កាលពីថ្ងៃពុធអនុក្រឹត្យរបស់រដ្ឋាភិបាលស្ដីពីការជ្រើសរើសនិងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារត្រង់មាត្រា២០បញ្ជាក់ថាការបញ្ចប់កិច្ចព្រមព្រៀងការងារ ត្រូវធ្វើឡើងដោយប្រធានអង្គភាពសាមីដោយមូលហេតុនៃកំហុសធ្ងន់ណាមួយរបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ។អនុក្រឹត្យបន្ថែមថា កំហុសធ្ងន់ធ្ងរទាំងនោះមានដូចជា ការចូលរួមបាតុកម្ម ឬកូដកម្ម ដែលធ្វើឱ្យប៉ះពាល់ដល់ការផ្តល់សេវារបស់អង្គភាព និងជំនឿទុកចិត្តលើការដឹកនាំរបស់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ក្រៅពីកំហុសខាងលើនៅមានកំហុសដោយសារការគំរាមកំហែងជេរប្រមាថការប្រើអំពើហិង្សាការប្រព្រឹត្តនៅក្នុងឬក្រៅម៉ោងធ្វើការដែលប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ កិត្យានុភាព និងគុណតម្លៃនៃអង្គភាពសាធារណៈ។
 |
រូបតំណាង |
អនុក្រឹត្យបន្តថាកំហុសផ្សេងទៀតមានដូចជាញុះញង់មន្ត្រីផ្សេងទៀតឱ្យប្រព្រឹត្តកំហុសធ្ងន់ការមិនអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់អង្គភាពការមិនអនុវត្តកាតព្វកិច្ចតាមកិច្ចព្រមព្រៀងការងារការរំលោភក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរអវត្តមានគ្មានច្បាប់អនុញ្ញាតរយៈពេល៧ថ្ងៃជាប់ៗគ្នានៃថ្ងៃធ្វើការ។មន្ត្រីមិនបានដាក់ពាក្យស្នើសុំបន្តព្យួរការងារ និងមិនបានចូលបម្រើការងារវិញតាមកាលបរិច្ឆេទកំណត់។ សាលក្រម ឬសាលដីកាស្ថាពររបស់តុលាការដែលបញ្ជាក់ថា មានទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ឬក៏ត្រូវបានតុលាការហាមឃាត់មិនឱ្យប្រកបវិជ្ជាជីវៈជាអចិន្ត្រៃយ៍។ សាមីខ្លួនពាក់ព័ន្ធផ្ទាល់នឹងគ្រឿងញៀន។ទាំងនេះក៏រដ្ឋាភិបាលចាត់ទុកមានកំហុសធ្ងន់ធ្ងរដែលត្រូវបញ្ឈប់ពីការងារផងដែរ។អនុក្រឹត្យបញ្ជាក់ថា ការបញ្ចប់កិច្ចព្រមព្រៀងការងារ គឺជាការរំលត់សិទ្ធិនិងកាតព្វកិច្ចរបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ និងប្រធានអង្គភាពដែលមានចែងក្នុងកិច្ចព្រមព្រៀងការងារ។ការបញ្ចប់កិច្ចព្រមព្រៀងការងារត្រូវសម្រេច ដោយប្រធានអង្គភាពសាមីជាលាយលក្ខណ៍អក្សរស្របតាមបែបបទ និងនីតិវិធីដែលមានចែងក្នុងមាត្រាពាក់ព័ន្ធនៃអនុក្រឹត្យនេះ។អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តក្នុងការជ្រើសរើសនិងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារនៅតាមគ្រឹះស្ថានសិក្សាសាធារណៈរួមមានសាលាមត្តេយ្យសិក្សា សាលាបឋមសិក្សា អនុវិទ្យាល័យ និង វិទ្យាល័យ។សម្រាប់អង្គភាពសុខាភិបាលមូលដ្ឋានរួមមាន ប៉ុស្តិ៍សុខភាពមណ្ឌលសុខភាពមន្ទីរពេទ្យបង្អែកដែលអនុវត្តសំណុំសកម្មភាពបង្គ្រប់កម្រិត១ និងមន្ទីរពេទ្យបង្អែកដែលអនុវត្តសំណុំសកម្មភាពបង្គ្រប់កម្រិត២។ ការជ្រើសរើសនិងការគ្រប់គ្រងមន្ត្រីនៅតាមក្រសួង ស្ថាប័នផ្សេងទៀត ត្រូវអនុវត្តផ្អែកលើការសម្រេចរបស់រដ្ឋាភិបាលតាមការស្នើពីក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ក្រសួង ស្ថាប័នសាមី ត្រូវរៀបចំនិងកំណត់ឱ្យបានច្បាស់លាស់អំពីមុខតំណែងរបស់មន្ត្រីផ្អែកលើកិច្ច ព្រមព្រៀងការងារ និងចំនួនមន្ត្រីសម្រាប់មុខតំណែងនីមួយៗ ដែលជាតម្រូវការការងារក្នុងរចនាសម្ព័ន្ធរដ្ឋបាល ប្រតិបត្តិការការងារ និងការបំពេញបេសកកម្ម និងមុខងាររបស់អង្គភាព។អនុក្រឹត្យបញ្ជាក់ថា ការកំណត់មុខតំណែង និងការរៀបចំពណ៌នាមុខតំណែង ត្រូវកំណត់ដោយអនុក្រឹត្យតាមការស្នើរបស់ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បន្ទាប់ពីមានការពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ។មុខតំណែងដែលត្រូវបំពេញត្រូវឆ្លើយតបនឹងសេចក្តីត្រូវការនៃការងារផ្អែកលើជំនាញ ឬឯកទេស ការលើកកម្ពស់សមិទ្ធកម្មរបស់អង្គភាព ក្រសួង ស្ថាប័នសាមី និងប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកា។មុខតំណែងនីមួយៗត្រូវមានការពណ៌នាមុខតំណែងដូចជា ឈ្មោះមុខតំណែង ឈ្មោះអង្គភាព និងទីតាំងភូមិសាស្ត្រ ឈ្មោះមុខតំណែងអ្នកគ្រប់គ្រងផ្ទាល់ គណនេយ្យភាព តួនាទីនិងការទទួលខុសត្រូវសម្រាប់មុខតំណែង និងគុណវុឌ្ឍសម្រាប់មុខតំណែង។អនុក្រឹត្យបន្ថែមថាក្រសួងស្ថាប័នសាមីត្រូវសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ដើម្បីរៀបចំផែនការប្រចាំឆ្នាំជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ដោយពិនិត្យឡើងវិញនូវមុខងារនិងរចនាសម្ព័ន្ធដោយធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រី និងការវិភាគអំពីតម្រូវការមន្ត្រីជាក់ស្តែងនៅតាមអង្គភាពនីមួយៗ។អនុក្រឹត្យបញ្ជាក់ថា ការជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារខាងលើនេះត្រូវអនុវត្តដោយអនុលោមតាមនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល។លោក កែវ វិច្ឆ័យ គ្រូបង្រៀននៅវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ បានគាំទ្ររដ្ឋាភិបាលក្នុងការជ្រើសរើសអ្នកដែលមានគុណវុឌ្ឍិដើម្បីបំពេញកន្លែងខ្វះខាតនៅតាមគ្រឹះស្ថានសាធារណៈ ក៏ដូចនៅក្នុងវិស័យសុខាភិបាល ។ប៉ុន្តែបារម្ភទៅលើការជ្រើសរើសដោយគ្មានតម្លាភាពតែផ្ដល់អាទិភាពទៅលើសមាជិកបក្ស ឬក្រុមយុវជនដែលបម្រើបក្សដែលបន្តប្រើប្រាស់ថវិកាដោយគ្មានប្រសិទ្ធភាព និងខាតបង់ច្រើន។លោកបន្ថែមថា សិទ្ធិសេរីភាពក្នុងការផ្ដល់មតិ ឬសិទ្ធិធ្វើបាតុកម្ម ដើម្បីសម្ដែងការមិនពេញចិត្តលើក្រសួង ស្ថាប័ន គឺប្រជាពលរដ្ឋគ្រប់រូបសុទ្ធតែមានសិទ្ធិ តែបើហាមមិនឱ្យធ្វើបាតុកម្មឬកូដកម្ម ដើម្បីជំរុញឱ្យមានការកែល្អទេ នៅតែប្រឈមហានិភ័យលើគុណភាពព្រោះពួកគេបារម្ភទៅនឹងរងពិន័យឬត្រូវគេបញ្ឈប់ នោះគ្មានមន្ត្រី ឬបុគ្គលណាហ៊ានសម្ដែងមតិមិនពេញចិត្តរបស់អង្គភាពឡើយ។ ការគ្មានមតិកែលម្អពីមន្ត្រីនៅជុំវិញគឺពិបាករកចំណុចខ្វះខាត និងមិនអាចរីកចម្រើន ជឿនលឿនបានដែរ។ក្នុងពិធីសម្ពោធសមិទ្ធផលកំណែទម្រង់នៃវិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រដល់និស្សិត និងគរុនិស្សិត កាលពីថ្ងៃពុធ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា លោកទើបបានចុះហត្ថលេខាលើអនុក្រឹត្យមួយ ដោយកិច្ចការងារនេះធ្វើឡើងតាំងពីដើមអាណតិ្តតាមរយៈគិតគូរលើវិស័យអាទិភាពចំនួនពីរដែលកំពុងមានតម្រូវការខ្ពស់។លោកបន្ថែមថា វិស័យទាំងពីរនេះមានវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់បម្រើការងារនៅតាមមូលដ្ឋាន ដូច្នេះរដ្ឋាភិបាលរៀបចំនិយាមថ្មីដោយបើកច្រកបន្ថែមទៀតជ្រើសរើសអ្នកមានគុណវុឌ្ឍ ដើម្បីចូលក្របខណ្ឌកុងត្រាដូចកិច្ចសន្យា។ប៉ុន្ដែជាកិច្ចសន្យាបច្ចេកទេសដែលបានគិតគូរពីក្របខណ្ឌ បៀវត្ស និងអត្ថប្រយោជន៍ស្រដៀងនឹងក្របខណ្ឌដែរ។លោក ហ៊ុន ម៉ាណែត បន្តថា ជាដំបូងសាកល្បងលើវិស័យទាំងពីរនេះ ព្រោះជួនកាលនៅស្រុក ឬខេត្ត ដែលខ្វះគ្រូ តែមានអ្នកមានសក្ដានុពលអាចបំពេញការងារបាន។ ការសាកល្បងវិស័យទាំងពីរនេះ បើអនុវត្តដំណើរការល្អប្រសើរនឹងបន្តកែសម្រួលបន្ដិចម្ដងៗមុននឹងអនុវត្តលើវិស័យផ្សេងៗទៀត៕Khmer Times
Post a Comment