សម្ដេចតេជោ​អំពាវនាវដល់ពល​ករខ្មែរឱ្យវិលត្រឡប់មកមាតុភូមិវិញមុនពេលអាជ្ញាធរ​ថៃប្រមាថ

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានអំពាវ នាវដល់ពលករខ្មែរឱ្យវិលត្រឡប់មក​មាតុភូមិវិញមុន​ពេលអាជ្ញាធរថៃបណ្តេញ​ចេញនិងការប្រមាថ។នេះបើតាមបណ្ដាញសង្គមហ្វេសប៊ុកសម្ដេចតេជោនៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរដូច្នេះថា បងប្អូនខ្លះបានចោទ​សួរថា​មានបងប្អូននៅថៃ៣០ឆ្នាំហើយចង់​មករស់នៅ​មើលម្តាយដែលមានអាយុ៨០ឆ្នាំតែគាត់ពុំ​មានឯកសារ។ខ្ញុំអាច​ឆ្លើយបានថា អ្នកណាក៏ដោយ​ឱ្យតែ​ជាខ្មែរទោះមានឬគ្មានឯកសាររាជរដ្ឋាភិបាល ទទួលយកបាន​ទាំង​អស់​ដោយគ្មានការរើសអើង។សូមបងប្អូនពលករវិលត្រឡប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញនិងការប្រមាថ។ សម្ដេចតេជោបានគូស រំលេចថា"ខ្ញុំនិយាយបែបនេះព្រោះខ្ញុំយល់ច្បាស់ថាជម្លោះព្រំដែនកម្ពុជា -ថៃ នឹងអូសបន្លាយពេល​យូរពិសេស នៅពេល កម្ពុជាដាក់ពាក្យ ប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)ពេលនោះពួក​ជ្រុលនិយម ថៃ​និងយោធាថៃមួយចំនួននឹងរករឿងធ្វើបាបបងប្អូន។នេះជារឿងពិត ដែលបាននិង​កំពុងកើតឡើង​និងត្រូវតែកើត​ឡើងដោយចៀសមិនរួច។សូមជម្រាបថា នៅថ្ងៃទី១៤ ខែមិថុនានេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា បាន​ដាក់ចេញនូវវិធានការ និង​ការ ណែនាំសំខាន់ៗមួយចំនួន ក្នុងនេះ ក្រសួងការងារនិង​បណ្ដុះបណ្ដាល វិជ្ជាជីវៈ ត្រៀមជួយ​ស្វែងរក​ការងារក្នុងប្រទេស​ជូន​បងប្អូនដែលត្រលប់ មកវិញ ដោយបច្ចុប្បន្ននៅក្នុងប្រទេស​យើងនៅខ្វះកម្លាំងពលកម្ម​ជាមធ្យម​ជាង ៧ម៉ឺននាក់។ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈ ក្នុងការជួយអន្តរាគមន៍ ដល់បងប្អូនពលករ​ខ្មែរដែលត្រូវត្រឡប់ មកវិញក្នុងការសម្រួលជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍ សេដ្ឋកិច្ចនិង​សង្គមកិច្ចមួយ​ចំនួន។សម្ដេចធិបតី ក៏បានអំពាវនាវឱ្យសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាព​ក្នុងការជួយសម្រាល​បន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមាន​ជាប់​ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈពេលកំណត់ណា​មួយដែល​អាចធ្វើទៅបាន។ សម្ដេចតេជោ ហ៊ុន សែន បានហៅវិធានការនេះថា ជាវិធានការគ្រប់​ជ្រុង​ជ្រោយ​ដែលជួយសម្រួលដល់បងប្អូនដែលវិលត្រឡប់​មក​ស្រុក​កំណើតវិញដើម្បីរកការងារធ្វើឬបង្កើតមុខរបរថ្មី៕SHS/AKP

Powered by Blogger.