នៅសប្ដាហ៍ក្រោយ​​កងទ័ពកម្ពុជានិងចិ​ននឹង​ចាប់ផ្ដើមធ្វើស​មយុទ្ធនាគ​​មាសឆ្នាំ២០២៥

កងទ័ពកម្ពុជានិងកងទ័ពរំដោះប្រជាជនចិននឹងធ្វើសមយុទ្ធរួមគ្នា «នាគមាស»រយៈពេល២សប្តាហ៍ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ក្រោមប្រធានបទ“ប្រតិបត្ដិការប្រឆាំងភេរវកម្មរួមគ្នានិងការងារសង្គ្រោះមនុស្សធម៌”ដើម្បីអភិវឌ្ឍទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្ដិការយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយក៏ដូចជាការផ្លាស់ប្ដូរបទពិសោធការពង្រឹងសន្ដិសុខនិងលើកកម្ពស់សមត្ថភាពប្រយុទ្ធប្រឆាំងអំពើភេរវកម្មកាន់តែស៊ីជម្រៅរវាងកងទ័ពប្រទេសទាំងពីរ។

រូបអ៊ីនធឺណិត
តាមសេចក្ដីប្រកាសរបស់អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទពីម្សិលមិញសមយុទ្ធនេះនឹងប្រព្រឹត្តទៅនៅទីតាំងពីរផ្សេងគ្នាដោយសមយុទ្ធលើគោកនិងអាកាសធ្វើនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ)ខេត្ដកំពង់ឆ្នាំ ងនិងសមយុទ្ធសមុទ្រនិងអាកាសធ្វើនៅលើផ្ទៃសមុទ្រនិងដែនអាកាសកម្ពុជាក្នុងតំបន់ខេត្ដព្រះសីហនុ។អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទបានបញ្ជាក់ថាកម្លាំងទ័ពចូលរួមក្នុងសមយុទ្ធនេះមានចំនួន២.១៧៦នាក់ ពោលគឺកងទ័ពកម្ពុជាមានចំនួន១.៣៣១នាក់និងកងទ័ពរំដោះប្រជាជនចិនមានចំនួន៨៤៥នាក់។ថ្លែងក្នុងសន្និសីទកាសែតពីម្សិលមិញ នាយឧត្តមសេនីយ៍ឥតសារ៉ាត់អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទបានបញ្ជាក់ថាតាមកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កងទ័ពកម្ពុជានិងចិនត្រូវធ្វើសមយុទ្ធយោធារួមគ្នា «នាគមាស» ជារៀងរាល់ឆ្នាំ។លោកបន្ថែមថា សមយុទ្ធនេះ កងទ័ពចិនប្រើប្រាស់នាវាបីគ្រឿងជានាវាបុកច្រាំងឡើងគោកនិងនាវាចម្បាំងឧទ្ធម្ភាគចក្រប្រយុទ្ធពីរគ្រឿងដែលជាឧទ្ធម្ភាគចក្រមូឌែលថ្មីរបស់ចិនC20និងគ្រឿងបំពាក់គួបផ្សំដទៃទៀត រួមមានកាំភ្លើងធំ រថពាសដែកប្រភេទថ្មី ដ្រូន២០ឈុតដែលជាដ្រូនស៊ើបការណ៍និងដ្រូនវាយលុក។ លើសពីនេះនៅមានគ្រឿងយន្តសម្រាប់ចម្បាំង ដូចជាមនុស្សយន្ដ ឆ្កែយន្ដ និងយន្ដគ្មានមនុស្សបើក។ នៅមានរថយន្ដដឹកនាំបញ្ជាC5 ដែលអាចបញ្ជា គ្រប់គ្រងទិន្នន័យ និងប្រឆាំងគ្រប់បច្ចេកវិទ្យា។ ចំណែកកងទ័ពកម្ពុជាប្រើប្រាស់កាំភ្លើងធំ កាំភ្លើងត្បាល់ រថពាសដែក រថយន្ដសង្គ្រោះនាវាឧទ្ធម្ភាគចក្រនិងអាវុធមួយចំនួនទៀត។លោកបាននិយាយថា៖ «ការរៀបចំសមយុទ្ធរបស់យើងនេះ មានផលប្រយោជន៍លើការបង្កើនទំនាក់ទំនងរវាងកងទ័ពរវាងប្រទេសទាំងពីរ ការដកពិសោធមេរៀនពីគ្នាទៅវិញទៅមក ជាពិសេសដើម្បីកងទ័ពរបស់យើងបានរៀនសូត្រនិងដកពិសោធពីគ្រឿងបំពាក់និងបច្ចេកវិទ្យាថ្មីក្នុងពេលបច្ចុប្បន្ននេះ ដូចជាបញ្ហាសង្គ្រាមនិងបច្ចេកវិទ្យា ដែលយើងត្រូវការខ្លាំងណាស់ ដើម្បីបង្ហាត់បង្រៀនដល់ទ័ពយើងបានយល់ដឹងនិងទប់ស្កាត់ពីបច្ចេកវិទ្យា»។លោកគិនភាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានវាយតម្លៃថាទំនាក់ទំនងវិស័យការពារជាតិរវាងកម្ពុជាចិនបានឈានដល់កម្រិតមួយខ្ពស់បំផុតពោលគឺស្របគ្នាជាមួយនឹងទំនាក់ទំនងគ្នាជារួមរវាងកម្ពុជាចិន ដែលជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទំនាក់ទំនងមិត្តដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍និងជោគវាសនារួមគ្នាគ្រប់រដូវកាលក្នុងយុគសម័យថ្មី។លោកបាននិយាយថា៖«ទំនាក់ទំនងវិស័យការពារជាតិនិងសន្តិសុខរវាងប្រទេសទាំងពីរមានភាពល្អប្រសើរដែលយើងអាចកត់សម្គាល់ឃើញ។ដូច្នេះការធ្វើសមយុទ្ធយោធារួមគ្នានេះគឺរំលេចពីកិច្ចសហប្រតិបត្តិការស៊ីជម្រៅខ្លាំងក្នុងវិស័យការពារជាតិហើយវាជាឱកាសមួយដែលអាចធ្វើឱ្យកងទ័ពកម្ពុជាដកស្រង់បទពិសោធយុទ្ធសាស្ត្រយោធានិងការត្រៀមលក្ខណៈធ្វើអន្តរាគមន៍ឬជួយសង្គ្រោះគ្រោះមហន្តរាយ»។លោកបន្ថែមថា សមយុទ្ធនេះកងទ័ពកម្ពុជាក៏នឹងបានរៀនសូត្រពីសង្គ្រាមនិងការប្រើប្រាស់ដ្រូនផងដែរដូចជាដ្រូនសើបការដ្រូនវាយលុកនិងរៀនសូត្រពីការទប់ស្កាត់ដ្រូន។សមយុទ្ធនេះក៏មានការហ្វឹកហ្វឺនរួមគ្នារវាងកងទ័ពកម្ពុជាចិនលើការរៀបចំទីបញ្ជាការ និងកម្មវិធីផ្សេងៗជាច្រើន។លោកកត់សម្គាល់ឃើញថា ចិនជាប្រទេសដែលជួយកម្ពុជាធ្វើទំនើបកម្មវិស័យការពារជាតិ ជាពិសេសបានជួយធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹក រួមទាំងការផ្ដល់សម្ភារៈនិងអាវុធយោធូបករណ៍ផ្សេងៗដល់កងទ័ពកម្ពុជា និងការបណ្ដុះបណ្ដាលជាច្រើនដល់កងទ័ពកម្ពុជាផងដែរ៕ Khmer Times


Powered by Blogger.