ឯកឧត្តម ស សុខា ផ្តាំផ្ញើ ៣ចំណុច ក្នុងពិធីបិទការប្រកួតកីឡាពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២២ ប្រចាំខេត្តបាត់ដំបង

ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីពិធីបិទការប្រកួតកីឡាពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២២ ប្រចាំខេត្តបាត់ដំបង នៅសាកលវិទ្យាល័យជាតិបាត់ដំបង ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម ស សុខា បានផ្ដាំផ្ញើ ៣ ចំណុច ទៅកាន់គណៈកម្មការរៀបចំការប្រកួត និងកីឡាករ កីឡាការិនី ដូចខាងក្រោម ៖
១. ចំពោះបងប្អូនកីឡាករ កីឡាការិនី ដែលទទួលបានជ័យលាភី សូមបន្តយកចិត្តទុកដាក់បង្កើនសិទ្ធផល "performance" ដើម្បីឈានជើងចូលការប្រកួតថ្នាក់ជាតិ និងអន្តរជាតិនានា ក៏ដូចជាអាចមានគុណវុឍ្ឍិគ្រប់គ្រាន់ ក្នុងការជ្រើសរើសប្រមូលផ្ដុំក្រុមជម្រើសជាតិ។
២. ចំពោះបងប្អូនកីឡាករ កីឡាការិនី ដែលមិនទទួលបានជ័យលាភី ក៏ទទួលបាននូវបទពិសោធន៍ និងការវាស់ស្ទង់សមត្ថភាពរបស់ខ្លួន តាមរយៈការប្រកួតនេះដែរ ហើយត្រូវខិតខំបន្តការហ្វឹកហាត់ និងលេងកីឡា ដើម្បីបង្កើនសមត្ថភាព ក៏ដូចជាលើកកម្ពស់សុខភាពបុគ្គល តាមរយៈសកម្មភាព អប់រំកាយ និងកីឡា។
៣. ចំពោះគណៈកម្មការបច្ចេកទេស ត្រូវបន្តរៀនសូត្រអំពីវិជ្ជាជីវៈនេះ និងតាមដានការកែប្រែនៃច្បាប់ ឬបទបញ្ជាថ្មី ដើម្បីតាមឲ្យទាន់ក្នុងការដឹកនាំ និងកាត់សេចក្តីប្រភេទកីឡារបស់ខ្លួន និងក៏អាចត្រូវបានជ្រើសរើសជាគណៈកម្មការថ្នាក់ជាតិ ក៏ដូចជាមន្ត្រីបច្ចេកទេសកម្រិតអន្តរជាតិផងដែរ ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២២ ប្រចាំខេត្តបាត់ដំបង នេះ រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២៕
Powered by Blogger.