កម្ពុជានៅព្រឹកថ្ងៃទី៥ ឧសភានេះបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០»។ ទិន្នន័យសុខាភិបាលបង្ហាញថាកម្ពុជាមានមនុស្សម្នាក់ស្លាប់ដោយជំងឺមហារីកនៅរៀងរាល់៤០នាទីម្តងឬប្រមាណ៣៨នាក់ក្នុងមួយថ្ងៃៗ។
 |
|
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតនិងរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកឈាងរ៉ាបានទទួលស្គាល់ថាមធ្យោបាយប្រយុទ្ធនឹងជំងឺមហារីកនៅកម្ពុជានៅមានកម្រិតនៅឡើយនិងថាជំងឺមហារីកនឹងឆក់យកជីវិតពលរដ្ឋខ្មែរក្នុងចំនួនមួយខ្ពស់ក្នុងរយៈពេល១៥ឆ្នាំខាងមុខ។ទិន្នន័យសុខាភិបាលថ្មីបង្ហាញថាជារៀងរាល់ឆ្នាំកម្ពុជាមានអ្នកកើតជំងឺមហារីកថ្មីប្រមាណ ២ម៉ឺនករណីនិងមានអ្នកស្លាប់ជិត១ម៉ឺន៤ពាន់នាក់។អត្រាអ្នកស្លាប់ដោយជំងឺមហារីកនេះគឺខ្ពស់ជាង៧០ភាគរយខណៈអត្រាជាមធ្យមនៅលើពិភពលោកគឺមានតែ៤៨ភាគរយ។ នៅរៀងរាល់៤០នាទីម្តង មានមនុស្សម្នាក់ស្លាប់ដោយជំងឺមហារីកកម្ពុជាពោលមានស្លាប់ប្រមាណ ៣៨នាក់ក្នុងមួយថ្ងៃៗ។ ដោយឡែកសម្រាប់កុមារវិញ កម្ពុជាអាចព្យាបាលជំងឺមហារីកជាសះស្បើយក្នុងអត្រាដ៏ទាបគឺត្រឹម ២០ភាគរយ ខណៈអត្រាព្យាបាលកុមារកើតជំងឺមហារីកឲ្យជាសះស្បើយនៅក្នុងពិភពលោកមានដល់ទៅ៨០ភាគរយ។នៅក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០» នាព្រឹកថ្ងៃទី៥ឧសភាលោកឈាងរ៉ារដ្ឋមន្ត្រីសុខាភិបាលកម្ពុជាបានទាញសញ្ញាអាសន្នថាបើស្ថានភាពនៃជំងឺមហារីកនៅកម្ពុជាស្ថិតនៅដដែលដូចសព្វថ្ងៃនេះ ជំងឺមហារីកនឹងឆក់យកជីវិតមនុស្សប្រមាណ ២១ម៉ឺននាក់ ទាំងក្មេង និងចាស់ក្នុងរយៈពេល ១៥ឆ្នាំខាងមុខ។ ចំនួននេះស្ទើរតែស្មើនឹងចំនួនប្រជាជនខេត្តស្ទឹងត្រែង ឬខេត្តកែប និងខេត្តប៉ៃលិនរួមបញ្ចូលគ្នាឬជិតស្មើនឹងចំនួនប្រជាជននៅក្រុងសៀមរាប។ស្ថានភាពអាក្រក់នៃជំងឺមហារីកនេះត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតទទួលស្គាល់ថាមធ្យោបាយប្រយុទ្ធនឹងជំងឺមហារីកនៅកម្ពុជានៅមានកម្រិតដែលចាំបាច់ត្រូវចាត់វិធានការជាបន្ទាន់។តាមសម្តេចហ៊ុន ម៉ាណែតរដ្ឋាភិបាលគ្រោងឧបត្ថម្ភថវិកា១០លានដុល្លារដល់ការព្យាបាលជំងឺមហារីកនៅពេទ្យហ្លង់ម៉ែ និងស្នើឲ្យពិនិត្យមើលតាមសាលារៀន កុំឲ្យមានសិស្សនាំគ្នាជក់បារីអាឡិកត្រូនិក។បន្ថែមពីនេះ លោកនាយករដ្ឋមន្ត្រីបានជំរុញឲ្យអគ្គនាយកពន្ធដារគយក្រសួងកសិកម្ម និងក្រសួងសុខាភិបាលពិនិត្យគ្រប់គ្រងលើការនាំចូលបន្លែសាច់ដែលនាំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។គួររម្លឹកថារបាយការណ៍សុខាភិបាលកម្ពុជាដែលបង្ហាញនៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ ២០២៤ កាលពីថ្ងៃទី៣ មីនាបានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៤ មានអ្នកជំងឺមហារីកសរុបចំនួន៣១៥១៨នាក់បានទទួលការព្យាបាលនៅមន្ទីរពេទ្យកម្ពុជា ក្នុងនោះ មាន ១២៧នាក់បានទទួលមរណៈភាព។ តាមរបាយការណ៍ដដែលអ្នកជំងឺមហារីកដែលបានព្យាបាលនៅក្នុងមន្ទីរពេទ្យកម្ពុជាក្នុងឆ្នាំ ២០២៤ បានកើនឡើងចំនួន ៨៧.៤២ភាគរយ បើធៀបនឹងឆ្នាំ ២០២៣។ក្រសួងសុខាភិបាលបានកត់ត្រាឃើញទៀតថា ក្នុងចំណោមអ្នកកើតជំងឺមហារីកដែលទទួលបានការព្យាបាលនៅកម្ពុជាក្នុងឆ្នាំ ២០២៤ ប្រភេទជំងឺមហារីកដែលច្រើនជាងគេគឺ មហារីកសុដន់ និងមហារីកមាត់ស្បូនដែលមានសរុបជិត៣២ភាគរយនៃអត្រាអ្នកជំងឺមហារីកសរុប៕RFI
Post a Comment