នា​យ​ករដ្ឋមន្រ្តីបានផ្ដល់ជាអនុ​សាសន៍ចំនួន៦ដល់​សមា​គមសិល្បករខ្មែរ​ដើម្បីភាពរីកចម្រើន​នៃវិស័យសិល្បៈវ​​ប្បធម៌

ថ្លែងនៅក្នុងឱកាសសម្ដេចធិបតីនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសំណេះសំណាលនិងពិសាអាហារសាមគ្គីជាមួយសមាគមសិល្បករខ្មែរនារាត្រីថ្ងៃទី៣១ខែឧសភានេះសម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជាបានផ្ដល់ជាអនុសាសន៍ចំនួន៦ដើម្បីវឌ្ឍនភាពរបស់វិស័យសិល្បៈវប្បធម៍ទាំងមូលរបស់ជាតិ ៖

ទី១៖ សមាគមត្រូវសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរៀបចំឯកសារគតិយុត្តនានារបស់ សមាគមឱ្យមានភាពរឹងមាំ និងមានប្រសិទ្ធនៅក្នុងការអនុវត្តព្រមទាំងគិតគូរពីផែនការសកម្មភាពរយៈពេលខ្លីមធ្យមវែងរបស់សមាគមដែលជាកត្តាគន្លឹះនៃជោគជ័យរបស់សមាគម។ទី២៖សមាគមត្រូវបន្តក្លាយជាថ្នាលសម្រាប់ការបណ្តុះបណ្តាល, ផ្ទេរចំណេះដឹង, បទពិសោធ ពីសិល្បកររៀមច្បងមកសិល្បករបន្តវេន។ទី៣៖ សមាគមត្រូវធ្វើការសហការឱ្យបានជិតស្និទ្ធជាមួយក្រសួងវប្បធម៌និង វិចិត្រសិល្បៈព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីដាក់ចេញនូវក្រមសីលធម៌នៃអ្នកសិល្បៈ ព្រមទាំងបង្កើតនូវក្រមសីលធម៌វិជ្ជាជីវៈអ្នកសិល្បៈ ដើម្បីធ្វើជាយន្តការសម្របសម្រួលជាមួយសមាគមនិងអ្នកសិល្បៈគ្រប់ៗរូប។ទី៤៖ គ្រប់សិល្បករ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងឱ្យបាននូវការប្រឌិត, ការបង្កើតមាតិកា និង ការសម្ដែងទាំងឡាយ ដែលមានលក្ខណៈមិនល្អ ប៉ះពាល់ដល់សង្គមជាតិ និងវប្បធម៌របស់យើង។ លើសពីនេះសមាគមត្រូវបង្កើនសកម្មភាពសិល្បៈជួយសង្គម កុមារ ស្ត្រី មនុស្សចាស់ ជនពិការ និង អនាម័យ បរិស្ថានជាដើម និងបន្តយកចិត្តទុកដាក់ដល់សិល្បៈករ សិល្បការិនីវ័យចាស់ជរា ដែលមានជីវភាពលំបាក ដូចដែលបានធ្វើកន្លងមកនេះ។ទី៥៖ ត្រូវយកចិត្តទុកដាក់ខ្ពស់ ទៅលើការបង្កើតស្នាដៃថ្មី និងការតែងនិពន្ធ ដែលបានបញ្ចូលសារអប់រំ និង លើកស្ទួយសីលធម៌សង្គម, តម្លៃគ្រួសារខ្មែរ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សច្ចធម៌គុណធម៌និងមិនលួចចម្លង ក្នុងទិសដៅតម្កល់ស្នាដៃ ដែលបានបង្កើតជាគំរូ និង កេរដំណែលសម្រាប់ជនជំនាន់ក្រោយ។ទី៦៖ សិល្បកររៀមច្បង មានកាតព្វកិច្ច ជួយជ្រោមជ្រែង បង្ហាត់បង្រៀន បទពិសោធ ផ្ទេរចំណេះដឹង ដល់យុវជនវ័យក្មេង គឺជាកាតព្វកិច្ច ដើម្បីបន្តថែរក្សាមរតកដូនតា និងការបន្តរីកចម្រើនទៅមុខរបស់វិស័យសិល្បៈវប្បធម៌ជាតិរបស់យើង៕AKP


Powered by Blogger.