ប្រធានាធិបតីរុស្ស៊ីឆ្លើយតបនឹងការគំរាមកំហែងរបស់EUនៅថ្ងៃជ័យជំនះ
ប្រធានាធិបតីរុស្ស៊ីលោកVladimirPutinបានកោតសរសើរចំពោះភាពក្លាហានរបស់មេដឹកនាំអឺរ៉ុបដែលនឹងធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូដើម្បីចូលរួមការប្រារព្ធទិវាជ័យជំនះលើពួកណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២(ថ្ងៃទី៩ឧសភា) បើទោះបីជាមានសម្ពាធពីមន្ត្រីសហភាពអឺរ៉ុប(EU) ក៏ដោយ។កាលពីសប្តាហ៍មុន លោក Kaja Kallas អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុបបានណែនាំដល់មេដឹកនាំរដ្ឋសមាជិកនិងបេក្ខជនចូលរួមសហភាពកុំធ្វើដំណើរទៅប្រទេសរុស្ស៊ី ដើម្បីចូលរួមការប្រារព្ធទិវាជ័យជំនះ។ប៉ុន្តែផ្ទុយទៅវិញទៅកាន់ទីក្រុងគៀវ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយអ៊ុយក្រែន។លោកស្រី Kallas ថែមទាំងបានព្រមានថា"កុំមើលស្រាល"ការចូលរួមនៅក្នុងព្រឹត្តិការណ៍នៅទីក្រុងម៉ូស្គូក្នុងឆ្នាំនេះ។
យោងតាមទីភ្នាក់ងារសារព័ត៌មានRTដែលបញ្ចេញមតិលើព័ត៌មានខាងលើ លោកPutinបាននិយាយកាលពីថ្ងៃទី ២១ ខែមេសាថា“អ្នកដែលនឹងមកប្រទេសរុស្ស៊ីគឺក្លាហានជាងអ្នកដែលលាក់ខ្លួននៅពីក្រោយខ្នងរបស់នរណាម្នាក់ ហើយព្យាយាមគម្រាមអ្នកដ៏ទៃ ក្នុងករណីនេះគំរាមកំហែងដល់អ្នកដែលចង់គោរពគុណតម្លៃប្រវត្តិសាស្ត្ររបស់បុគ្គលដែលបានលះបង់ជីវិតក្នុងការប្រយុទ្ធប្រឆាំងនឹងហ្វាស៊ីសនិយម” ។បច្ចុប្បន្ននាយករដ្ឋមន្ត្រីស្លូវ៉ាគីលោកRobert Fico គឺជាមេដឹកនាំសហភាពអឺរ៉ុបតែមួយគត់ដែលបានសន្យាជាសាធារណៈថានឹងធ្វើដំណើរទៅកាន់រដ្ឋធានីរុស្ស៊ីសម្រាប់ព្រឹត្តិការណ៍នេះ។ លោក Fico បានរិះគន់ការគំរាមកំហែងរបស់លោកស្រី Kallas ថាជាការមិនគោរពទាំងស្រុង។លោក Fico បានចែករំលែកនៅលើបណ្តាញសង្គម X កាលពីសប្តាហ៍មុនថា "ការព្រមានរបស់លោកស្រី Kallas គឺជាទម្រង់នៃការបង្កាច់បង្ខូច ឬជាសញ្ញាថាខ្ញុំនឹងត្រូវទទួលទោស? វាគឺ២០២៥មិនមែន១៩៣៩"។
ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic ក៏បាននិយាយដែរថា លោកនឹងមិនផ្លាស់ប្តូរផែនការទៅបំពេញទស្សនកិច្ចនៅទីក្រុងម៉ូស្គូ បើទោះបីមានសម្ពាធពីទីក្រុងព្រុចសែលក៏ដោយ។ស៊ែប៊ីជាបេក្ខភាពចូលរួមសហភាពអឺរ៉ុប។នៅថ្ងៃទី២១ខែមេសាផងដែរទីភ្នាក់ងារសារព័ត៌មានTassបានដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dimitry Peskov ថា បច្ចុប្បន្ននេះមិនមាន "ការសន្ទនា" អំពីប្រធានាធិបតីអាមេរិក Donald Trump មកទីក្រុងម៉ូស្គូ ដើម្បីចូលរួមក្បួនដង្ហែទិវាជ័យជំនះនៅថ្ងៃទី៩ខែឧសភា។ទិវាជ័យជំនះ គឺជាថ្ងៃបុណ្យជាតិដ៏សំខាន់បំផុតមួយនៅក្នុងប្រទេសរុស្ស៊ី។ ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៩ខែឧសភា ដើម្បីរំលឹកដល់ជ័យជម្នះឆ្នាំ១៩៤៥របស់សហភាពសូវៀតលើពួកណាស៊ីអាល្លឺម៉ង់និងសម្ព័ន្ធមិត្តរបស់ខ្លួននិងដើម្បីរំលឹកដល់ប្រជាជនសូវៀតប្រមាណ២៦.៦លាននាក់រួមទាំងជនស៊ីវិល១៨លាននាក់ដែលបានស្លាប់នៅក្នុងសង្គ្រាមលោកលើកទី២។នៅឆ្នាំនេះរដ្ឋាភិបាលរុស្ស៊ីបានផ្ញើលិខិតអញ្ជើញទៅកាន់ប្រមុខរដ្ឋជាច្រើន រួមទាំងប្រទេសចិន ឥណ្ឌា និងប្រេស៊ីល ព្រមទាំងមេដឹកនាំអន្តរជាតិមួយចំនួនទៀតទៅកាន់ទីក្រុងម៉ូស្គូ ដើម្បីចូលរួមព្រឹត្តិការណ៍នេះ៕ពុតសាម៉ាត់
Post a Comment