ភ្នំពេញនិងខេត្តចំនួន២ទៀត រួមមានខេត្តបន្ទាយមានជ័យ និងខេត្តព្រះសីហនុ ត្រូវបានគេមើលឃើញថាទទួលបានការវិនិយោគលើសំណង់អគារខ្ពស់ៗច្រើនជាងគេ។ជាក់ស្ដែងតំបន់ទាំងបីនេះ មានចំនួនអគារខ្ពស់ៗច្រើនជាងគេក្នុងចំណោមបណ្ដាខេត្តនានាទូទាំងព្រះរាជាណាចក្រកម្ពុជា ។ បើតាមឯកឧត្តម ហង្ស សុតសំភារ អគ្គលេខាធិការនៃគណៈស្ថាបត្យករកម្ពុជា បានមានប្រសាសន៍ថា គម្រោងអគារខ្ពស់ៗគិតចាប់តាំងពីឆ្នាំ២០០០ មដកល់បច្ចុប្បន្ននេះ មានសរុបមានចំនួន ២ ៦០៩ អគារក្នុងនោះ នៅរាជធានីភ្នំពេញមានចំនួនច្រើនជាងគេ ដែលមានចំនួន ១ ៧១៨អគារ នៅខេត្តព្រះសីហនុមានចំនួនអគារ ៦៩៣អគារ នៅខេត្តបន្ទាយមានជ័យមានចំនួន ១៥៥អគារ និងនៅខេត្តផ្សេងទៀតមានចំនួន ៤៣ អគារ ហើយបើគិតចាប់តាំងពីឆ្នាំ២០០០មក សំណង់លំនៅឋានមានចំនួន ១៨ ៤៤០គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ៣៨,៨២ម៉ែត្រការ៉េ មានទុនវិនិយោគសរុបប្រមាណ ១៥,៤៤ពាន់លានដុល្លារអាមេរិក ។
 |
|
ទោះបីជាស្ថិតនៅក្នុងដំណាក់កាលកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចពិភពលោកក្ដី ក៏ភ្នំពេញ និងបណ្ដាខេត្តទាំងនោះ នៅតែទទួលបានការវិនិយោគលើគម្រោងអគារ និងសំណង់ជាបន្តបន្ទាប់ តែក៏មានសំណង់អគារមួយចំនួនក្នុងតំបន់ទាំងបីនោះត្រូវបានផ្អាកដំណើរការ ដោយសារតែបញ្ហាហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ផងដែរ។ក្រោយបញ្ចប់ការរាលដាលនៃជំងឺកូវីដ-១៩ សំណង់នៅកម្ពុជាជាពិសេសក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានចាប់ផ្ដើមមានដំណើរការឡើងវិញ ដោយម្ចាស់អគារដែលជាប់គាំងនោះបានចាប់ផ្ដើមដំណើរការសាងសង់អគារដែលបានជាប់គាំងទាំងនោះឡើងវិញជាបន្តបន្ទាប់ ។ ប៉ុន្តែសកម្មភាពនេះបើធៀបនឹងសកម្មភាពមុនវិបត្តិកូវីដ-១៩ នៅតែមានកម្រិតតិចតួចនៅឡើយ ។បើតាមអ្នកជំនាញនៃវិស័យអចលនទ្រព្យបានលើកឡើងថា ក្រៅពីរាជធានីភ្នំពេញ តំបន់នៃខេត្តព្រះសីហនុ និងខេត្តជាប់ព្រំដែន ដូចជាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺមានការទាក់ទាញលើការវិនិយោគច្រើន ហើយបច្ចុប្បន្ននេះ តំបន់ទាំងនេះក៏កំពុងមានសក្ដានុពលខ្លាំងបន្ថែមទៀត តាមរយៈផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវជាតិលេខ៥ និងគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញទៅកាន់ប៉ោយប៉ែតជាដើម។ក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនរបស់ចិន CRBC ក៏កំពុងសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែតផងដែរ ដូច្នេះប្រសិនជាផ្លូវនេះចេញជារូបរាងពេលណា វានឹងបង្ហាញសក្ដានុពលបន្ថែមទៀតទៅដល់វិនិយោគិនចូលទៅកាន់តំបន់ប៉ែកខាងជើងប្រទេស៕ ប្រភព៖ AMS/AKP
Post a Comment