ឯកឧត្តមអ​ភិ​សន្តិបណ្ឌិតស សុខាលើ​កទឹក​ចិត្តដល់សិស្សនិទ្ទេសA​ខេត្តព្រៃវែង​ជ្រើសរើស​ជំ​នាញរៀ​នឱ្យបា​នត្រឹមត្រូវ

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សខេត្តព្រៃវែង ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស A ចំនួន ១១៩នាក់ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានកោតសរសើរ និងលើកទឹកចិត្តដល់សិស្សនិទ្ទេស A ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន។

ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថាលទ្ធផលដ៏ត្រចះត្រចង់នេះគឺជាមោទនភាពមួយយ៉ាងធំក្រៃលែងនិងជាកិតិ្តយសសម្រាប់ខេត្តព្រៃវែងក្នុងបរិបទនៃការបន្តធ្វើកំណែទម្រង់វិស័យអប់រំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានជុំរុញឱ្យវិស័យអប់រំមានភាពរីកចម្រើនឡើងជាលំដាប់។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា លទ្ធផលដែលសិស្សានុសិស្សទទួលបាននេះ ក៏ដោយសារការចូលរួមពីលោកនាយក នាយិកា នាយករង លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល ដែលបានពុះពារ ពន្យល់ណែនាំ បង្ហាត់បង្រៀន លះបង់ទាំងកម្លាំងកាយចិត្ត ដោយមិនគិតពីពេលវេលា និងភាពនឿយហត់ដើម្បីជាថ្នាលមួយសម្រាប់ក្មួយៗសិស្សានុសិស្សយកទៅអនុវត្ត រហូតទទួលបាននូវជោគជ័យ ជាកិត្តិយសសម្រាប់ខ្លួនឯង គ្រួសារ និងប្រទេសជាតិ។ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបន្តលើកទឹកចិត្តដល់សិស្សានុសិស្សទាំងសិស្សដែលជាប់និទេ្ទសAនិងមិនជាប់និទេ្ទសAព្រមទាំងសិស្សានុសិស្សដែលប្រឡងធ្លាក់ គប្បីដាច់ខាតត្រូវតែបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា និងជ្រើសរើសជំនាញណាមួយ ឱ្យបានពិតប្រាកដ ច្បាស់លាស់ ត្រូវនឹងទេពកោសល្យរបស់ខ្លួន ព្រោះថា លទ្ធផលនៃការប្រឡងទោះជាប់ ឬធ្លាក់ គឺមិនទាន់បានកំណត់នូវជោគវាសនាឬអនាគតរបស់ខ្លួនបានឡើយ បើមិនមានការព្យាយាម តស៊ូបង្កើនសមត្ថភាព ក្រេបយកចំណេះដឹងបន្ថែម ដើម្បីអភិវឌ្ឍខ្លួន ជួយដល់គ្រួសារ និងប្រទេសជាតិ និងស្របតាមទីផ្សារការងារ ដែលកំពុងត្រូវការនាពេលបច្ចុប្បន្ននេះ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ញើសារដល់ក្មួយៗសិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់មតេយ្យសិក្សា ថ្នាក់បឋមសិក្សា ថ្នាក់អនុវិទ្យាល័យ និងថ្នាក់វិទ្យាល័យ ទាំងអស់នៅទូទាំងប្រទេស ត្រូវបន្តខិតខំសិក្សារៀនសូត្រ ដើម្បីថ្ងៃអនាគតទទួលបានលទ្ធផលឱ្យដូចទៅនឹងលទ្ធផលដែលសិស្សច្បងយើងទទួលបាននៅថ្ងៃនេះ ជាមោទនភាពសម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និងសង្គមជាតិទាំងមូល។ ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានឧបត្ថម្ភដល់ក្មួយៗប្រឡងជាប់និទ្ទេស A ទាំង ១១៩នាក់ ក្នុងម្នាក់ៗ ថវិកា ចំនួន ៣០០ដុល្លារ។ ដោយឡែកលោកនាយក នាយិកាវិទ្យាល័យ ទាំង២៨ ដែលមានសិស្សជាប់និទ្ទេស A ក្នុងមួយវិទ្យាល័យ ថវិកា ចំនួន ២០ម៉ឺនរៀលផងដែរ៕ ដោយសេងបូលីនមន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ













































Powered by Blogger.