ការផ្គត់ផ្គង់អគារការិយាល័យរាជធានីភ្នំពេញត្រូវបានរំពឹងកើនឡើងដល់១,៤លានម៉ែត្រការ៉េនៅក្នុងឆ្នាំ២០២៥នេះ
ការផ្គត់ផ្គង់អគារការិយាល័យនៅរាជធានីភ្នំពេញត្រូវបានរំពឹងកើនឡើងដល់១,៤លានម៉ែត្រការ៉េនៅក្នុងឆ្នាំ២០២៥នេះ។
ចំណែកតម្លៃវិញប្រហាក់ប្រហែលនឹងឆ្នាំមុនៗដែរ។របាយការណ៍របស់ CBRE Cambodia ចេញផ្សាយសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ ការផ្គត់ផ្គង់អគារការិយាល័យនៅក្នុងរាជធានីភ្នំពេញ មានប្រមាណជាង១,១លានមែត្រការ៉េ ហើយរំពឹងថា នៅដំណាច់ឆ្នាំ២០២៥ អគារការិយាល័យអាចនឹងកើនឡើងដល់ ១,៣៨លានម៉ែត្រការ៉េ ។ របាយការណ៍ដដែលបានលំអិតថា ក្នុងចំណោមអគារការិយាល័យទាំងអស់ គឺអគារការិយាល័យប្រភេទបំពេញបន្ថែមមានច្រើនជាងគេបន្ទាប់ មកអគារការិយាល័យកម្រិតC កម្រិត B ។រីឯប្រភេទកម្រិតA មានចំនួនតិចជាងគេ ។
![]() |
នៅក្នុងត្រីមាសទី១ឆ្នាំនេះដែរ ការផ្គត់ផ្គង់ការិយាល័យនៅក្នុងរាជធានីភ្នំពេញសម្រេចប្រមាណ៦ភាគរយបន្ថែមទៀត ។ចំណែកតម្លៃនៃការជួលការិយាល័យ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ ដោយអគារការិយាល័យកម្រិតA មានតម្លៃប្រមាណជិត២៥ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ដែលតម្លៃនេះមិនមានការប្រែប្រួលទេបើធៀបនឹងឆ្នាំ២០២៤ ។ រីឯអគារការិយាល័យកម្រិតB មានតម្លៃប្រមាណ២០ដុល្លារទៅ២២ដុល្លារក្នុងមួយម៉ែត្រ និងកម្រិត C មានតម្លៃចន្លោះពី១០ទៅ១៥ដុល្លារក្នុងមួយម៉ែត្រការ៉េ ។ជាការកត់សម្គាល់ អគារការិយាល័យដែលមានតម្រូវការខ្ពស់ជាងនៅក្នុងរាជធានីភ្នំពេញភាគច្រើនគឺកម្រិតB និងកម្រិតC ព្រោះប្រភេទទាំងនេះវាមានតម្លៃសមរម្យសម្រាប់ក្រុមហ៊ុនដែលទើបបើកថ្មីៗ។ ចំណែកកម្រិតA ភាគច្រើនសម្រាប់ក្រុមហ៊ុនធំៗ ក្រុមហ៊ុនអន្តរជាតិ ឬតំណាងអង្គការ ស្ថាប័នអន្តរជាតិធំៗ ៕AKP

Post a Comment