ឯកឧ​ត្ដមអ​ភិសន្តិបណ្ឌិតស សុខាវាយត​ម្លៃខ្ពស់ចំ​​ពោះបេ​សកកម្ម៣០ឆ្នាំ​របស់​ឧត្តមស្នងការទទួលបន្ទុក​សិទ្ធិម​​នុស្សនៅកម្ពុជាពិសេសការលើកកម្ពស់សិទ្ធិមនុស្ស!

 ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការចាប់អារម្មណ៍និងវាយតម្លៃជាវិជ្ជមានចំពោះបេសកកម្មរបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំកម្ពុជា ក្នុងរយៈពេលប្រមាណ៣០ឆ្នាំមកនេះ។ជាពិសេសការគាំទ្រលើការអភិវឌ្ឍនូវក្របខណ្ឌច្បាប់ព្រមទាំងការផ្តល់អនុសា​សន៍ល្អៗពាក់ព័ន្ធទិដ្ឋភាពសិទ្ធិមនុស្សចំពោះសកម្មភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិតទទួលជួបពិភាក្សាការងារជាមួយលោកស្រី Roueida El Hage តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងជំនួបនោះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សខា បានថ្លែងអំណរគុណ OHCHR ដែលបានធ្វើការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ព្រមទាំងដៃគូជាតិ និងអន្តរជាតិដទៃទៀតនៅកម្ពុជា ដើម្បីការពារ និងលើកកម្ពស់សិទ្ធិមនុស្ស សំដៅគាំទ្រដល់ការពង្រឹ​ង​សន្តិភាព និងដំណើរការអភិវឌ្ឍប្រកបដោយបរិយាបន្ន។ ជាមួយគ្នានោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានជម្រាបជូនលោកស្រី Roueida El Hageតំណាងការិយាល័យOHCHR អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជារួមមាន៖ការដាក់ចេញនូវយន្តការច្បាប់នានា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់​អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ក្នុងការកាត់បន្ថយស្ថានភាពចង្អៀតណែ​ន​ក្នុងពន្ធនាគារ ដូចជាការកែលម្អលើហេដ្ឋារចនាសម្ព័ន្ធមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ដែលជាដំណោះស្រាយចំពោះមុខ។ ជាការឆ្លើយតប លោកស្រី Roueida El Hage តំណាងការិយាល័យ OHCHR ប្រចាំកម្ពុជា បានជម្រាបជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពីការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ ដែលតែងតែផ្ដល់កិច្ចសហការជាមួយ OHCHR និងបានអនុញ្ញាតឱ្យប្រតិភូ OHCHR ចុះ​ទស្សនកិច្ចតាមពន្ធនាគារ និងមណ្ឌលកែប្រែនានានៅក្នុងប្រទេសកម្ពុជា។ លោកស្រី ក៏បានគូសបញ្ជាក់នូវការត្រៀមខ្លួនជានិច្ចរបស់ OHCHR ក្នុងការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី Roueida El Hage ក៏បានឯកភាពក្នុងការបន្តកិច្ចសហការសំដៅកែលម្អបន្ថែមទៀតលើកិច្ចការសិទ្ធិមនុស្ស និងកិច្ចការពន្ធនាគារ ដែលបានធ្វើក្នុងពេលកន្លងមកផងដែរ៕ 




















Powered by Blogger.