TripAdvisorដា​ក់ប្រាសាទអង្គរវត្តជាប់ចំ​ណាត់ថ្នាក់ទី១២​ជាគោលដៅ​ទាក់ទាញទេសចរដ៏ល្អបំ​ផុតលើពិភពលោក

ប្រាសាទអង្គរវត្តក្នុងចំណាត់ថ្នាក់ទី១២ក្នុងចំណោមគោលដៅទាក់ទាញទេសចរល្អបំផុតទាំង២៥លើពិភពលោក។​នេះបើតាមគេហទំព័រ TripAdvisor បានដាក់ឈ្មោះ។គេហទំព័រដដែល បានបញ្ជាក់ដោយខ្លីថា «ប្រាសាទអង្គរវត្តគឺជាអច្ឆរិយៈរបស់ពិភពលោកហើយជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។មនុស្សជាច្រើនបានទៅទស្សនាថ្ងៃរះនៅទីនោះ។មានប្រវត្តិរឿងរ៉ាវដ៏អស្ចារ្យជាច្រើនដែលភ្ញៀវទេសចរគួរតែដឹងពីតំបន់បេតិកភណ្ឌមួយនេះ»។

តាមគេហទំព័រខាងលើ ប្រាសាទអង្គរវត្ត ឈរបន្ទាប់ពី១១ទំបន់ទេសចរ នៃប្រទេសដូចជា អាមេរិក បារាំងហូឡង់ អេស្ប៉ាញ អ៊ីតាលីសិង្ហបុរី និងស៊ុយអែត...។ការទទួលបានចំណាត់ថ្នាក់នេះ គឺស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញចលនាទស្សនាសៀមរាបឆ្នាំ២០២៤ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនានិងស្នាក់នៅតាមគោលដៅទេសចរណ៍នានានៅខេត្តសៀមរាបក៏ដូចជាទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជា និងសៀមរាប-អង្គរនេះផងដែរ។ជាមួយនឹងចំណាត់ថ្នាក់ដ៏ល្អខាងលើនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមិថុនានេះបានចូលរួមអបអរសាទរចំពោះប្រាសាទអង្គរវត្តរបស់កម្ពុជាដែលបានជាប់ចំណាត់ថ្នាក់ទី១២នេះផងដែរ។យោងតាមអ្នកប្រវត្តិសាស្ត្រ ប្រាសាទអង្គរវត្តត្រូវបានស្ថាបនាឡើងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ (វ្រះបាទធូលីជេងវ្រះកម្រតេងអញស្រីសូយ៌្យវម៌្មទេវៈ) ចាប់ពីឆ្នាំ១១១៣-១១៥០ ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុក្នុងពេលដែលព្រះអង្គនៅមានព្រះជន្ម និងសម្រាប់ជាព្រះរាជផ្នូរក្រោយពេលព្រះអង្គសោយទិវង្គត់។ មហាប្រាសាទនេះក៏ត្រូវបានចាត់ទុកជាទីសាសនដ្ឋានធំជាងគេបំផុតនៅលើពិភពលោកផងដែរព្រមទាំងបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិជុំវិញពិភពលោកឱ្យមកទស្សនាជាហូរហែជាប់ឥតដាច់៕AKP

Powered by Blogger.