សម្តេចធិបតីលើ​កឡើងពី៥ចំណុចទាក់​​ទាញវិនិយោគិនមកភូមិភា​គឦសាន

សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃពុធទី៩ ខែមេសាឆ្នាំ២០២៥បានប្រកាសថារាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តជាផ្លូវការនូវ"កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤នៃភូមិភាគឦសាន"ក្នុងគោលបំណងលើកកម្ពស់សេដ្ឋកិច្ចនិងទាក់ទាញការវិនិយោគមកកាន់តំបន់នេះ។សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីលក្ខណៈពិសេសសំខាន់ៗចំនួន៥ចំណុចនៃកម្មវិធីនេះ រួមមាន៖

១. ការលើកទឹកចិត្តផ្នែកវិនិយោគលើសលប់៖ រាជរដ្ឋាភិបាលនឹងផ្តល់ការលើកទឹកចិត្តផ្នែកវិនិយោគដែលលើសពីក្របខ័ណ្ឌច្បាប់វិនិយោគ និងផ្តល់វិសាលភាពទូលំទូលាយជាង គ.ល.គ. (គម្រោងលើកទឹកចិត្តគុណភាព)។ ការលើកទឹកចិត្តនេះនឹងគ្របដណ្តប់លើវិស័យអាទិភាព វិស័យទូទៅ និងគម្រោងពង្រីកនៃ គ.ល.គ.។ លើសពីនេះទៀត សហគ្រាសដែលកំពុងប្រតិបត្តិការក្នុងខេត្តទាំង៤។ប៉ុន្តែមិនទាន់បានចុះបញ្ជីពន្ធដារ អាចចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ ២០២៥ ដោយទទួលបានការលើកលែងពិន័យ ការផាកពិន័យ និងបំណុលពន្ធពីមុន។ ក្រោយការចុះបញ្ជីពន្ធដាររួចរាល់ សហគ្រាសទាំងនេះអាចដាក់ពាក្យស្នើសុំការលើកទឹកចិត្តជា គ.ល.គ. ក្នុងឆ្នាំ ២០២៥។២. យន្តការច្រកចេញចូលតែមួយ និងការដោះស្រាយបញ្ហានៅនឹងកន្លែង៖ រាជរដ្ឋាភិបាលបានបង្កើត "ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន)" ដែលជាយន្តការច្រកចេញចូលតែមួយ ផ្អែកលើភាពជោគជ័យនៃ "ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ"។ ក្រុមការងារនេះនឹងដើរតួនាទីជាច្រកចេញចូលតែមួយក្នុងការពិនិត្យ វាយតម្លៃ និងអនុម័តគម្រោង ផ្តល់លិខិតអនុញ្ញាត និងតាមដានការអនុវត្តគម្រោងវិនិយោគនានាក្រោមកម្មវិធីពិសេសនេះ។ វិនិយោគិនអាចដាក់ពាក្យស្នើសុំការអនុម័ត និងឯកសារពាក់ព័ន្ធផ្សេងៗទៀតជាមួយ ក្រុមការងារ ក.វ.ឦសាន តែម្តង ដោយមិនចាំបាច់ឆ្លងកាត់នីតិវិធីតាមក្រសួង ស្ថាប័ននីមួយៗ។ ការិយាល័យរបស់ក្រុមការងារនេះមានទីតាំងនៅ អគារមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច (OCIC ជ្រោយចង្វារ) និងនៅតាមរដ្ឋបាលខេត្តទាំង៤។៣. ការជំរុញវិនិយោគិនក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម (SME)៖ កម្មវិធីនេះផ្តោតសំខាន់លើការអភិវឌ្ឍ SME។ រាជរដ្ឋាភិបាលបានបន្ធូរបន្ថយលក្ខខណ្ឌទំហំទុនវិនិយោគអប្បបរមាត្រឹម ១០ម៉ឺនដុល្លារអាមេរិកឡើងទៅ ដើម្បីឱ្យវិនិយោគិនក្នុងស្រុកអាចចូលរួមបានកាន់តែច្រើន។ វិនិយោគិនដែលមានទុនវិនិយោគចាប់ពី ១០ម៉ឺនដុល្លារអាមេរិកឡើងទៅ អាចស្នើសុំគោលការណ៍វិនិយោគពី ក.វ.ឦសាន ដើម្បីចុះបញ្ជីជា គ.ល.គ. ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត តាមនីតិវិធីជាធរមាន។

៤. ការផ្តល់ហិរញ្ញប្បទានគាំទ្រ៖ រាជរដ្ឋាភិបាលបានត្រៀមថវិកាសម្រាប់កម្មវិធីហិរញ្ញប្បទានអត្រាការប្រាក់សមរម្យ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank)។ កម្មវិធីហិរញ្ញប្បទាននេះផ្តោតជាពិសេសលើ SME សហគមន៍កសិកម្មទំនើប និងសហគមន៍ទេសចរណ៍។

៥. ការជំរុញធនធានមនុស្ស៖ ដើម្បីដោះស្រាយបញ្ហាកង្វះខាតធនធានមនុស្ស ជាពិសេសក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម រាជរដ្ឋាភិបាលបានសម្រេចផ្តល់ការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់បៀវត្សសម្រាប់កម្មករនិយោជិតជាជនជាតិខ្មែរ ដែលមានប្រាក់បៀវត្សប្រចាំខែ ស្មើនឹង ឬតិចជាង ២.០០០.០០០ រៀល និងបម្រើការងារក្នុង គ.ល.គ. ដែលមានប្រតិបត្តិការនៅក្នុងខេត្តណាមួយនៃខេត្តទាំងបួននៅភូមិភាគឦសាន។កម្មវិធីពិសេសនេះត្រូវបានរំពឹងថានឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងភូមិភាគឦសាននៃប្រទេសកម្ពុជា៕

Powered by Blogger.