សាលាឧទ្ធរ​ណ៍គ្រោងបន្តសវនាការសំណុំ​រឿងអតីតប្រមុខបក្សប្រឆាំ​ងឡើងវិញ

អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញបានបញ្ជាក់RFIឲ្យដឹងនៅថ្ងៃពុធទី៧ ខែឧសភាឆ្នាំ២០២៥នេះថាសាលាឧទ្ធរណ៍ភ្នំពេញគ្រោងបន្តកម្មវិធីសវនាការរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ឡើងវិញនៅពេលខាងមុខតែមិនទាន់អាចបញ្ជាក់កាលបរិច្ឆេទជាក់លាក់បាននៅឡើយទេ។

អតីតប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ។AFP
តាមរយៈសារឆ្លើយឆ្លងក្នុងប្រព័ន្ធទំនាក់ទំនងតេឡេក្រាមអ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញលោកឃុនលាងម៉េងបានលើកឡើងយ៉ាងដូច្នេះថា«តាមក្រុមប្រឹក្សាគឺគ្រោងដាក់កម្មវិធីបន្តហើយ ដោយសារតែមួយរយៈនេះតំណាងមហាអយ្យការមមាញឹកការងារចុះអធិការកិច្ចនិងបញ្ហាត្រួតពនិត្យមួយចំនួន»។តែនៅពេលសួរបន្ថែមអំពីកាលបរិច្ឆទនៃការបន្តសវនាការនេះលោកឃុនលាងម៉េងមិនបានផ្តល់ការអត្ថាធិប្បាយអ្វីបន្ថែមទៀតឡើយ។ ចំណែកមេធាវីការពារក្តីលោក កឹម សុខា លោកស្រី ម៉េង សុភារី ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃពុធ ទី៧ ឧសភានេះថាសហមេធាវីបានស្នើឲ្យសាលាឧទ្ធរណ៍ភ្នំពេញបន្តសវនាការរបស់កូនក្តីលោកស្រីចំនួន ២លើករួចមកហើយគឺនៅក្នុងខែតុលា និងខែធ្នូ ឆ្នាំ២០២៤។តែជិតកន្លះឆ្នាំទៅហើយដែលកាលបរិច្ឆេទជាក់លាក់មួយសម្រាប់បន្តសវនាការនៅមិនទាន់ត្រូវបានកំណត់នៅឡើយ។លោកស្រី ម៉េង សុភារីកត់សម្គាល់បន្ថែមថា ការពន្យារពេលជាច្រើនខែយ៉ាងដូចនេះ គឺជាការបំពានសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌សម្រាប់កូនក្តីរបស់លោកស្រីនិងថាភាពអយុត្តិធម៌បានកើតឡើងរួចហើយចំពោះកូនក្តី បើការពន្យារពេលសវនាការនៅអូសបន្លាយពេលយូរបែបនេះ ។ សូមជម្រាបថាលោកកឹមសុខាត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសកាលពីខែកុម្ភៈ ឆ្នាំ ២០២៣ ដោយឃុំខ្លួននៅក្នុងផ្ទះរយៈពេល ២៧ ឆ្នាំពីបទសន្ទិដ្ឋិភាពជាមួយបរទេសឬឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេសដែលស្មើនឹងអំពើក្បត់ជាតិ។ សិទ្ធិធ្វើនយោបាយទាំងអស់របស់អតីតមេបក្សជំទាស់រូបនេះក៏ត្រូវបានដកហូតហើយលោកក៏មិនអាចជួបជនបរទេសបានដែរបើគ្មានការអនុញ្ញាតពីតុលាការ។តែលោកកឹមសុខាបានប្តឹងប្រឆាំងសាលក្រមនេះទៅសាលាឧទ្ធរណ៍។គួររំលឹកថា គិតចាប់តាំងពីឆ្នាំ២០២៤ មក សាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការលើបណ្តឹងប្រឆាំងនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញរបស់លោកកឹមសុខាចំនួនជាង១០លើករួចមកហើយ។ តែនៅពេលដល់ដំណាក់កាលចេញសេចក្តីសន្និដ្ឋាន សវនាការក៏ត្រូវបានលើកពេល១លើកជា២លើក ក្រោមហេតុផលថា មហាអយ្យការមានភាពចាំបាច់ក្នុងយុទ្ធនាការជំរុញនិងដោះស្រាយសំណុំរឿងក្តីទូទៅផ្សេងទៀត៕RFI

Powered by Blogger.