រាជរដ្ឋាភិបាលបានចាត់ទុកការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកជាអាទិភាពចម្បងមួយក្នុងចំណោមអាទិភាពជាច្រើនរបស់ក្រសួងសុខាភិបាល។ការថ្លែងបែបនេះរបស់សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថាគឺនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ«ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០» ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ។
 |
|
សម្តេចហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជំងឺមហារីកបានក្លាយជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងបានបង្កផលប៉ះពាល់ដល់សង្គមនិងសេដ្ឋកិច្ចជាតិ។ដូច្នេះ ការដាក់ឱ្យអនុវត្តជាផ្លូវការនូវផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកនាពេលនេះ គឺជាការបើកទំព័រថ្មីមួយទៀតនៃការអភិវឌ្ឍន៍សម្រាប់កម្ពុជា ដែលបង្ហាញពីជំហរដ៏រឹងមាំ និងការប្តេជ្ញាចិត្តជាបន្តរបស់រាជរដ្ឋាភិបាល ក្នុងការការពារនិងសង្គ្រោះជីវិតប្រជាពលរដ្ឋពីជំងឺដ៏កាចសាហាវមួយនេះ។ដើម្បីធានាបាននូវភាពជោគជ័យនៃផែនការជាតិដ៏សំខាន់នេះ សម្តេចបវរធិបតីក៏បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់ក្រសួងសុខាភិបាល ព្រមទាំងស្ថាប័នពាក់ព័ន្ធនានាឱ្យបន្តជំរុញការអនុវត្តផែនការនេះឱ្យបានខ្ជាប់ខ្ជួនតាមរយៈយន្តការពហុវិស័យដ៏មានប្រសិទ្ធភាព។គោលបំណងសំខាន់គឺដើម្បីគ្រប់គ្រង សម្របសម្រួល និងអនុវត្តផែនការនេះឱ្យបានជោគជ័យ សំដៅលើកកម្ពស់សេវាសុខាភិបាលឱ្យកាន់តែប្រសើរឡើង និងរួមចំណែកសម្រេចឱ្យបាននូវគោលដៅនៃការគ្របដណ្តប់សុខភាពជាសកលក៏ដូចជាចូលរួមដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសជាតិផងដែរ។គួរឲ្យដឹងដែរថាជំងឺមហារីកគឺជាជំងឺមួយក្នុងចំណោមជំងឺមិនឆ្លងទាំង៤ដែលត្រូវបានចាត់ទុកជាអាទិភាពដោយក្រសួងសុខាភិបាលបានខិតខំប្រឹងប្រែងដាក់ចេញនូវវិធានការជាច្រើនដើម្បីបង្ការគ្រប់គ្រងជំងឺមហារីកជាបញ្ហាប្រឈមចំពោះសុខភាពសាធារណៈ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកជំងឺ ក្រុមគ្រួសារ សហគមន៍និងសង្គមជាតិទាំងមូលដោយជំងឺនេះបានបង្អាក់សកម្មភាពប្រចាំថ្ងៃបន្ថយផលិតភាពនិងបណ្តាលឱ្យមានការចំណាយថវិកាជាច្រើនសម្រាប់ថែទាំសុខភាពដែលអាចជះផលអវិជ្ជមានធ្ងន់ធ្ងរដល់ជីវភាពប្រជាជន សេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ៕ប្រភពSTPM
Post a Comment