ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលមិនមានគោលការណ៍លក់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង)ទៅឱ្យភាគីណាមួយឡើយ។ការថ្លែងនេះធ្វើឡើងក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ នៃថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។
 |
|
សម្តេចធិបតីបានបញ្ជាក់ទៀតថា ការរក្សាទុកអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង គឺដើម្បីធានាបាននូវជម្រើសបម្រុងក្នុងករណីដែលអាកាសយានដ្ឋានអន្តរជាតិថ្មីមានបញ្ហា។លើសពីនេះអាកាសយានដ្ឋានពោធិ៍ចិនតុងនឹងត្រូវបានរក្សាទុកជាទ្រព្យសម្បត្តិរដ្ឋ និងជាផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។"ខ្ញុំសូមបញ្ជាក់ថា មិនមានការលក់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(ពោធិ៍ចិនតុង)ទៅណានោះទេ។ ម៉ោងនេះពេលនេះហើយក៏តាំងពីមុនមកគឺមិនមានគោលការណ៍លក់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនោះទេ ខ្ញុំសូមបញ្ជាក់ជូននៅថ្ងៃនេះ" ។សម្តេចក៏បានបន្ថែមថា អាកាសយានដ្ឋានពោធិ៍ចិនតុងនឹងត្រូវបានរក្សាទុកជាទីតាំងប្រវត្តិសាស្ត្រ ដែលជាស្នាព្រះហស្តរបស់ព្រះបរមរតនកោដ្ឋ។ការរក្សាទុកទីតាំងនេះ មិនត្រឹមតែជាការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ប៉ុណ្ណោះទេតែជាការគោរពដល់ប្រវត្តិសាស្ត្រនិងការចងចាំរបស់ជាតិផងដែរ។ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការរក្សាទុកអាកាសយានដ្ឋានពោធិ៍ចិនតុងបង្ហាញពីការយកចិត្តទុកដាក់ចំពោះផលប្រយោជន៍សាធារណៈនិងការការពារបេតិកភណ្ឌជាតិ។ជាកត់សម្គាល់ការលើកឡើងរបស់សម្តេចបវរធិបតីបានធ្វើឡើងក្រោយពីប៉ុន្មានថ្ងៃនេះមានការជជែកដេញដោលអំពីការលក់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង)ទៅឱ្យក្រុមហ៊ុនឯកជន៕ប្រភពSTPM
Post a Comment