សម្តេចតេជោ​ហ៊ុនសែន៖វគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេង គណបក្សជា​ប់ព្រំដែន​​កម្ពុជា-ឡាវ-វៀតណាម​នឹងធ្វើឱ្យទំនាក់ទំនងមិត្តភា​ពកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរឹងមាំ​យូរអង្វែង

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃពុធ  ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ សិក្ខាកាមទាំង៥០រូបនៃវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេងគណបក្សជាប់ព្រំដែន កម្ពុជា-ឡាវ-វៀតណាម ចូលជួបសម្តែងការគួរសម និងសំណេះសំណាលនៅវិមាន៧មករារាជធានីភ្នំពេញ។

ការជួបសំណេះសំណាលនាពេលនេះ គឺបានបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា  ចំពោះវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេងគណបក្សជាប់ព្រំដែន កម្ពុជា-ឡាវ-វៀតណាម និងសិក្ខាកាម ក៏ដូចជាធ្វើឱ្យទំនាក់ទំនងមិត្តភាព សាមគី្គភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំ យូរអង្វែងរវាងគណបក្សនៃប្រទេសទាំងបីកម្ពុជាឡាវនិងវៀតណាមកាន់តែប្រសើរឡើងថែមទៀត។ សូមបញ្ជាក់ថាតាមការឯកភាពគ្នាជាឯកច្ឆ័ន ពីប្រមុខដឹកនាំនៃគណៈបក្សទាំងបី គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា  ឯកឧត្តម ថងលុន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងឯកឧត្តម ង្វៀន ហ្វូជុង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១គណបក្សប្រជាជនកម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលថ្នាក់ដឹកនាំវ័យក្មេងគណបក្ស ខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី ជាលើកទី២នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២៤។វគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេងគណបក្សជាប់ព្រំដែនកម្ពុជា-ឡាវ-វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះថ្នាលយុវជនឆ្នើមដើម្បីចូលរួមកាន់តែសកម្មថែមទៀតក្នុងការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីវឌ្ឍនភាពនិងវិបុលភាពសម្រាប់ប្រជាជននៃប្រទេសយើងទាំងបី និងបណ្តាប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គទទួលបានបទពិសោធន៍ពីវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេងនិងបានឃើញជាក់ស្តែងនូវសមិទ្ធផលសង្គមជាតិ។ នៅចុងបញ្ចប់នៃកិច្ចជួបសំណេះសំណាល សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយ សិក្ខាកាមនៃប្រទេសទាំង៣ ប្រកបដោយបរិយាកាសសប្បាយរីករាយ៕

Powered by Blogger.