សម្តេចតេជោ​ហ៊ុនសែនអំ​ពាវដល់បងប្អូនជនរួមជាតិកុំធ្វើអំ​ពើជ្រុលនិយមបាតុកម្មប្រឆាំងស្ថា​នទូតក្រុមហ៊ុននិងជនជាតិ​ថៃនៅកម្ពុជា

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានអំពាវដល់បងប្អូនជនរួមជាតិកុំធ្វើអំពើជ្រុលនិយមដូចជាបាតុកម្មប្រឆាំងស្ថានទូតថៃក្រុមហ៊ុនថៃនិងជនជាតិថៃនៅកម្ពុជានិងសូមកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ ចំពោះជនជាតិថៃដែលភាគច្រើនលើសលប់ជាមនុស្សល្អ។

សម្តេចតេជោបានលើកឡើងថាមានតែក្រុមជ្រុលនិយមនិងយោធាមួយចំនួនប៉ុណ្ណោះដែលបង្ករឿងជាមួយកម្ពុជាព្រោះជាទម្លាប់រដ្ឋាភិបាលថៃមិនអាចគ្រប់គ្រងកងទ័ពបានដូចប្រទេសយើងនោះទេ»។ក្នុងសារនោះសម្តេចតេជោ ប្រធានព្រឹទ្ធសភា បានផ្តល់ជាគោលការណ៍ដល់កម្ពុជា ចំនួន៦ចំណុច ក្នុងករណីដែលភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី៖ ១.ប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថា ឈប់ប្រើទំនិញថៃជំនួសដោយការប្រើទំនិញក្នុងស្រុកនិងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ។២.ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃ ដោយខិតខំរកទីផ្សាជូនប្រជាជនទាំងក្នុងស្រុក និងក្រៅស្រុក។

៣.បង្វែរអ្នកជម្ងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេងវិញ។៤.ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែល និងវិលត្រឡប់ពីប្រទេសថៃ។ កម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម និងសំណង់រាប់សិបម៉ឺនកន្លែង។បងប្អូនពលករអាចចាកចេញមកកម្ពុជាមុនថៃបណ្តេញចេញ ដែលពេលនេះកំពុងទទួលការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន។៥.កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀម២៤ម៉ោងលើ២៤ម៉ោងដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពាន។៦.បណ្តាខេត្តនៅជិតព្រំដែនត្រូវត្រៀមជម្លៀសប្រជាជនចេញមកកាន់តំបន់មានសុវត្តិភាពនិងដោះស្រាយស្បៀងអាហារថ្នាំពេទ្យនិងសំភារៈចាំបាច់ផ្សេងទៀត។សម្តេចតេជោបានសង្កត់ធ្ងន់ថាបើថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឲ្យវិលមករកភាពប្រក្រតីវិញយើងគ្មានជម្រើសក្រៅពីធ្វើការទាំងអស់នេះទេ៕ប្រភពSHS/AKP
Powered by Blogger.