រាជរដ្ឋាភិបាលនឹងប​ង្កើតមន្ទីរពេទ្យតំបន់ចំនួន​២នៅខេត្តកំពង់​ចាមនិងសៀមរាបដើម្បីសម្រួល​ការផ្ដល់សេវាសុខភាពជូ​នប្រជាពលរដ្ឋ

ដើម្បីសម្រួលការផ្ដល់សេវាសុខភាពជូនពលរដ្ឋសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថារាជរដ្ឋាភិបាលនឹងបង្កើតមន្ទីរពេទ្យតំបន់ចំនួន២នៅខេត្តកំពង់ចាមនិងសៀមរាបដើម្បីសម្រួលការផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ។

ក្នុងឱកាសអញ្ជើញជាអធិបតីពិធី “ បិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលលើកទី៤៣ ”នារសៀលថ្ងៃអង្គារត្រូវនឹងថ្ងៃទី១៩ មីនា ២០២៤ សម្តេចធិបតី បានថ្លែងបញ្ជាក់ថាការបង្កើតមន្ទីរពេទ្យតំបន់ទាំង២នេះ រាជរដ្ឋាភិបាល បានសម្រេចរួចហើយដោយប្រើប្រាស់ថវិកា ឥណទានសម្បទាន ក្នុងការអភិវឌ្ឍមន្ទីរពេទ្យតំបន់សម្រាប់ជួយសម្រួល និងកាត់បន្ថយការ ចំណាយរបស់ពលរដ្ឋ។សម្តេចធិបតីបានឲ្យដឹងថានៅថ្ងៃទី១៤ ខែមីនា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងឥណទានសម្បទានជាមួយ JICA ដើម្បីរៀបចំគម្រោងអភិវឌ្ឍមន្ទីរពេទ្យតំបន់ ចំនួន២ ពោលគឺនៅខេត្តកំពង់ចាម និងនៅខេត្តសៀមរាប ដើម្បីកាត់បន្ថយ ការប្រើប្រាស់ពេលវេលារបស់ប្រជាពលរដ្ឋ។សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា«អ៊ីចឹងហើយបានជាអភិក្រមយើងក្រៅពីពង្រឹងពេទ្យថ្នាក់ជាតិ យើងពង្រឹងពេទ្យថ្នាក់កម្រិតក្រោមជាតិឥឡូវយើងចាប់ផ្តើមពីពេទ្យថ្នាក់តំបន់ថ្ងៃក្រោយនៅពេលដែលមានសមត្ថភាពនឹងពង្រឹងទៅតាមបណ្តាខេត្តផ្សេងៗគ្រប់២៥រាជធានី-ខេត្តតែម្តងកិច្ចការនេះធ្វើឡើងដើម្បីបិទគម្លាតរវាងខេត្តនិងរាជធានីតែម្តង»។សម្ដេចធិបតីបានបញ្ជាក់ថា»បើទោះមិនអាចម្តងធ្វើហើយទាំងអស់គ្រប់ទីកន្លែងក៏ដោយតែជាជំហានដែលទាមទារពេលវេលា។ ក្នុងនោះការពង្រឹងវិស័យសុខាភិបាលគឺធ្វើយ៉ាងណា ពីមួយអាណត្តិ ទៅមួយអាណត្តិកាន់តែមានសមត្ថភាពនៅក្នុងការព្យាបាលជំងឺប្រជាពលរដ្ឋនិងវិមជ្ឈការការទទួលខុសត្រូវនិងសមត្ថភាពរហូតទៅដល់មូលដ្ឋានតាមជំហាននេះជាអ្វីដែលយើងចង់បានហើយអ្វីដែលត្រូវធ្វើជូនប្រជាពលរដ្ឋ»។សម្តេចធិបតីនាយករដ្ឋមន្ត្រីលើកឡើងថាមិនមែនថាទាល់តែពេទ្យរដ្ឋត្រូវតែមានស្តង់ដារខ្ពស់ជាងពេទ្យឯកជនខ្ពស់ជាងពេទ្យអង្គការនោះទេគឺជីវិតមនុស្សត្រូវតែព្យាបាលឱ្យត្រូវហើយត្រូវតែមានការធានាខុសត្រូវ។សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថាទាំងពេទ្យរដ្ឋពេទ្យរាជធានីឬពេទ្យខេត្តឬពេទ្យឯកជនត្រូវតែមានជំនាញ។ដូច្នេះអ្វីដែលសំខាន់នោះគឺកក្តាធនធានមនុស្សត្រូវយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលជំនាញពេទ្យនេះ៕

Powered by Blogger.