ប្រមុខរដ្ឋាភិបា​លកម្ពុជាមានសុទិដ្ឋិនិយមចំពោះការចរ​ចាពាណិជ្ជកម្មជុំទីពីរជាមួយអា​មេរិក

សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហាញសុទិដ្ឋិនិយមចំពោះការចរចាពាណិជ្ជកម្មជុំទី២រវាងកម្ពុជា និងសហរដ្ឋអាមេរិកនាពេលខាងមុខដោយសង្ឃឹមថានឹងទទួលបានលទ្ធផលវិជ្ជមាន។សម្តេចធិបតីបានគូសបញ្ជាក់នៅក្នុងឱកាសនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ ដែលធ្វើឡើងនៅព្រឹកថ្ងៃសុក្រ នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ។សម្តេចបានកត់សម្គាល់ថាការចរចាជុំទីមួយលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មបដិការ កម្ពុជា-អាមេរិក គ្រាន់តែជាការជួបគ្នាដើម្បីបង្ហាញជំហរ និងបញ្ជាក់បន្ថែមពីបញ្ហាសំខាន់មួយចំនួនប៉ុណ្ណោះដោយលើកឡើងនូវដំណើរការចរចាពាណិជ្ជកម្មថាមានភាពស្មុគស្មាញ ដែលត្រូវការពេលវេលា ដោយគ្រប់ប្រទេស ទាំងអស់សុទ្ធតែមានស្ថានភាពដូចៗគ្នា។

សម្តេចក៏បានកោតសរសើរដល់ក្រុមការងារចំពោះកិច្ចទទួលបន្ទុកសម្របសម្រួលទំនាក់ទំនងទ្វេភាគីនៃការចរចាពន្ធបដិការកម្ពុជា-អាមេរិក ដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងក្រុមការងារពាក់ព័ន្ធ ដែលបានខិតខំបំពេញការងារបានយ៉ាងល្អ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងថា ក្នុងអំឡុងពេលនៃការចរចាជុំទីមួយ ដែលបានធ្វើឡើងនៅថ្ងៃទី១៣-១៥ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងវ៉ាស៊ីនតោន ឌី.ស៊ី ក្រុមការងារចំពោះកិច្ច និងការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានផ្លាស់ប្តូរទស្សនៈរបស់ពួកគេប្រកបដោយភាពស្មោះត្រង់និងស្ថាបនាក្នុងបរិយាកាសនៃការយល់ដឹងគ្នាទៅវិញទៅមកលើមធ្យោបាយនានាដើម្បីពង្រឹងបន្ថែមផ្នែកពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។ភាគីទាំងពីរក៏បានពិភាក្សាស៊ីជម្រៅលើសេចក្តីព្រាងនៃកិច្ចព្រមព្រៀងនេះ។ការចរចាជុំទីពីរត្រូវបានកំណត់ពេលក្នុងសប្តាហ៍ទីមួយនៃខែមិថុនា ឆ្នាំ២០២៥ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ឌី.ស៊ី ដដែល៕AKP


Powered by Blogger.