នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យលោកជំទាវ វៀងថុន ស៊ីផាន់ដន (Viengthong Siphandone) ប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅវិមានសន្តិភាព។
 |
|
ក្នុងឱកាសនៃជំនួប, លោកជំទាវ វៀងថុន ស៊ីផាន់ដន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យលោកជំទាវនិងគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកជំទាវបានជម្រាបជូនសម្តេចបវរធិបតីថា គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកជំទាវ និងគណៈប្រតិភូ មកកម្ពុជានាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងតុលាការកំពូលឡាវ-កម្ពុជា ដែលនឹងចូលរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងនិងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។លោកជំទាវក៏បានជម្រាបជូនសម្ដេចបវរធិបតីបន្ថែមថាតាមរយៈការចុះហត្ថលេខាលើអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យតុលាការ នាថ្ងៃស្អែក, ស្ថាប័នកំពូលទាំងពីរនឹងចែករំលែកបទពិសោធន៍ និងព័ត៌មាន រវាងគ្នា និងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែនរួមទាំងការជួញដូរមនុស្ស,ការជួញដូរគ្រឿងញៀនខុសច្បាប់,និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) ក៏ដូចជាការបន្តសហការគ្នានៅក្នុងវេទិកាអន្តរជាតិ។ជាការឆ្លើយតប,សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អនៃប្រទេសទាំងពីរ និងដែលបានឈានដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” កាលពីឆ្នាំ២០១៩។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា ចំណងមិត្តភាពល្អប្រសើររវាងប្រទេសទាំងពីរគឺជាមរតកដែលបានបន្សល់ទុកពីថ្នាក់ដឹកនាំជំនាន់មុនៗ ហើយរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានឹងបន្តពូនជ្រុំទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។សម្ដេចបវរធិបតីក៏បានគូសរំលេចពីវឌ្ឍនភាពដ៏ល្អនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ លើវិស័យជាច្រើន ជាពិសេស វិស័យការពារជាតិ, សន្តិសុខ, ថាមពល និងពាណិជ្ជកម្ម ជាដើម។ សម្តេចបវរធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងតុលាការកំពូលនៃប្រទេសទាំងពីរ និងបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការល្អរវាងតុលាការកំពូលទាំងពីរ នឹងចូលរួមចំណែកដល់ការអនុវត្តច្បាប់ ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំង និងទប់ស្កាត់បទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ការជួញដូរមនុស្ស និងគ្រឿងញៀនខុសច្បាប់។សម្ដេចបវរធិបតីក៏បានគាំទ្រនិងលើកទឹកចិត្តដល់ស្ថាប័នតុលាការនៃប្រទេសទាំងពីរបន្តពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត នៅគ្រប់កម្រិត៕ប្រភពSTPM
Post a Comment