លោកមីហ្គែល ឌីអាស-កាណែល ប៊ឺមូដេស (Miguel Díaz-Canel) ប្រធានាធិបតីនៃសាធារណរដ្ឋគុយបាបានអញ្ជើញឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំកំពូលប្រមុខរដ្ឋ/រដ្ឋាភិបាល នៃក្រុមប្រទេស G-77 បូកចិនស្ដីពីបញ្ហាប្រឈមនៃការអភិវឌ្ឍបច្ចុប្បន្ន នៅប្រទេសគុយបា នាខែកញ្ញាខាងមុខនេះ។
 |
|
តាមរយៈសារលិខិតរបស់លោកប្រធានាធិបតីគុយបា ដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជាទទួលបាននៅថ្ងៃនេះ លោកក៏បានសម្តែងនូវការអបអរសាទរជូនចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ផងដែរ។ ដែលត្រូវបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជូនពរឯកឧត្តមនាយករដ្ឋមន្ត្រីថ្មី នៃកម្ពុជា ទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចដ៏មានសារៈសំខាន់នេះ ជូនប្រជាជាតិកម្ពុជា។លោកប្រធានាធិបតី ក៏បានអះអាងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់គុយបាក្នុងការលើកកម្ពស់កិច្ចសន្ទនានយោបាយ ដើម្បីបន្តពង្រឹងទំនាក់ទំនងជាមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងរដ្ឋាភិបាលនិងប្រជាជនយើងទាំង២ហើយលោកសង្ឃឹមថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រី នឹងអញ្ជើញទៅប្រទេសគុយបាដើម្បីចូលរួមកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ។គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលប្រមុខរដ្ឋ/រដ្ឋាភិបាល នៃក្រុមប្រទេស G-77 បូកចិន ស្ដីពីបញ្ហាប្រឈមនៃការអភិវឌ្ឍបច្ចុប្បន្ន នឹងប្រព្រឹត្តទៅនាថ្ងៃទី១៥ និង១៦ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហាវ៉ាណា ក្រោមប្រធានបទ៖ “តួនាទីរបស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍”៕AKP
Post a Comment