CPPនឹងបញ្ចូនគណៈប្រតិភូរបស់ខ្លួនទៅចូលរួមសង្កេតដំណើរការបោះឆ្នោតនៅមីយ៉ាន់ម៉ា
គណបក្សប្រជាជនកម្ពុជា(CPP)នឹងបញ្ចូនគណៈប្រតិភូរបស់ខ្លួនទៅចូលរួមសង្កេតដំណើរការបោះឆ្នោតនៅមីយ៉ាន់ម៉ាដែលគ្រោងធ្វើនៅខែវិច្ឆិកាឆ្នាំ២០២៥ តាមសំណើរបស់គណបក្សសហភាពសាមគ្គីនិងអភិវឌ្ឍន៍ (USDP)ប្រទេសមីយ៉ាន់ម៉ា។ព័ត៌មាននេះត្រូវបានលើកឡើងនៅក្នុងជំនួបរវាងសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក Khin Yi ប្រធានគណបក្ស USDP នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែវិច្ឆិកានៅអំឡុងមហាសន្និបាតលើកទី១២នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP)។សម្តេច ហ៊ុន សែន ក៏បានឯកភាពតាមសំណើសុំឲ្យមានកិច្ចព្រមព្រៀងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្ស USDP ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។ចំណែកលោក Khin Yi ក៏បានកោតសរសើរចំពោះការរៀបចំការបោះឆ្នោតនៅកម្ពុជា ដែលមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ប្រកបដោយតម្លាភាព និងសណ្តាប់ធ្នាប់ល្អជាទីបំផុត ដោយកន្លងមកសហការីរបស់ឯកឧត្តម បានចូលរួមសង្កេតដំណើរការបោះឆ្នោតនៅកម្ពុជាក្នុងក្របខណ្ឌ ICAPP និងទទួលបាននូវបទពិសោធន៍ល្អៗជាច្រើន។
Post a Comment