នា​យក​រដ្ឋមន្រ្តី៖ការអនុញ្ញាតឲ្យនាវាចម្បាំងកងទ័ពជើងទឹកជប៉ុនចូ​លចតគឺស្របទៅ​នឹងគោលនយោបាលបើក​ចំហនិងសេរីរបស់រដ្ឋាភិបាលក​ម្ពុជា

នាយករដ្ឋមន្រ្តីជប៉ុនលោកIshibaShigeruបានថ្លែងអរគុណដល់រដ្ឋាភិបាលកម្ពុជាដែលអនុញ្ញាតឲ្យនាវាចម្បាំងកងទ័ពជើងទឹកជប៉ុនចូលចតមុនគេនៅមូលដ្ឋានទ័ពជើងរាមកម្ពុជានិងថាការអនុញ្ញាតនេះគឺស្របទៅនឹងគោលនយោបាលបើកចំហ និងសេរីរបស់រដ្ឋាភិបាលកម្ពុជា។ការបញ្ជាក់យ៉ាងដូចនេះរបស់នាយករដ្ឋមន្រ្តីជប៉ុន ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ក្នុងពេលលោកបំពេញទស្សនកិច្ចការផ្លូវការរយៈពេល៤ថ្ងៃនៅទីក្រុងតូក្យូ។នៅក្នុងជំនួបជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា នាយករដ្ឋមន្រ្តីជប៉ុនលោក Ishiba Shigeruបានលើកឡើងពីការដែលកម្ពុជាបានអនុញ្ញាតឲ្យនាវាកងទ័ពជើងទឹកជប៉ុន២គ្រឿងចូលចតមុនគេបង្អស់នៅមូលដ្ឋានទ័ពជើងទឹករាមកម្ពុជាក្រោយដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីដើមខែមេសាឆ្នាំ២០២៥។នេះបើតាមការចេញផ្សាយRFI។

ក្នុងន័យនេះលោកនាយករដ្ឋមន្រ្តីជប៉ុនបញ្ជាក់ថាកម្ពុជាគឺជាដៃគូដ៏សំខាន់របស់ជប៉ុននិងថាកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជាមានភាពរីកចម្រើនជាលំដាប់ និងរួមចំណែកដល់ការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។ សូមរំលឹកជូនថា កាលពីថ្ងៃទី១៩ ខែមេសាឆ្នាំ​២០២៥ នាវារបស់កងស្វ័យការពារជើងទឹកជប៉ុនចំនួន២គ្រឿង បានចូលចតនៅមូលដ្ឋានទ័ពជើងទឹករាមកម្ពុជា ក្នុងខេត្តព្រះសីហនុ។ ក្រៅពីនាវាកងទ័ពជើងទឹកជប៉ុនកម្ពុជាបានអនុញ្ញាតឲ្យនាវាបរទេសចូលសំចតជាហូរហែដែលក្នុងនោះមាន នាវាកងទ័ពវៀតណាម នាវាកងទ័ពរុស្សី និងនាវាកងទ័ពចិនក្រោយពីកំពង់ផែសមុទ្ររាមត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមក។តែយ៉ាងណាក៏ដោយសំណុំរឿងមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជាតែងត្រូវបានប្រទេសលោកខាងលិច ពិសេសសហរដ្ឋអាមេរិក និងក្រុមប្រទេសសម្ព័ន្ធមិត្តអាមេរិកចោទសួរពីឯករាជ្យភាពរបស់កម្ពុជា និងដាក់មន្ទិលសង្ស័យពីការដែលចិនពង្រីកឥទ្ធិពលយោធារបស់ខ្លួននៅកម្ពុជា និងនៅក្នុងតំបន់។ កាលពីដើមខែឧសភាមជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិ និងយុទ្ធសាស្ត្រដែលមានមូលដ្ឋាននៅអាមេរិកបានបង្ហាញរបាយការណ៍អង្កេតមួយដែលថាកងទ័ពចិននៅបន្តមានសកម្មភាពគួរឲ្យកត់សម្គាល់ក្នុងមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា ក្នុងនោះ គឺកំពង់ផែដ៏ធំបំផុតមួយ និងការវិវឌ្ឍន៍ថ្មីៗនៅឯទីតាំងការពារអាកាសដែលនៅក្បែរមូលដ្ឋាននោះ។ឆ្លើយតបនឹងការបន្តលើកឡើងនេះ រដ្ឋមន្រ្តីការពារជាតិកម្ពុជា​ លោក ទៀ សីហា ក្នុងពេលបិទបញ្ចប់លំហាត់សឹក «នាគមាស» ជាមួយចិន លើកទី៧ ឆ្នាំ២០២៥ នេះបានបំភ្លឺថាមូលដ្ឋានទ័ពរាមនេះមិនអាចបើកឲ្យភ្ញៀវចូលមើលគ្រប់ទីកន្លែងបានទេ ពោលមានការហាមឃាត់សម្រាប់កន្លែងសំខាន់ខ្លះ។ តាមប្រមុខការពារជាតិរូបនេះ កន្លែងខ្លះបើកចំហ និងកន្លែងខ្លះត្រូវបានហាមឃាត់ គឺដើម្បីរក្សាការសម្ងាត់យោធាហើយថាការហាមឃាត់កន្លែងសំខាន់ខ្លះធ្វើឡើងក្នុងគោលដៅការពារអធិបតេយ្យភាពនិងសនិ្តសុខជាតិដែលប្រទេសផ្សេងទៀតក៏អនុវត្តដូចគ្នានេះដែរ៕RFI
Powered by Blogger.