សមាជិករដ្ឋសភាជប៉ុន៖ក្រុមហ៊ុនជប៉ុនជាច្រើនបន្ថែមទៀតចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា
នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម NISHIMURA Yasutoshi សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមសមាជិករដ្ឋសភាជប៉ុន បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកបំពេញទស្សនកិច្ចជាថ្មីម្ដងទៀតនៅកម្ពុជា និងបានវាយតម្លៃខ្ពស់អំពីវឌ្ឍនភាពនៃការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា នាគ្រប់ឱកាសដែលឯកឧត្តមមកទស្សនកិច្ចកម្ពុជា។ ឯកឧត្តមក៏បានបង្ហាញនូវការពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនងជប៉ុន-កម្ពុជា ដែលកាន់តែមានភាពរីកចម្រើន និងសកម្មបន្ថែមទៀតផងដែរ។ ឯកឧត្តមសមាជិករដ្ឋសភាក៏បានគូសរំលេចអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ លេីវិស័យការពារជាតិ និងសន្តិសុខ ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អក្នុងក្របខ័ណ្ឌកងកម្លាំងថែរក្សាសន្តិភាព (PKO) ក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងសកម្មភាពបោសសម្អាតមីន ព្រមទាំងការបណ្ដុះបណ្ដាលលើការបោសសម្អាតមីនមនុស្សធម៌។ ជាមួយគ្នានោះ, ឯកឧត្តមសមាជិករដ្ឋសភា ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា គឺជាប្រទេសប្រកបដោយសក្ដានុពល ជាពិសេស លេីផលិតផលកសិកម្ម ដែលអាចកែច្នៃសម្រាប់បម្រើដល់ការនាំចេញ និងកម្លាំងពលកម្មដែលខិតខំប្រឹងប្រែង និងមានជំនាញដ៏ប៉ិនប្រសប់ ក្នុងការផលិតផលិតផលនានាប្រកបដោយគុណភាព ដែលការណ៍នេះនឹងអាចប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលកណ្ដាលមួយរបស់អាស៊ាន។ ឯកឧត្តមសមាជិករដ្ឋសភា ក៏បានបន្ថែមថា សក្ដានុពលទាំងនេះបានទាក់ទាញក្រុមហ៊ុនជប៉ុនធំៗជាច្រើន មកធ្វើការវិនិយោគនៅកម្ពុជា ដូចជាក្រុមហ៊ុន Toyota, AEON, និង Minebea ជាដើម ខណៈពេលដែលមានក្រុមហ៊ុនជប៉ុនជាច្រើនបន្ថែមទៀត កំពុងចាប់អារម្មណ៍ក្នុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ឯកឧត្តមក៏បានបង្ហាញអំពីការប្ដេជ្ញាចិត្តក្នុងការកៀរគរ, ជំរុញ និងលើកទឹកចិត្តវិនិយោគិនជប៉ុនមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀតផងដែរ។
![]() |
![]() |


Post a Comment