សម្ដេច​តេជោហ៊ុនសែនអ​រគុណប្រទេ​សថៃដែលបានបង្កលក្ខណៈ​ងា​យស្រួលដ​ល់ពលរដ្ឋនិងព​លករ​កម្ពុជា

សម្ដេចតេជោហ៊ុនសែនបានអរគុណដល់ប្រទេសថៃដែលបានបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋនិងពលករកម្ពុជាបានទៅធ្វើការក្នុងប្រទេសថៃ ដោយបានបង្កើនរយៈពេលស្នាក់មិនចាំបាច់មានទិដ្ឋាការពីរយៈពេល៤០ថ្ងៃ ទៅ៦០ថ្ងៃ។ នេះបើតាមការឱ្យដឹងបន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យឯកឧត្ដមMarisSANGIAMPONGSAរដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ នាព្រឹកថ្ងៃទី ២៧ ខែមិថុនាឆ្នាំ២០២៤នៅវិមានព្រឹទ្ធសភាក្នុងខណៈដែលឯកឧត្ដមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះឯកឧត្តម Maris SANGIAMPONGSA ដែលត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីការបរទេសថៃ។ 

សម្ដេចតេជោបានអរគុណនិងស្វាគមន៍ចំពោះឯកឧត្តមដែលបានជ្រើសរើសកម្ពុជា ជាទីកន្លែងបំពេញទស្សនកិច្ចលើកដំបូងនាពេលនេះ។ សម្ដេចតេជោសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងពង្រឹង នូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ជាមួយគ្នានេះសម្តេចតេជោប្រធានព្រឹទ្ធសភាក៏បានផ្ដាំផ្ញើសួរសុខទុក្ខដល់ឯកឧត្តមនាយករដ្ឋមន្ត្រីថៃនិងថ្នាក់ដឹកនាំថៃដទៃទៀតផងដែរ។ឯកឧត្តមរដ្ឋមន្ត្រីការបរទេសថៃបានថ្លែងអំណរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម បានចូលជួបសម្ដែងការគួរសមនៅពេលនេះ ដែលជាសេចក្តីប៉ងប្រាថ្នារបស់ឯកឧត្តមជាយូរមកហើយ។ ឯកឧត្តមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា ប្រទេសថៃបានចាត់ទុកប្រទេសកម្ពុជា ជាប្រទេសសំខាន់ ដោយប្រទេសទាំងពីរមានព្រំដែនជាប់គ្នា ហើយរាជរដ្ឋាភិបាលថៃតែងតែផ្ដល់អាទិភាពខ្ពស់ក្នុងទំនាក់ទំនងជាមួយព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ជូនចំពោះសម្ដេចតេជោផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសថៃ បានជម្រាបជូនសម្ដេចតេជោថាឯកឧត្តមបានទទួលការណែនាំពីរាជរដ្ឋាភិបាលថៃ ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេសត្រូវខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីពង្រឹងពង្រីកទំនាក់ទំនងដែលមានស្រាប់រវាងប្រទេសទាំងពីរ ហើយប្តេជ្ញាឱ្យទំនាក់ទំនងនេះកាន់តែរឹងមាំស៊ីជម្រៅលើគ្រប់វិស័យ។ ឯកឧត្តមរដ្ឋមន្រ្ដីក៏បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងជំនួយសព្វបែបយ៉ាងដែលរាជរដ្ឋាភិបាលកម្ពុជាបានជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរជាពិសេសការតភ្ជាប់រវាងប្រជាជន និងប្រជាជន និងទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន។ឯកឧត្តមរដ្ឋមន្រ្ដីការបរទេសថៃក៏បានលើកឡើងការសម្រេចចិត្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និង នាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ដែលគាំទ្រអនុញ្ញាតឱ្យបើកស្ថានអគ្គកុងស៊ុលនៅខេត្តសៀមរាប និងស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តសុងក្លា។ ឯកឧត្តមសង្ឃឹមថា បន្ទាប់ពីបើកឱ្យដំណើរការ ស្ថានអគ្គកុងស៊ុលទាំងពីរនេះ នឹងជំរុញថែមទៀតនៅការតភ្ជាប់រវាងប្រជាជន និងប្រជាជន ជាពិសេសការវិនិយោគផ្សេងៗ។ឯកឧត្តមរដ្ឋមន្ត្រីការបរទេសថៃបានលើកជាយោបល់ថា នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរអាចនឹងផ្ដល់កិត្តិយស ចូលរួមក្នុងការបើកអគ្គកុងស៊ុល​នៅប្រទេសទាំងពីរ ដើម្បីជានិម្មិតរូបបង្ហាញថារាជរដ្ឋាភិបាលនៃប្រទេសទាំងពីរធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធដើម្បីជំរុញការតភ្ជាប់រវាងប្រជាជន និងប្រជាជន។ឯកឧត្តមបានជម្រាបជូនសម្តេចតេជោ នូវលទ្ធផលប្រកបដោយផ្លែផ្កាក្នុងជំនួបសម្ដែងការគួរសមជាមួយសម្ដេចធិបតីនាយករដ្ឋមន្ត្រីហើយក្នុងជំនួបនោះឯកឧត្តមក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ ជូនចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងពីការធានាអះអាងថា មិនអនុញ្ញាតឱ្យជនអមិត្តណាប្រើប្រាស់ទឹកដីថៃធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជានោះទេ។ ឯកឧត្តមសរដ្ឋមន្រ្ដីក៏បានជម្រាបជូនសម្ដេចតេជោ ពីក្តីរីករាយដែលរដ្ឋាភិបាលថៃបានបង្កើតនូវវិធាននិងបទបញ្ញត្តិដែលអនុគ្រោះ និងសម្រួលឱ្យពលរដ្ឋខ្មែរធ្វើដំណើរចូលទៅកាន់ប្រទេសថៃ និងស្នាក់នៅ ដោយពុំចាំបាច់មានទិដ្ឋាការរហូតដល់រយៈពេល៦០ថ្ងៃ ដែលកាលពីមុន មានរយៈពេលត្រឹមតែ៤០ថ្ងៃប៉ុណ្ណោះ។ ទាំងនេះជាការលើកទឹកចិត្តឱ្យប្រជាជនកម្ពុជាបានចូលរួមក្នុងវិស័យពាណិជ្ជកម្មនៅតាមព្រំដែន និងការធ្វើដំណើរកំសាន្តទេសចរណ៍ជាដើម។ឯកឧត្ដមរដ្ឋមន្រ្ដីការបរទេសថៃបានបន្ថែមថារាជរដ្ឋាភិបាលថៃក៏បានជំរុញឱ្យវិស័យឯកជនបានចូលរួមជាមួយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការជំរុញការវិនិយោគលើវិស័យសំខាន់ៗជាច្រើន។ ទន្ទឹមនេះ រាជរដ្ឋាភិបាលថៃមើលឃើញថាទំហំទេសចរណ៍បរទេសចូលទៅទស្សនាប្រទេសថៃមានចំនួនច្រើន ដូច្នេះភ្ញៀវទេសចរបរទេសទាំងអស់នោះ ក៏អាចបន្តមកទស្សនាប្រទេសកម្ពុជាបានផងដែរ ដើម្បីរួមចំណែកទាំងអស់គ្នាក្នុងភាពរីកចម្រើននៃវិស័យទេសចរណ៍។សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីការបរទេសថៃ ដែលបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់នាយករដ្ឋមន្ត្រីថៃសេដ្ឋា ថាវីស៊ីន។សម្ដេចតេជោប្រធានព្រឹទ្ធសភាក៏បានកោតសរសើរចំពោះគោលជំហររដ្ឋាភិបាលថៃដែលបញ្ជាក់អះអាងមិនអនុញ្ញាតឱ្យមានអមិត្តណាមួយយកទឹកដីថៃធ្វើសកម្មភាពប្រឆាំងនឹងកម្ពុជា។ សម្ដេចតេជោចាត់ទុកថានេះជាបញ្ហាសំខាន់សម្រាប់សន្តិសុខកម្ពុជាផង ថៃផង និងវៀតណាមផងដែរ។ សម្ដេចតេជោបន្តថា ប្រទេសកម្ពុជាក៏បានសន្យាជាមួយប្រទេសដទៃ មិនអនុញ្ញាតឱ្យប្រទេសឬក្រុមអមិត្តណាយកទឹកដីរបស់ខ្លួន (កម្ពុជា) ប្រឆាំងនឹងប្រទេសផ្សេងនោះដែរ។សម្ដេចតេជោក៏បានអរគុណដល់ប្រទេសថៃ ដែលបានបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ និង ពលករកម្ពុជា បានទៅធ្វើការក្នុងប្រទេសថៃដោយបានបង្កើនរយៈពេលស្នាក់មិនចាំបាច់មានទិដ្ឋាការពីរយៈពេល៤០ថ្ងៃទៅ៦០ថ្ងៃ។សម្ដេចតេជោបានចាត់ទុកការបង្កភាពងាយស្រួលនេះមិនត្រឹមតែបានអនុញ្ញាតឱ្យពលករកម្ពុជាមានចំណូលប៉ុណ្ណោះទេ ថែមទាំងទទួលបាននូវជំនាញថែមទៀតផងដែរ ព្រមទាំងផ្ដល់ឱកាសឱ្យប្រជាជននៃប្រទេសទាំងពីរមានទំនាក់ទំនងកាន់តែស៊ីជម្រៅទាំងវិស័យវិនិយោគ និងទេសចរណ៍។ សម្តេចតេជោបានបន្ថែមទៀតថាប្រទេសថៃជាគោលដៅមួយដែលពលរដ្ឋខ្មែរតែងតែទៅពិនិត្យសុខភាពហើយភាពរីកចម្រើនក្នុងវិស័យវេជ្ជសាស្ត្ររបស់ថៃ អាចនឹងជួយសម្រួលដល់ប្រជាជនប្រទេសជិតខាង មានកម្ពុជា ឡាវ មីយ៉ាន់ម៉ាដែលនឹងទៅស្វែងរកសេវាសុខាភិបាលនេះ។សម្ដេចតេជោឱ្យដឹងទៀតថាឆ្នាំ២០២៥ខួបលើកទី៧៥នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរហើយសម្ដេចជំរុញឱ្យមានការរៀបចំកម្មវិធីរម្លឹកខួបទំនាក់ទំនងនេះឱ្យបានច្រើនផងដែរ។ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ក៏ជំរុញឱ្យអ្នកវិនិយោគថៃមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត៕

Powered by Blogger.