សម្តេចបវរ​ធិបតី៖ទៅទាក់ម៉ូយមិន​ងាយស្រួលទេ

មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia នៅខេត្តពោធិ៍សាត់សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងថា ការទាក់ទាញវិនិយោគិនឱ្យមកវិនិយោគនៅកម្ពុជា មិនមែនជារឿងងាយស្រួលនោះទេ។ប្រសិនបើមិនមានការសហការ និងការផ្តល់លក្ខណៈងាយស្រួលពីគ្រប់ភាគីពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។សម្តេចបវរធិបតីបានណែនាំឱ្យស្ថាប័នថ្នាក់ក្រោមជាតិខិតខំបង្កើនលក្ខណៈងាយស្រួល និងដោះស្រាយបញ្ហាផ្សេងៗ រួមទាំងបញ្ហាដីធ្លីនិងវិនិយោគឱ្យបានល្អសម្រាប់វិនិយោគិន។

បើតាមសម្តេចបវរធិបតីភាពជោគជ័យនៃការទាក់ទាញវិនិយោគិនមកដល់ពេលនេះ គឺដោយសារការខិតខំប្រឹងប្រែងនិងការសហការពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ក្នុងការជួយសម្រួល និងផ្តល់លក្ខណៈងាយស្រួលដល់វិនិយោគិន។សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា«មិនមែនរឿងងាយស្រួលទេ ឯកឧត្តម លោកជំទាវ អស់លោក ទៅទាក់ម៉ូយ មិនងាយស្រួលទេ ទាក់ម៉ូយហើយ ឱ្យគេសម្រេចចិត្តមកដាក់ទុន មិនស្រួលទេ គេដាក់ទុនហើយ គេនៅជាមួយយើងយូរ គេនៅជាមួយយើងយូរហើយ គេពង្រីកទៀត គេទុកចិត្តលើយើងមិនងាយស្រួលទេ ចឹងបានន័យថាមិច បានន័យថា ដើម្បីឱ្យមានការរីកចម្រើនមកដល់ម៉ោងនេះទាល់តែមានលទ្ធផលនៃការសហការទាំងអស់គ្នាទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ»។សម្តេចធិបតីបានថ្លែងអំណរគុណនិងអំពាវនាវឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធបន្តចូលរួមខិតខំជួយបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនទាំងក្នុងនិងក្រៅប្រទេស ដើម្បីបន្តជំរុញកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍនៅកម្ពុជា។សម្តេចធិបតីសូមកោតសរសើរក្រុមហ៊ុនអន្តរជាតិ RMA និងក្រុមហ៊ុន Ford ដែលជាក្រុមហ៊ុនដ៏ធំរបស់សហរដ្ឋអាមេរិកដែលបានផ្តល់ទំនុកចិត្តជ្រើសរើសប្រទេសកម្ពុជា ជាទីតាំងវិនិយោគក្នុងវិស័យឧស្សាហកម្មដំឡើងរថយន្ត និងឈានទៅដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford ដើម្បីចែកចាយនៅលើទីផ្សារ ។ វត្តមានរបស់ឧស្សាហកម្មធុនធ្ងន់ដ៏ទំនើបនេះ ផ្តល់ឱកាសការងារ ប្រាក់បៀវត្សរ៍រួមចំណែកអភិវឌ្ឍធនធានមនុស្សនិងជំរុញដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា៕ប្រភពSTPM

Powered by Blogger.