នារីរកស៊ីម៉ាស្សា និងតាមក្លិបកម្សាន្តត្អូញរឿងលុយធីប
កូវីដ១៩ លែងជាឧបសគ្គ ឬជាការភ័យខ្លាចសម្រាប់អ្នកបម្រើសេវាកម្សាន្តមួយចំនួនទៀតនោះទេ។ពួកគេនិយាយថា មិនខ្លាចជំងឺនេះទេ នាពេលបច្ចុប្បន្ននេះអ្វីដែលពួកគេខ្លាចបំផុត គឺការគ្មានថវិកាផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ដ្បិតអីជាងពីរឆ្នាំកន្លងមកនេះ ពួកគេបានរងផលប៉ះពាល់ពីកូវីដ១៩យ៉ាងធ្ងន់ធ្ងរ។
ស៊ីណា វ័យ២២ឆ្នាំ ដែលជានារីម៉ាស្សាម្នាក់បាននិយាយថា បច្ចុប្បន្ននេះ រូបនាងមិនខ្វល់ពីការឆ្លងជំងឺកូវីដ១៩នោះទេ។នាងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយភ្ញៀវ ដោយមិនបារម្ភពីជំងឺកូវីដដែលឆ្លងតាមផ្លូវដង្ហើមនេះឡើយ។ប៉ុន្តែនារីម៉ាស្សារូបនេះត្អូញថា ការរកប្រាក់ចំណូល នាពេលបច្ចុប្បន្នបានតិច មិនដូចពេលមិនទាន់ផ្ទុះកូវីដ១៩នោះឡើយ។នារីម៉ាស្សាខាងលើនេះអះអាងថា អាជីវកម្មម៉ាស្សាបានដំណើរឡើងវិញសឹងធម្មតាវិញអស់ហើយ ប៉ុន្តែភ្ញៀវជាច្រើនបានត្អូញថា មិនសូវមានថវិកាទេ ដោយសារពួកគាត់រងផលប៉ះពាល់សេដ្ឋកិច្ចដោយសារកូវីដ១៩។
ស៊ីណាបញ្ជាក់ថា «បច្ចុប្បន្ននេះខ្ញុំក៏មិនខ្លាចកូវីដ១៩ ហើយភ្ញៀវក៏ពួកគាត់មិនខ្លាចដែរ។បើគាត់ខ្លាចពួកគាត់មិនមករកសេវាម៉ាស្សានោះទេ។ តែជាទូទៅពួកគាត់មិនសូវចាយលុយ ឬអោយធីបយើងច្រើននោះទេ ដោយសារគាត់មានបញ្ហាសេដ្ឋកិច្ចដែរ។កាលពីមុនជាទូទៅភ្ញៀវម្នាក់អាចឱ្យលុយធីបខ្ញុំពី១០ទៅ២០ដុល្លារ តែពេលនេះគាត់ឱ្យច្រើនត្រឹម៥ដុល្លារប៉ុណ្ណោះ»។
ម៉ាស្សាជារបរមួយដែលងាយនឹងឆ្លងជំងឺកូវីដ១៩ ដោយសារមនុស្សត្រូវនៅជិតគ្នា។នារីម៉ាស្សា និងភ្ញៀវដែលជិតគ្នាប៉ះពាល់គ្នាដែលអាចនឹងឆ្លងជំងឺកូវីដ១៩បានយ៉ាងងាយបំផុត ប្រសិនជានារីណាម្នាក់មានកូវីដ១៩នោះ។កាលពីពេលផ្ទុះជំងឺកូវីដ១៩ខ្លាំង មានការលើកឡើងថារបរម៉ាស្សាអាចនឹងស្លា.ប់ជារៀងរហូតដោយសារកូវីដ១៩និងមានការស្នើឱ្យអ្នករកស៊ីរបរម៉ាស្សាផ្លាស់ប្តូរការងារផងដែរ។
ស៊ីណានិយាយថា នៅពេលផ្ទុះជំងឺកូវីដ១៩ខ្លាំង ដែលអាជីវកម្មម៉ាស្សាបានបិទទ្វារនោះ នាងបានវិលទៅរស់នៅឯស្រុកកំណើតធ្វើស្រែ និងចិញ្ចឹមមាន់ជាមួយក្រុមគ្រួសារ។ «ពីរឆ្នាំមកនេះ ខ្ញុំមានផលលំបាកខ្លាំងដែរ ដោយសារត្រូវរងប្រាក់បង់តុងទីនផង និងផ្គត់ផ្គង់កូនរៀនផង។ នៅស្រុកស្រែយើងបានស៊ីអត់ស៊ីខ្លាច ហើយចិញ្ចឹមសត្វ និងដាំបន្លែគ្រាន់បានចំណូលខ្លះៗបង់តុងទីនឱ្យគេ»។
អ្នកប្រកបរបរសេវាកម្សាន្តនៅកម្ពុជាមានច្រើនម៉ឺននាក់ដែលបានធ្វើការនៅក្នុងហាង ខារ៉ាអូខេ ហាងម៉ាស្សា បៀរហ្គាឌិន ក្លិបកម្សាន្តជាដើម។កាលពីអំឡុងផ្ទុះកូវីដ១៩ខ្លាំង ហើយអាជ្ញាធរបានខ្ទប់តំបន់មួយចំនួននោះ នារីបម្រើសេវាកម្សាន្តមួយចំនួនបានចេញបាតុកម្មទាមទារមានការផ្តល់ជំនួយដល់ពួកគេពីរដ្ឋាភិបាលត្បិតអីពួកគេមិនត្រូវបាន រាប់បញ្ចូលក្នុងចំណោមវិស័យដែលទទួលបានការឧបត្ថម្ភពីរដ្ឋ ដូចអ្នកធ្វើការនៅក្នុងវិស័យកាត់ដេរ និងទេសចរណ៍ជាដើមនោះ។
ទំនងមិនមានតែស៊ីណាម្នាក់ទេ ដែលអះអាងថា អតិថជនរបស់ពួកគេឥឡូវមិនសូវហ៊ានចាយលុយដូចមុនកូវីដ១៩ផ្ទុះនោះ។កាលពីប៉ុន្មានថ្ងៃមុននេះមានករណីផ្អើលពេញបណ្តាញ សង្គមដោយសារនារីខារ៉ាអូខេម្នាក់បានបង្ហោះសារពីការដែលទទួលបានប្រាប់ធីបពីភ្ញៀវត្រឹម៥ដុល្លារ។នារីខារ៉ាអូខេរូបនោះបានបញ្ជាក់ថា ប្រាក់ធីប៥ដុល្លារនេះតិចណាស់ មិនគ្រប់ការចំណាយរបស់គាត់ក្នុងការតុបតែងខ្លួនម្តងនោះទេ។គេបានដឹងគ្រប់គ្នាថា កូវីដ១៩ បានបង្កឲ្យមានផលប៉ះពាល់ជាសកល។ពលរដ្ឋរហូតដល់រដ្ឋបានធ្លាក់សេដ្ឋកិច្ចបាត់ចំណូល ដែលគេអាចនឹងប្រើពេលច្រើនឆ្នាំទៀត ដើម្បីស្តារការខូចខាតដោយសារកូវីដ១៩នេះបាន។
លោក បូរា វ័យ៤២ឆ្នាំ ដែលចូលចិត្តទៅស្ទីម និងម៉ាស្សា នៅហាងម៉ាស្សាមួយកន្លែងនៅភ្នំពេញ និយាយថា ជាធម្មតាទេ ពេលរកលុយបានច្រើន យើងក៏ចាយច្រើន។ពេលរកលុយបានតិច យើងក៏បន្ថយការចាយវាយ។
លោកនិយាយថែមទៀតថា មិនមែនមានតែរូបលោកទេ ដែលបន្ថយការចំណាយចំពោះលុយធីប មិនថា សម្រាប់អ្នកម៉ាស្សា ឬក៏អ្នកបម្រើការងារនៅកន្លែងកម្សាន្តផ្សេងទៀត។មិត្តភក្តិរបស់លោកដែលចូលចិត្តទៅស្ទីម និងម៉ាស្សា ក៏បន្ថយការចំណាយទៅលើលុយធីប និងការមិនចាំបាច់ផ្សេងទៀតដែរ។នេះជាផលប៉ះពាល់តគ្នា។
ដូច្នេះទុក្ខសោករបស់ស្ត្រីធ្វើការនៅហាងម៉ាស្សា និងកន្លែងកម្សាន្តផ្សេងទៀតនឹងស៊ីពេលច្រើនឆ្នាំទៀតទើបអាចធូរស្បើយវិញបានដូចមុនកូវីដ១៩៕
Post a Comment