិន" ។យ៉ាងណាមិញ រដ្ឋាភិបាលក្រុងប៉េកាំងនៅមិនទាន់ធ្វើការសម្រេចចិត្តចុងក្រោយថាត្រូវចូលរួមក្នុងកិច្ចសន្ទនានេះឬក៏អត់។ចិនក៏បាននិយាយថា អាមេរិកត្រូវបង្ហាញភាពស្មោះត្រង់ក្នុងការចរចាណាមួយជាមួយប្រទេសនេះ។ក្រសួងពាណិជ្ជកម្មបាននិយាយថា "ប្រទេសចិនជឿថាប្រសិនបើសហរដ្ឋអាមេរិកចង់ចរចា ចាំបាច់ត្រូវបង្ហាញភាពស្មោះត្រង់ត្រៀមខ្លួនដើម្បីកែកំហុសរបស់ខ្លួន លុបចោលពន្ធឯកតោភាគីនិងចាត់វិធានការជាក់ស្តែង"។សេចក្តីថ្លែងការណ៍បាននិយាយថា"នៅក្នុងការសន្ទនាឬការចរចាណាមួយ ប្រសិនបើភាគីអាមេរិកមិនធ្វើវិសោធនកម្មវិធានការពន្ធឯកតោភាគីខុសនោះ វាមានន័យថាសហរដ្ឋអាមេរិកខ្វះភាពស្មោះត្រង់ទាំងស្រុង ហើយនឹងធ្វើឱ្យខូចដល់ទំនុកចិត្តរវាងភាគីទាំងពីរបន្ថែមទៀត"។
| កន្លងមកលោក Trump បានបញ្ជាក់ម្តងហើយម្តងទៀតថា ចិនបានទាក់ទងលោកជាមុនដើម្បីចរចារពន្ធប៉ុន្តែក្រុងប៉េកាំងបានបដិសេធយ៉ាងដាច់អហង្កា។រូបថត៖ REUTERS |
សង្រ្គាមពាណិជ្ជកម្មរវាងអាមេរិកនិងចិនបានកើនឡើងចាប់តាំងពីខែមេសា នៅពេលដែលសហរដ្ឋអាមេរិកបានដាក់ពន្ធ១៤៥%លើផលិតផលចិនជាច្រើនដើម្បីឆ្លើយតបទៅនឹងអ្វីដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកថាការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌។ជាការឆ្លើយតប ចិនក៏បានដាក់ពន្ធ១២៥% លើទំនិញដែលនាំចូលពីទីក្រុងវ៉ាស៊ីនតោនផងដែរ។កន្លងមក លោកប្រធានាធិបតី Trump បាននិយាយម្តងហើយម្តងទៀតថា ទីក្រុងប៉េកាំងបានស្នើយ៉ាងសកម្មក្នុងការចរចាលើពន្ធគយ។ ថ្មីៗបំផុតនៅថ្ងៃទី៣០ខែមេសា លោក Trump បានបន្តបញ្ជាក់ថាមាន "ឱកាសល្អណាស់ដែលយើងនឹងឈានដល់កិច្ចព្រមព្រៀងមួយ" ។ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចិនបានបដិសេធម្តងហើយម្តងទៀត និងយ៉ាងដាច់អហង្ការនូវរបាយការណ៍នៃការចរចាដែលកំពុងបន្ត ខណៈពេលដែលទាមទារឱ្យសហរដ្ឋអាមេរិកចូលរួមក្នុងការសន្ទនាក្នុងលក្ខណៈ"យុត្តិធម៌ការគោរពនិងទៅវិញទៅមក"។ប្រទេសចិនក៏បាននិយាយផងដែរថាខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តសង្រ្គាមពាណិជ្ជកម្មដល់ទីបញ្ចប់ប្រសិនបើចាំបាច់ជាមួយនឹងវីដេអូមួយដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយក្រសួងការបរទេសចិនក្នុងសប្តាហ៍នេះ ដោយសន្យាថា"កុំលុតជង្គង់!"៕ពុតសាម៉ាត់
Post a Comment