ប្រធានាធិ​បតី​អ៊ុយក្រែន​បង្ហើប​ថាលោក​​ពន្យារ​ពេល​ទស្សនកិច្ច​ទៅ​អា​រ៉ាប៊ីសាអូឌីតដោយសា​រ​ការ​ចរចា​រុស្ស៊ី-អា​មេរិក

 ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា លោកបានពន្យារពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតរហូតដល់ខែមីនាដោយសារតែកិច្ចពិភាក្សារវាងរុស្ស៊ី និងសហរដ្ឋអាមេរិកនៅទីក្រុងរីយ៉ាដ។

យោងតាមកាសែត Pravda លោក Zelenskyបានលាតត្រដាងព័ត៌មានខាងលើនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១៨ ខែកុម្ភៈបន្ទាប់ពីបានជួបជាមួយប្រធានាធិបតីតួកគី Recep Tayyip Erdoğan។នៅក្នុងសន្និសីទសារព័ត៌មាន អ្នកសារព័ត៌មានស្រីម្នាក់បានលើកឡើងថាការចរចារវាងមន្ត្រីជាន់ខ្ពស់រុស្ស៊ីនិងអាមេរិកកំពុងដំណើរការដោយកត់សម្គាល់ថាគណៈប្រតិភូរុស្ស៊ីគ្រោងនឹងចាកចេញពីអារ៉ាប៊ីសាអូឌីតទៅកាន់ទីក្រុងម៉ូស្គូនៅថ្ងៃទី១៩ខែកុម្ភៈ ខណៈដែលគណៈប្រតិភូអាមេរិកនឹងបន្តនៅក្នុងប្រទេសមជ្ឈិមបូព៌ា។ នាងបានចោទសួរថាតើលោកZelenskyមានគម្រោងជួបសមភាគីអាមេរិក ក្នុងដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី ១៩ខែកុម្ភៈ ដូចការគ្រោងទុកដែរឬទេ?“ខ្ញុំនឹងមិនទៅអារ៉ាប៊ីសាអូឌីតទេ។ យើងបានទាក់ទងដៃគូរបស់យើង។ខ្ញុំមានទំនាក់ទំនងល្អជាមួយព្រះអង្គម្ចាស់ Mohammed Bin Salman ។ យើង​ទើប​តែ​ទាក់ទង​និង​យល់​ព្រម​ថា​ខ្ញុំ​នឹង​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី១០ ខែ​មីនា។ចំណែក​សហរដ្ឋ​អាមេរិក យើង​កំពុង​រង់ចាំ​ពួកគេ​នៅ​ទីក្រុង​គៀវ» ប្រធានាធិបតី​អ៊ុយក្រែន​បាន​ឆ្លើយតប។លោក Zelensky បានបន្ថែមថា រូបលោកផ្ទាល់មិនត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចសន្ទនារុស្ស៊ី-អាមេរិកនៅរដ្ឋធានីរីយ៉ាដរបស់អារ៉ាប៊ីសាអូឌីតនោះទេ។យោងទៅតាមលោកនោះជាអ្វីដែលធ្វើឱ្យគៀវភ្ញាក់ផ្អើលហើយពួកគេគ្រាន់តែដឹងអំពីព្រឹត្តិការណ៍នេះតាមរយៈប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះ។“យើងមិនចង់ឱ្យនរណាម្នាក់ធ្វើការសម្រេចចិត្តនៅពីក្រោយខ្នងរបស់យើងទេ។ខ្ញុំគិតថាវាយុត្តិធម៌។ ប្រទេសណាមួយមានទំនាក់ទំនងទ្វេភាគីជាមួយប្រទេសដទៃទៀត។ ដូច្នេះអ្នកអាចពិភាក្សាអ្វីដែលអ្នកចង់បាន។ប៉ុន្តែអ្នកមិនអាចធ្វើការសម្រេចចិត្តអំពីរបៀបបញ្ចប់ជម្លោះនៅអ៊ុយក្រែនដោយមិនមានការចូលរួមពីអ៊ុយក្រែនទេ” Zelensky សង្កត់ធ្ងន់។កន្លងមកកាលពីថ្ងៃទី ១៧ ខែកុម្ភៈ ប្រធានាធិបតីអ៊ុយក្រែនក៏បានបញ្ជាក់ដែរថាលោកនឹងមិនទទួលស្គាល់លទ្ធផលនៃកិច្ចចរចាសន្តិភាពណាមួយទាក់ទងនឹងជម្លោះជាមួយរុស្ស៊ីដោយគ្មានតំណាងទីក្រុងគៀវចូលរួមនោះទេ។ ប្រភពពីរដែលដឹងពីបញ្ហានេះបានប្រាប់សារព័ត៌មានអង់គ្លេសថា លោក Zelenskyបានពន្យារពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីជៀសវាងការទទួលស្គាល់ភាពស្របច្បាប់នៃកិច្ចចរចារុស្ស៊ី-អាមេរិកនៅទីក្រុងរីយ៉ាដ៕ពុតសាម៉ាត់

Powered by Blogger.