សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នាព្រឹកថ្ងៃព្រហស្បត្តិ៍ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយ លោកKay Rala Xanana Gusmão នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅវិមានរដ្ឋាភិបាលទីម័រឡេស្តេ ទីក្រុងឌីលី។
លោកជា ធីរិទ្ធិ អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ថា នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី បានស្វាគមន៏ចំពោះវត្តមានសម្តេចតេជោ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ។ លោកនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីដឹងគុណចំពោះកម្ពុជា ដែលបានជ្រោមជ្រែងទីម័រឡេស្តេឱ្យក្លាយជាប្រទេសសង្កេតការណ៏អាស៊ាននៅឆ្នាំ២០២២ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងការជួយជ្រោមជ្រែងទីម័រឡេស្តេដើម្បីអាចមានឱកាសក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន នៅពេលខាងមុខ។
 |
|
ជាការឆ្លើយតបសម្តេចតេជោបានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រីទីម័រឡេស្តេ ចំពោះការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងរាក់ទាក់បំផុត ចំពោះសម្តេចតេជោ និងប្រតិភូ។ សម្តេចតេជោ បានរំលេចថា បដិសណ្ឋារកិច្ចនេះជាបដិសណ្ឋារកិច្ចមួយដែលបានបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងនៃប្រទេសទាំងពីរ។សម្តេចតេជោ បានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនង កម្ពុជា និងទីម័រឡេស្តេ ទោះបីជាទំនាក់ទំនង សេដ្ឋកិច្ច ពាណិជ្ជកម្ម នៅមានកម្រិតតិចតួចនៅឡើយ។ប៉ុន្តែទំនាក់ទំនងផ្នែកនយោបាយវិញ គឺភាគីទាំងពីរមានទំនាក់ទំនងយ៉ាងស្អិតរមួតទាំងក្របខណ្ឌនយោបាយអន្តរជាតិជាដើមដែលនេះបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំរបស់ប្រទេសទាំងពីរ។ សម្តេចតេជោ បានរំលេចពីចំណុចខ្លាំង និងចំណុចខ្សោយប្រទេសទាំងពីរផងដែរ ដែលសម្តេចតេជោ បញ្ជាក់ថា ទីម័រឡេស្តេមានចំណុចខ្លាំងខាងសន្តិសុខ ថាមពល ប៉ុន្តែខ្សោយខាងស្បៀង ចំណែកកម្ពុជាមានចំណុចខ្លាំង ខាងសន្តិសុខស្បៀង ប៉ុន្តែកម្ពុជាខ្សោយថាមពល។ ដូច្នេះរដ្ឋាភិបាលនៃប្រទេសទំាងពីរគួរតែពង្រីកនូវកិច្ចសហការ ដើម្បីបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ហើយសម្តេចតេជោ បានផ្តល់ជាគំនិតបន្ថែមថា ទីម័រឡេស្តេ គួរយកកម្ពុជា ធ្វើជាមជ្ឈមណ្ឌលផ្គត់ផ្គង់ស្បៀងអាហារនៅពេលខាងមុខ ហើយសម្តេចតេជោសង្ឃឹមថា រដ្ឋាភិបាលនៃប្រទេសទំាងពីរ អាចជួបគ្នា និងពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំកំពូលអាស៊ានខាងមុខនៅប្រទេសម៉ាឡេស៊ី។ក្រៅពីនោះសម្តេចតេជោបានកត់សម្គាល់ពីការពង្រីកបន្ថែមនូវវិស័យអប់រំ និងទេសចរណ៏រវាងប្រទេសទាំងពីរ។ សម្តេចតេជោ ក៏បញ្ជាក់ជូននាយករដ្ឋមន្ត្រីទីម័រដែរថាសម្តេចបានស្នើទៅរាជរដ្ឋាភិបាលកម្ពុជាឱ្យបន្ថែមចំនួនអាហារូបករណ៏ដល់និស្សិតទីម័រឡេស្តេ។នាយករដ្ឋមន្ត្រីទីម័រឡេស្តេបានបង្ហាញនូវការចាប់អារម្មណ៏ចំពោះគំនិតរបស់សម្តេចតេជោ ហើយភាគីទាំងពីរ នឹងជជែក ពិភាក្សាគ្នានៅពេលខាងមុខ។ នៅក្នុងឱកាសនោះ នាយករដ្ឋមន្ត្រីទីម័រឡេស្តេ បានរំលេចជាថ្មីម្តងទៀត នូវការអរគុណចំពោះការជួយជ្រោយជ្រែងរបស់កម្ពុជា ជាពិសេសតួអង្គ សម្តេចតេជោ។លោកនាយករដ្ឋមន្ត្រីរំលេចថាក្នុងស្ថានភាពនៃបញ្ហាពិភពលោកស្ថិតក្នុងស្ថានភាពមិនពិតប្រាកដបែបនេះវាកាន់តែមានសារៈសំខាន់ណាស់ ដែលទីម័រ ត្រូវតែចូលជាសមាជិកអាស៊ាន ដូច្នោះលោកសង្ឃឹមជឿជាក់ថា នៅពេលខាងមុខទីម័រឡេស្តេ នឹងអាចក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ានក្រោមការជួយជ្រោមជ្រែងរបស់សម្តេចតេជោតាំងពីសម្តេចនៅជានាយករដ្ឋមន្ត្រី។នៅក្នុងឱកាសនោះ សម្តេចតេជោ ក៏បានបង្ហាញនូវជំនឿមុតមាំដែរថា ប្រទេសនៅក្នុងអាស៊ាននឹងទទួលយកទីម័រឡេស្តេហើយទីម័រឡេស្តេអាចក្លាយជាសមាជិកអាស៊ានពេញសិទ្ធិ។សម្តេចបញ្ជាក់ថាស្ថានភាពទីម័រឡេស្តេនៅពេលបច្ចុប្បន្ននេះគឺសាកសមនឹងអាចចូលជាសមាជិកអាស៊ានពេញសិទ្ធិបានហើយ។ហើយកម្ពុជាគឺគាំទ្រយ៉ាងពេញទំហឹងតែម្តងចំពោះការបញ្ចូលទីម័រឡេស្តេជាសមាជិកអាស៊ានពេញសិទ្ធិ។ភាគីទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរគ្នាពីនយោបាយអន្តរជាតិ បញ្ហាសង្គ្រាមពាណិជ្ជកម្ម និងបញ្ហាតំបន់ បញ្ហាមីយ៉ាន់ម៉ានៅក្នុងជំនួបនេះផងដែរ៕ប្រភពSHS
Post a Comment