ប្រមុខរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឱ្យមានការវិនិយោគលើការផលិតបារីអគ្គិសនី
ថ្លែងនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០»នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសយ៉ាងច្បាស់ថារាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឱ្យមានការវិនិយោគលើការផលិតបារីអគ្គិសនី(E-Cigarettes) នៅក្នុងប្រទេសឡើយ ទោះបីជាគោលដៅនៃការផលិតនោះគឺសម្រាប់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសក៏ដោយ។សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីបារម្ភចំពោះការប្រើប្រាស់បារីអគ្គិសនីដែលកំពុងកើនឡើង ជាពិសេសក្នុងចំណោមសិស្សសាលា។
![]() |
| រូបសហការី |
សម្តេចបានបញ្ជាក់ថា គ្រប់ភាគីពាក់ព័ន្ធត្រូវបង្កើនការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការប្រើប្រាស់បារីប្រភេទនេះនិងបានដាស់តឿនសិស្សានុសិស្សឱ្យចៀសវាងការសេពគប់បារីអគ្គិសនី ហើយងាកមកខិតខំសិក្សារៀនសូត្រវិញ។លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រីបានបង្ហើបឱ្យដឹងថា កាលពេលថ្មីៗនេះ មានប្រទេសមួយបានស្នើរសុំបើករោងចក្រផលិតបារីអគ្គិសនីនៅកម្ពុជា រហូតដល់ថ្នាក់រដ្ឋមន្ត្រីរបស់ប្រទេសនោះបានជួបពិភាក្សាជាមួយស្រីចម និម្មល អំពីគោលការណ៍នៃការវិនិយោគនេះ។ ទោះជាយ៉ាងណាក្តី សម្តេច ហ៊ុន ម៉ាណែត បានច្រានចោលសំណើនេះ ដោយសង្កត់ធ្ងន់ថា កម្ពុជាមិនត្រូវការការវិនិយោគបែបនេះទេទោះបីជាផលិតផលនោះសម្រាប់នាំចេញក៏ដោយ។សម្តេចបានបន្ថែមទៀតថាកម្ពុជាមានជម្រើសវិនិយោគជាច្រើនផ្សេងទៀតហើយការមិនមានរោងចក្រផលិតបារីអគ្គិសនីនៅក្នុងប្រទេសក៏មិនធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពខ្វះខាតដែរ។ យ៉ាងណាក៏ដោយ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែស្វាគមន៍រាល់ការវិនិយោគផ្សេងៗទៀត ដែលមិនពាក់ព័ន្ធនឹងការផលិតបារីអគ្គិសនី។សូមជម្រាបជូនថាផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់សុខភាពសាធារណៈ ការបង្ការ ការពារ និង ការព្យាបាល ប្រកបដោយប្រសិទ្ធភាពនៃជំងឺមហារីក។ជំងឺមហារីកគឺជាជំងឺមួយក្នុងចំណោមជំងឺមិនឆ្លងទាំង៤ដែលត្រូវបានចាត់ទុកជាអាទិភាពដោយក្រសួងសុខាភិបាលបានខិតខំប្រឹងប្រែងដាក់ចេញនូវវិធានការជាច្រើនដើម្បីបង្ការ គ្រប់គ្រង ជំងឺមហារីកជាបញ្ហាប្រឈមចំពោះសុខភាពសាធារណៈ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកជំងឺ ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ដោយជំងឺនេះបានបង្អាក់សកម្មភាពប្រចាំថ្ងៃ បន្ថយផលិតភាពនិងបណ្តាលឱ្យមានការចំណាយថវិកាជាច្រើនសម្រាប់ថែទាំសុខភាព ដែលអាចជះផលអវិជ្ជមានធ្ងន់ធ្ងរដល់ជីវភាពប្រជាជន សេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ ៕ប្រភពSTPM

Post a Comment