កាលពីថ្ងៃព្រហស្បតិ៍ លោក Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់នៅទីក្រុងហាណូយបានលើកឡើងសំដៅលើសមយុទ្ធនាគមាស ២០២៥ គួរតែគាំទ្រសន្តិភាព និងស្ថិរភាពទាំងក្នុងតំបន់ និងសកលលោក ហើយត្រូវតែស្របតាមច្បាប់អន្តរជាតិ។
 |
AKP |
ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមធ្វើឡើងមួយថ្ងៃបន្ទាប់ពីកម្ពុជា-ចិន បានធ្វើសមយុទ្ធយោធារួមគ្នាទាំងនៅលើដីគោក និងអាកាស កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ឧសភា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង និងសមយុទ្ធកងទ័ពជើងទឹក និងអាកាស កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ឧសភា នៅលើផ្ទៃសមុទ្រក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។លោក Hang បញ្ជាក់ថា៖ “យើងជឿជាក់ថាកិច្ចសហប្រតិបត្តិការរវាងប្រទេសនានាគួរតែរួមចំណែកយ៉ាងសកម្មដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពទាំងក្នុងតំបន់ ក៏ដូចជាសកលលោក ហើយត្រូវស្របតាមការអនុវត្តអន្តរជាតិ និងផ្អែកលើច្បាប់អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ”។ នេះបើតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃសុក្រ។លោក ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ការលើកឡើងរបស់ភាគីវៀតណាមមិនបានឆ្លុះបញ្ចាំងពីគោលបំណងនៃការធ្វើសមយុទ្ធរួមគ្នារវាងកម្ពុជា-ចិន នោះទេ។ សមយុទ្ធរួមគ្នាកម្ពុជា-ចិន ដើម្បីសន្តិភាព ស្ថិរភាព ក៏ដូចជាការពង្រឹងបន្ថែមនូវសមត្ថភាពកងទ័ពរបស់កម្ពុជា។លោកថ្លែងថា កម្ពុជា និងចិន មិនដែលបង្កបញ្ហាណាមួយនៅលើពិភពលោក ក៏ដូចនៅក្នុងប្រទេសផ្សេងៗនោះទេ។ នេះជាប្រវត្តិសាស្ត្រដែលធ្លាប់កើតមានរបស់ចិន ក៏ដូចកម្ពុជា។លោកបន្ថែមថា សមយុទ្ធនាគមាស ធ្វើឡើងនៅលើទឹកដីរបស់កម្ពុជា ដែលជាប្រទេសឯករាជ្យ និងជាមិត្តរបស់វៀតណាម ថៃ ឡាវ និងជាមិត្តបណ្ដាប្រទេសអាស៊ាន។ ដូច្នេះភាគីវៀតណាម គួរតែគោរពនូវអធិបតេយ្យភាព និងសិទ្ធិសម្រេចរបស់កម្ពុជា ព្រោះវៀតណាមក៏ធ្លាប់ធ្វើសមយុទ្ធជាមួយប្រទេសផ្សេងៗ ហើយក៏ធ្លាប់បញ្ចូនកងទ័ពទៅធ្វើសមយុទ្ធនៅប្រទេសផ្សេងៗដែរ ហើយកម្ពុជាមិនដែលព្រួយបារម្ភចំពោះការធ្វើសមយុទ្ធរបស់វៀតណាមជាមួយប្រទេសទាំងនោះដែរ។លោក ស៊ឺន សំ បន្តថា គិតត្រឹមឆ្នាំ២០២៥ សមយុទ្ធនាគមាស បានធ្វើឡើងចំនួន៧ដងដូច្នេះជារឿងមួយល្អព្រោះចិនកំពុងវិវត្តទៅជាប្រទេសមហាអំណាចលេខ២ ក្នុងពិភពលោក ហើយកំពុងមានប្រជាប្រិយភាព និងមានភាពជឿនលឿនលើផ្នែកបច្ចេកវិទ្យា សេដ្ឋកិច្ច កងទ័ព អ៊ីចឹងទំនាក់ទំនងណាមួយជាមួយចិន និងមានកិច្ចសហប្រតិបត្តិការណាមួយជាមួយចិន គឺជារឿងល្អណាស់សម្រាប់កម្ពុជា។អ្នកជំនាញវិភាគគោលនយោបាយ បញ្ជាក់ថា៖ “កម្ពុជាមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយភាគីចិន ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនទាំងសមត្ថភាពកងទ័ព សមត្ថភាពសេដ្ឋកិច្ច ក៏ដូចពង្រឹងសមត្ថភាពផ្ទៃក្នុង។ យើងដឹងហើយថាលោក(ចិន) មានចេតនាល្អជាមួយកម្ពុជាចង់ឱ្យកម្ពុជារីកចម្រើន និងរឹងមាំ”។ក្នុងពិធីបើកសមយុទ្ធនាគមាស លើប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃសៅរ៍ ឧត្តមសេនីយ៍ទោ លី ក្វាងយុន ឧបការី នាយសេនាធិការតំបន់ភូមិភាគខាងត្បូនប្រទេសចិន បានថ្លែងថា ចិន-កម្ពុជា គឺជាប្រទេសសំខាន់ក្នុងតំបន់ដែលមានទំនួលខុសត្រូវសំខាន់ការពារសន្តិសុខ ស្ថេរភាព និងវឌ្ឍនភាព វិបុលភាពរួមគ្នាទាំងក្នុងតំបន់ និងសកលលោក។ឧត្តមសេនីយ៍ទោ បញ្ជាក់ថា សមយុទ្ធនាគមាស មានប្រធានបទសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ពង្រឹងនិងបន្តពង្រីកកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឱ្យកាន់តែស៊ីជម្រៅនូវជំនឿទុកចិត្តផ្នែកនយោបាយ បង្កើនកិច្ចសហប្រតិបត្តិការយោធា ដើម្បីបង្ហាញមុខមាត់ល្អប្រសើរនូវការការពារសន្តិភាពនិងស្ថេរភាពក្នុងតំបន់របស់កងទ័ពប្រទេសទាំងពីរ។ឧត្តមសេនីយ៍ទោ អះអាងថា ខ្លឹមសារសមយុទ្ធឆ្នាំនេះ មិនសំដៅលើភាគីទីបី គ្មានទំនាក់ទំនងជាមួយស្ថានការណ៍តំបន់ បញ្ហារសើបៗ ។ប៉ុន្តែខ្លឹមសារសមយុទ្ធផ្តោតលើការប្រឆាំងភេរវកម្មអន្តរជាតិការរៀបចំកម្មវិធីហ្វឹកហាត់ជាក់ស្តែង និងប្រតិបត្តិការជួយសង្គ្រោះមនុស្សធម៌ បានឆ្លុះបញ្ចាំងនូវឆន្ទៈយ៉ាងមុតមាំទ្វេភាគីនូវការពារអភិវឌ្ឍន៍ដោយសន្តិវិធី និងជំរុញសន្តិភាព និងស្ថេរភាពនៅតំបន់។នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា ឆ្លងកាត់ទំនាក់ទំនងការទូតរយៈពេល៦៧ឆ្នាំ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន មានការវិវឌ្ឍឥតឈប់ឈរហើយបានធ្វើឱ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីទ្វេភាគីមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងនោះកិច្ចសហប្រតិបត្តិការយោធារវាងកងទ័ពប្រទេសទាំងពីរ ត្រូវបានបន្តពង្រឹងពង្រីកកាន់តែស៊ីជម្រៅលើគ្រប់វិស័យរហូតឈានដល់ «កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។នាយឧត្តមសេនីយ៍ បញ្ជាក់ថា កិច្ចសហប្រតិបត្តិការយោធាកម្ពុជា-ចិន មានការជឿជាក់គ្នា យោគយល់គ្នា គោរពគ្នា ជួយគ្នា និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការទាំងនេះ បានឆ្លុះបញ្ចាំងអំពីឆន្ទៈនយោបាយ មនោសញ្ចេតនាក្នុងនាមជាបងប្អូន ជាមិត្តដែកថែប មិត្តអមត ជាមិត្តរួមសុខរួមទុក្ខ ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក និងជាដៃគូដ៏ល្អ «និយាយតិច ធ្វើច្រើន»។នាយឧត្តមសេនីយ៍ វង្ស ពិសេន បន្ថែមថា កាលពីថ្មីៗនេះ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន មិនត្រឹមតែបានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តឥតងាករេចំពោះទំនាក់ទំនងមិត្តភាពដែកថែបមិនអាចបំបែកបានរវាងកម្ពុជា-ចិន នោះទេ ប៉ុន្តែបានពង្រឹងនិងធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ រវាងប្រទេសទាំងពីរ។គួររម្លឹកថា សមយុទ្ធនាគមាសឆ្នាំនេះ ភាគីកម្ពុជាប្រើប្រាស់ឧទ្ធម្ភាគចក្រ នាវា រថក្រោះ រថពាសដែក កាំភ្លើងធំ កាំភ្លើងត្បាល់ រថយន្តសង្គ្រោះ និងអាវុធថ្មើរជើងតាមជំនាញនីមួយៗ។ភាគីចិនប្រើប្រាស់យន្តយុទ្ធកង់កៅស៊ូចំនួន ៥៣គ្រឿង ដែលមានរថពាសដែក កាំភ្លើងធំចល័ត Robot Dog មនុស្សយន្តវះកាត់ ដ្រូន ឧបករណ៍ស៊ើបការណ៍ ឧបករណ៍សុខាភិបាល បរិក្ខារបញ្ជូនសារ នាវាចម្បាំងចំនួន ៣គ្រឿង និងឧទ្ធម្ភាគចក្រប្រយុទ្ធ ២គ្រឿង ព្រមទាំងសព្វាវុធ គ្រាប់រំសេវ សម្រាប់បម្រើឱ្យសមយុទ្ធទាំងអស់៕Khmer Times
Post a Comment