គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥ សម្រេចបាន ៥៨,៤៨%

ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេស និងមន្ត្រីជំនាញបច្ចេកទេស គម្រោងពាក់ព័ន្ធ នៅថ្ងៃទី១៩ ខែកញ្ញា បានជួបពិភាក្សាគ្នា ដើម្បីត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោងរៀបចំ ច្រកទ្វារអន្តរជាតិ ស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ។



កិច្ចប្រជុំនេះ មានការចូលរួមធ្វើបទបង្ហាញ ពីទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេសគម្រោង ស្តីពីវឌ្ឍនភាពនៃការអនុវត្តគម្រោងបញ្ហាប្រឈមមួយ ចំនួនទាក់ទងនឹងការនាំចូល សម្ភារៈ វត្ថុធាតុដើម បញ្ហាទាក់ទងនឹងកង្វះវិស្វករនៅការដ្ឋាន និងភ្លៀងធ្លាក់ច្រើន បង្កឧបសគ្គដល់ការអនុវត្តគម្រោង ជាដើម។
លោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយ គម្រោងរៀបចំច្រកទ្វារអន្តរជាតិ ស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូ ពីចម្ងាយនេះ។


អង្គប្រជុំ បានពិនិត្យ និងពិភាក្សាលម្អិតលើវឌ្ឍនភាពការងារ ការនាំចូលសម្ភារៈវត្ថុធាតុ ដើម ការបែងចែកកម្លាំងពលកម្ម- កម្មករជំនាញ តាមអគារនីមួយៗ និងបញ្ហាប្រឈម នានា ព្រមទាំងបានស្នើ ឱ្យទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេស រៀបចំផែនការលម្អិត លើការងារនាំចូលសម្ភារៈវត្ថុធាតុដើម និងការសាងសង់ ដើម្បីតាមដាន ត្រួតពិនិត្យ និងជំរុញឱ្យក្រុមហ៊ុន CM Grand Development និងTan Kim Eng អនុវត្តគម្រោងឱ្យសម្រេចតាមផែនការ ដែលបានសន្យា។


សូមជម្រាបជូនថា យោងតាមរបាយការណ៍របស់អង្គភាពគ្រប់គ្រងគម្រោង គិតត្រឹមថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២២ នេះ គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ មកផ្លូវជាតិលេ៥ សម្រេចបានចំនួន ៥៨,៤៨% ហើយ៕



Powered by Blogger.