គណៈប្រ​តិភូរុស្ស៊ីនិងអាមេរិកនឹងជួបពិ​ភាក្សាគ្នា​នៅទីក្រុងម៉ូស្គូ

ព្រឹត្តិការណ៍៖កិច្ចពិភាក្សារុស្ស៊ី-អាមេរិក

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិកលោក Alexander Darchiev បាននិយាយថាគណៈប្រតិភូមកពីប្រទេសរបស់លោកនិងសហរដ្ឋអាមេរិកនឹងធ្វើការចរចានៅទីក្រុងម៉ូស្គូនាពេលខាងមុខ។

ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សម្តីឯកអគ្គរដ្ឋទូត Darchiev ដែលបាននិយាយកាលពីថ្ងៃទី១០ខែមិថុនាថា"ខ្ញុំអាចបញ្ជាក់បានថាការចរចាបន្ទាប់រវាងគណៈប្រតិភូនៃប្រទេសទាំងពីរនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះនៅទីក្រុងម៉ូស្គូ"។យោងតាមលោកDarchievក្នុងអំឡុងពេលនៃការចរចានៅទីក្រុងអ៊ីស្តង់ប៊ុលតួគគីកាលពីថ្ងៃទី១០ខែមេសា តំណាងរុស្ស៊ី និងសហរដ្ឋអាមេរិកបានយល់ព្រមផ្លាស់ប្តូរទីកន្លែងសម្រាប់ការពិគ្រោះយោបល់នាពេលអនាគតទៅកាន់រដ្ឋធានីនៃប្រទេសទាំងពីរ។កន្លងមក ក្រសួងការបរទេសសហរដ្ឋអាមេរិកបានពណ៌នាកិច្ចចរចាបិទទ្វារដែលមានរយៈពេលប្រហែល៦ម៉ោងកាលពីថ្ងៃទី១០ ខែមេសា ក្នុងទីក្រុងអ៊ីស្តង់ប៊ុលថាជា "ការស្ថាបនា"។ ការ​ពិគ្រោះ​យោបល់​បាន​ផ្តោត​លើ​ការ​ធានា​នូវ​ស្ថិរភាព​សេវា​ធនាគារ​សម្រាប់​បេសកកម្ម​ការទូត។គណៈប្រតិភូ​ទាំងពីរ​ក៏បាន​ផ្លាស់ប្តូរ​កំណត់ចំណាំ​លើ​បញ្ហា​នេះ ហើយ​បាន​យល់ព្រម​បន្ត​ការពិភាក្សា​។

រុស្ស៊ី​និង​អាមេរិក​គ្រោង​នឹង​ជួប​ចរចា​គ្នា​នៅ​ក្រុង​ម៉ូស្គូ។ រូបថត៖ ស្ថានទូតអាមេរិកប្រចាំប្រទេសរុស្ស៊ី
យោងតាមលោក Darchiev រុស្ស៊ីកំពុងឆ្ពោះទៅរកគំរូនៃ "ការរួមរស់ដោយគ្មានការប្រឈមមុខដាក់គ្នា"ជាមួយសហរដ្ឋអាមេរិក ហើយបានបញ្ជាក់ថាភាគីទាំងពីរបានផ្តួចផ្តើមការចរចាលើការប្រគល់ទ្រព្យសម្បត្តិការទូតរុស្ស៊ីដែលរឹបអូសមកវិញ។ថ្មីៗនេះរុស្ស៊ីនិងអាមេរិកបានធ្វើការសន្ទនាគ្នាជាច្រើន ដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន និងបន្តទំនាក់ទំនងទ្វេភាគីរវាងទីក្រុងម៉ូស្គូនិងវ៉ាស៊ីនតោន។ជាលើកដំបូងដែលរុស្ស៊ីនិងអាមេរិកបាននិយាយគ្នាចាប់តាំងពីទីក្រុងម៉ូស្គូបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនគឺនៅថ្ងៃទី១៨ខែកុម្ភៈនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ ភាគីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ដែលជាជំនួបដ៏មានសក្តានុពលរវាងប្រធានាធិបតីទាំងពីរ និងការបញ្ចប់អរិភាពនៅអ៊ុយក្រែន។បន្ទាប់មកភាគីទាំងពីរបានពិភាក្សាគ្នានៅទីក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃទី២៧ខែកុម្ភៈ។ នៅថ្ងៃទី២៤ខែមីនាគណៈប្រតិភូរុស្ស៊ីនិងអាមេរិកបានបើកកិច្ចប្រជុំបិទទ្វារដែលមានរយៈពេល១២ម៉ោងនៅទីក្រុងរីយ៉ាដ។ កិច្ចពិភាក្សាបានផ្តោតលើបទឈប់បាញ់ដែលអាចកើតមាននៅក្នុងសមុទ្រខ្មៅ និងទប់ស្កាត់ការកើនឡើងនៃយោធាបន្ថែមទៀត៕ពុតសាម៉ាត់


Powered by Blogger.