កម្ពុជា-ចិនធ្វើសមយុទ្ធ«នាគមាស២០២៥»ចាប់ផ្តើមហើយ
នៅព្រឹកថ្ងៃទី១៧ខែឧសភាឆ្នាំ២០២៥នេះកងទ័ពកម្ពុជា-ចិនបើកធ្វើសមយុទ្ធ«នាគមាស២០២៥»នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ពិធីបើកសមយុទ្ធ«នាគមាស ២០២៥នេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងឧត្តមសេនីយ៍ទោ លី ក្វាងយុន ឧបការី នាយសេនាធិការ តំបន់ភូមិភាគខាងត្បូង កងទ័ពរំដោះប្រជាជនចិន ។ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់ និងសមយុទ្ធ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានដោយសង្ឃឹមថា តាមរយៈនៃបទពិសោធន៍ដែលកងទ័ពប្រទេសទាំងពីរធ្លាប់បានធ្វើជាច្រើនលើកច្រើនសារមកហើយនោះ ប្រតិបត្តិការសមយុទ្ធរួមគ្នាកម្ពុជា-ចិន នាគមាស ២០២៥ នឹងប្រព្រឹត្តទៅប្រកបដោយភាពរលូន សុវត្ថិភាព ទាំងមនុស្ស និងសម្ភារៈ និងទទួលបានជោគជ័យតាមការគ្រោងទុក។យោងតាម អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា សមយុទ្ធមិត្តភាព កម្ពុជា-ចិន «នាគមាស-២០២៥» លើប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នានិងការងារសង្គ្រោះមនុស្សធម៌ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៥ក្នុងគោលបំណងអភិវឌ្ឍន៍ឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដៃគូ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍ ការពង្រឹងទស្សនៈ សន្តិសុខដែលមានលក្ខណៈរួមគ្នានិងការលើកកម្ពស់សមត្ថភាពប្រយុទ្ធជាក់ស្តែងរវាងកងទ័ពប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។
![]() |
Post a Comment