ថ្លែងក្នុងពិធីមិទ្ទីងរម្លឹកខួបទី៧៣ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨.០៦.១៩៥១-២៨.០៦.២០២៤)ដែលមានអ្នកចូលរួមប្រមាណ១ម៉ឺននាក់ នាព្រឹកថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២៤នៅវិមាន៧មករាសម្ដេចអគ្គតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ស្នើឱ្យរាជរដ្ឋាភិបាលរៀបចំការបាញ់កាំជ្រួចទូងស្គរវាយត្រដោកក្នុងថ្ងៃបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ ដែលគ្រោងធ្វើនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នោះ។
|
|
សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យរាជរដ្ឋាភិបាលរៀបចំនៅថ្ងៃទី៥ ខែសីហា ខាងមុខ ពេលបើកការដ្ឋានព្រែកជីក-ហ្វូណនតេជោ ដោយអំពាវនាវគ្រប់ទីវត្តអារាមត្រូវរៀបចំទូងស្គរវាយត្រដោកនិងធ្វើអ្វីៗគ្រប់បែបយ៉ាងរហូតដល់ការបាញ់កាំជ្រួច ហើយនៅរាត្រីថ្ងៃទី៥ខែសីហា ក៏ត្រូវបាញ់កាំជ្រួចបន្ថែមទៀត នៅតាមទីកន្លែងដែលអាចធ្វើទៅបាន ដើម្បីបង្ហាញពីការគាំទ្រនិងលើកទឹកចិត្តសម្រាប់ការអភិវឌ្ឍរបស់យើង។ សម្ដេចតេជោបន្តថា គម្រោងព្រែកជីក-ហ្វូណនតេជោនេះ វានឹងបង្កើតឱកាសរាប់ម៉ឺនឆ្នាំសម្រាប់កម្ពុជាដើម្បីធានាថាកម្ពុជាអាចមានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្រដោយខ្លួនឯងដោយមិនចាំបាច់ឆ្លងកាត់ប្រទេសដទៃ។ជាមួយគ្នានេះ សម្ដេចតេជោមានជំនឿយ៉ាងមុតមាំថា ព្រែកជីក- ហ្វូណនតេជោវានឹងក្លាយទៅជាប្រព័ន្ធអេកូឡូស៊ីមួយដ៏ធំសម្រាប់ទិសនិរតីរបស់កម្ពុជា ដែលវាជួយបំពេញបន្ថែមទៅឱ្យការទប់ស្កាត់ និងរួមចំណែកការប្រែប្រួលអាកាសធាតុហើយបង្កើតនូវស្ថានភាពបៃតងគ្រប់រដូវកាលនៅទិសនិរតីរបស់កម្ពុជា។សម្ដេចតេជោប្រធានព្រឹទ្ធសភាក៏បានថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទីដែលបានគាំទ្រពេញទំហឹង ដល់គម្រោងអភិវឌ្ឍន៍ព្រែកជីកហ្វូណនតេជោ ដែលនឹងត្រូវបើកការដ្ឋានស្ថាបនានៅក្នុងពេលដ៏ខ្លីខាងមុខ។ដែលនេះជាចលនាជាតិដ៏ខ្លាំងក្លាមួយទៀតរបស់ប្រជាជនទាំងមូលដូចទៅនឹងចលនាជាតិការពារអធិបតេយ្យបូរណភាពទឹកដីនិងចលនាជាតិការពារខឿនសុខភាពប្រជាជននាពេលកន្លងមក។សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា គម្រោងព្រែកជីក-ហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមកើតចេញពីមនសិការ និងឆន្ទៈរបស់កម្ពុជាសុទ្ធសាធ ដែលនឹងផ្តល់ផលចំណេញយ៉ាងធំដល់កម្ពុជាដូចជាការចំណេញចម្ងាយផ្លូវដឹកជញ្ជូន, ចំណេញ ខាងការប្រកួតប្រជែងតម្លៃ, បង្កើនប្រព័ន្ធស្រោចស្រព និងការរំដោះទឹកជំនន់, ជួយពង្រីកការដាំដុះនៅភាគនិរតី, ទទួលបានផលនេសាទ និងពីវារីវប្បកម្ម ព្រមទាំងជំរុញដល់វិស័យ ទេសចរណ៍ផងដែរ។ ជាមួយគ្នានេះដែរ ព្រែកជីកហ្វូណនតេជោ នឹងជួយឱ្យកម្ពុជាពង្រឹងនូវឯករាជ្យភាពខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក។ ព្រែកជីកនេះ នឹងមិនបង្កផលប៉ះ ពាល់ដល់បរិស្ថាន និងរំហូរទឹកទន្លេមេគង្គឡើយ។សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិនានា ដែលបានផ្តល់ការជួយ ឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លាចំពោះបុព្វហេតុដ៏ត្រឹមត្រូវនិងយុត្តិធម៌របស់ប្រជាជនកម្ពុជានិងកំពុងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាដើម្បីការអភិវឌ្ឍនៅកម្ពុជា៕AKP
Post a Comment