ខេត្តកណ្តាល នឹងរៀបចំពិធីប្រណាំងទូក នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ នៅថ្ងៃទី២២-២៣ ខែតុលា
រដ្ឋបាលខេត្តកណ្តាល បានប្រកាសថា ក្នុងស្មារតីថែរក្សាទំនៀមទម្លាប់ប្រពៃណីដ៏ល្អ និងដើម្បីបង្កបរិយាកាសរីករាយជូនសាធារណជន ប្រជាពលរដ្ឋ បានកម្សាន្តសប្បាយរីករាយក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព រដ្ឋបាលខេត្តកណ្តាល បានសម្រេចរៀបចំពិធីប្រណាំងទូក នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេលចំនួន ០២ថ្ងៃ គឺនៅថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០២២។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាល បញ្ជាក់ថា ក្នុងរយៈពេល ២ថ្ងៃ នៃពិធីបុណ្យអុំទូកនេះ ក៏មានការប្រគំតន្ត្រីរបស់សមាគមសិល្បករខ្មែរ និងការដាក់តាំងពិព័រណ៍លក់ផលិតផលក្នុងស្រុកជាច្រើន ព្រមទាំងមានការបាញ់កាំជ្រួច នៅល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ផងដែរ។
សូមរម្លឹកថា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ ទី៩ ខែកញ្ញា ឆ្នាំ២០២២ នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាល បានសម្រេចផ្អាក មិនរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅថ្នាក់ជាតិ នាមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញឡើយ។ ប៉ុន្តែនៅតាមបណ្តាខេត្តរាជធានី អាចរៀបចំពិធីបុណ្យអុំទូក តាមលទ្ធភាពជាក់ស្តែង។
ក្នុងសេចក្តីប្រកាស រាជរដ្ឋាភិបាល មិនបានបញ្ជាក់ពីមូលហេតុ ដែលនាំដល់ការសម្រេចផ្អាកព្រះរាជពិធីបុណ្យអុំទូក នៅឆ្នាំនេះ ដែលត្រូវធ្វើនាថ្ងទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឡើយ។ ប៉ុន្តែតាមកម្មវិធីដែលបានគ្រោងទុក រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ត្រូវរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ៣ថ្ងៃ នៅថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២៕
Post a Comment