នាយករដ្ឋមន្ត្រីចោទ​លោកសមរង្ស៊ីថាតែងភ្ជាប់ខ្លួនជា​មួយអ្នកឈ្នះនិងដាក់ខ្លួនឆ្ងាយពី​អ្នកចាញ់

 សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចោទលោក សម រង្ស៊ី ថាជាជនឱកាសនិយមដែលតែងតែភ្ជាប់ខ្លួនជាមួយបុគ្គលដែលឈ្នះ ហើយតែងតែដាក់ខ្លួនឆ្ងាយពីបុគ្គលដែលចាញ់ឬមានបញ្ហាពេលនិយាយពីនយោបាយអន្តរជាតិ។នេះបើតាមការចេញផ្សាយKhmer Times។

សម្តេចនាយករដ្ឋមន្ត្រីកាលពីថ្ងៃអាទិត្យបានបង្ហោះសំណេរនយោបាយជាមួយនឹងវីដេអូលោកសមរង្ស៊ីមេដឹកនាំអតីតបក្សសង្គ្រោះជាតិធ្វើកិច្ចសម្ភាសជាមួយសារព័ត៌មានឌឹខេមបូឌាដេលីកាលពីខែកញ្ញាឆ្នាំមុន។ក្នុងកិច្ចសម្ភាសនោះលោកសមរង្ស៊ីបានរិះគន់បុគ្គលិកលក្ខណៈរបស់លោក ដូណាល់ ត្រាំពេលដែលគាត់នៅជាបេក្ខជនប្រធានាធិបតី។ លោកសមរង្ស៊ីបានរិះគន់ថាលោកដូណាល់ត្រាំជាមនុស្សនិយាយមិនពិតនិងចូលចិត្តធ្វើប្រជាភិថុត។លោក សម រង្ស៊ី បាននិយាយថា៖ «លោកត្រាំមិនសូវនិយាយការពិតទេ។គាត់និយាយបំផ្លើស ហើយគាត់ចូលចិត្តធ្វើប្រជាភិថុត […] អ្នកខ្លះជឿគាត់ដោយងាយពេក។

ពលរដ្ឋគួរតែជ្រើសរើសអ្នកដឹកនាំដែលធ្វើនិងនិយាយដោយឈរលើការពិត»។សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាននិយាយថា ពេលបានទស្សនាវីដេអូនេះហើយសម្តេចនឹកដល់ពេលកន្លងមកដែលសម្តេចកត់សម្គាល់ឃើញដល់លោកសមរង្ស៊ីដែលជាអ្នកនយោបាយចាស់វស្សានិងជាជនឱកាសនិយមតែងតែយកខ្លួនភ្ជាប់ជាមួយនឹងអ្នកដែលឈ្នះ ដូចជាលោកស្រីអ៊ុងសានស៊ូជីនៅមីយ៉ាន់ម៉ាដែលឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៥ហើយគាត់តែងតែដាក់ខ្លួនឯងនៅឆ្ងាយពីបុគ្គលដែលចាញ់ឬមានបញ្ហា។សម្តេចហ៊ុន ម៉ាណែត ជឿថា ការណ៍ដែលលោក សម រង្ស៊ី ហ៊ាននិយាយរិះគន់លោកដូណាល់ត្រាំមុនការបោះឆ្នោតនៅសហរដ្ឋអាមេរិកប្រហែលជាគាត់យល់ថាលោកដូណាល់ត្រាំនឹងមិនទទួលជោគជ័យក្នុងការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកានោះទេបើយោងតាមការស្ទង់មតិជាច្រើននាពេលនោះ។ផ្ទុយទៅវិញប្រជាពលរដ្ឋអាមេរិកបានបោះឆ្នោតឱ្យលោកដូណាល់ត្រាំឈ្នះនិងក្លាយជាប្រធានាធិបតីទី៤៧របស់អាមេរិក។សម្តេចហ៊ុន ម៉ាណែត បាននិយាយថា៖ «ខ្ញុំរង់ចាំមើលថាតើអ្នកនយោបាយចាស់វស្សានិងជាជនឱកាសនិយម សមរង្សីដែលតែងតែអួតពីការគាំទ្ររបស់អាមេរិកនឹងស្នើសុំការជួយពីរដ្ឋបាលរបស់លោកដូណាល់ ត្រាំយ៉ាងណាទៀតទៅ។ តើគាត់ត្រូវធ្វើមុខក្រាស់ឬដាក់ខ្លួនបែរមកនិយាយល្អអំពីលោកដូណាល់ ត្រាំដើម្បីបានការជួយឬទេ?បើភស្តុតាងដែលបង្ហាញអំពីការរិះគន់វាយប្រហារបស់គាត់លើបុគ្គលិកលក្ខណៈរបស់លោក ដូណាល់ ត្រាំ មានច្បាស់យ៉ាងនេះ»។លោកយង់ពៅអគ្គលេខារាជបណ្ឌិត្យសភាកម្ពុជាបានយល់ថាពីមុនលោកសមរង្ស៊ីជាអ្នកនយោបាយខ្មែរដែលតាមមិនទាន់សម័យកាលហើយពេលនេះលោកបានក្លាយជាអ្នកនយោបាយរមិលគុណដ្បិតគាត់តែងធ្វើសកម្មភាពនៅសហរដ្ឋអាមេរិកជាច្រើនឆ្នាំមកហើយ ។ប៉ុន្តែគាត់មិនយល់ពីសហរដ្ឋអាមេរិក ហើយបានវាយប្រហារលោក ដូណាល់ ត្រាំ ក្នុងខណៈគាត់តែងតែជ្រកកោនសហរដ្ឋអាមេរិក។ នេះជាហេតុផលដែលលោកវាយតម្លៃចំពោះលោក សម រង្ស៊ី។លោកជឿថាលោកសមរង្ស៊ីជាអ្នកនយោបាយចាស់វស្សាម្នាក់ដែលនិយាយតាមអារម្មណ៍របស់គាត់ដោយគ្មានមូលដ្ឋានច្បាស់លាស់សម្រាប់ការវិភាគទាំងនយោបាយនិងច្បាប់របស់សហរដ្ឋអាមេរិក។ការនិយាយតាមអារម្មណ៍របៀបនេះដើម្បីតែបង្វែរការយល់ឃើញអ្នកដែលគាំទ្រគាត់ឱ្យខឹងស្អប់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈការញុះញង់ថារាជរដ្ឋាភិបាលកម្ពុជាគ្មានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកដែលតាមពិតរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលសហរដ្ឋអាមេរិកមានទំនាក់ទំនងល្អជាមួយគ្នា។លោកបាននិយាយថា៖ «តាមទស្សនៈខ្ញុំ។ប្រសិនបើលោក សម រង្ស៊ី ជាអ្នកនយោបាយមានសម្បជញ្ញៈមិនគួរមានឱកាសជាន់ទឹកដីសហរដ្ឋអាមេរិកទៀតទេពីព្រោះគាត់អត់យល់ពីអាមេរិក។ជាពិសេសអត់យល់ពីនយោបាយរបស់លោកដូណាល់ត្រាំ។អ៊ីចឹងនេះជារឿងអាម៉ាស់សម្រាប់ខ្លួនគាត់»៕


Powered by Blogger.