នាយករដ្ឋមន្រ្តីលើក​ទឹកចិត្តដល់គ្រួសារណាដែលមានលទ្ធភាព​គួរបន្ដយកកូនបន្ថែ​មដើម្បីចៀសវាងប​ញ្ហាកង្វះពលកម្ម

សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកទឹកចិត្តដល់គ្រួសារណាដែលមានលទ្ធភាពនិងធនធានគ្រប់គ្រាន់គួរបន្ដយកកូនបន្ថែមទៀត។

ការថ្លែងលើកទឹកចិត្តរបស់សម្តេចធិបតីនេះក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៣និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២៤ របស់ក្រសួងផែនការ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាយោងតាមរបាយការណ៍ និងការព្យាករណ៍តាមរយៈក្រសួងផែនការបានឱ្យដឹងថាទៅថ្ងៃខាងមុខ អាត្រាប្រជាជនវ័យជំទង់ទាបជាងវ័យជរា ឬមនុស្សចាស់ ដែលកត្តានេះអាចនឹងធ្វើឱ្យកម្ពុជាជួបផលប៉ះពាល់ដល់អាត្រាកង្វះខាតធនធានកម្លាំងពលកម្មមនុស្សពេញវ័យ។សម្តេចនាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា៖ «ខ្ញុំក៏សូមលើកទឹកចិត្តដល់គូស្វាមីភរិយាដែលមានលទ្ធភាពសេដ្ឋកិច្ច គួរមានកូនច្រើនដើម្បីចៀសវាងបញ្ហាកង្វះពលកម្ម» ។ជាមួយគ្នានេះ សម្តេចធិបតីបានគូសបញ្ជាក់ថា៖«នៅក្នុងឆ្នាំ២០៥០ហើយចាប់ផ្តើមជាបណ្តើរៗយើងឃើញថា មានការថយចុះ អីចឹងជាថ្មីម្តងទៀត ទោះបីជាការព្យាករណ៍ផ្អែកទៅលើទិន្ន័យនៃការជំរឿននេះគិតថា យើងមិនទាន់មានជាបញ្ហាចោទនៅឆ្នាំ២០៥០។ប៉ុន្តែយើងឃើញសញ្ញានៃការថយចុះ គម្លាតរវាង អ្នកដែលមានអាយុចាស់ លើសកម្លាំង កណ្តាលនៃអ្នកដែលពេញកម្លាំងនេះគឺចាប់ផ្តើមកើនហើយប្រសិនបើអាត្រានៃកំណើតកាន់តែថយទៀតយើងអាចមានបញ្ហាប្រឈម»។សម្តេចធិបតីក៏បានក្រើនរម្លឹកឱ្យប្រជាពលរដ្ឋ គួរយកកូនបន្ថែមនាអំឡុងពេលនេះ រហូតមុនឆ្នាំ២០៥០ខណៈនៅឆ្នាំ២០៥០អាចជាឆ្នាំដែលមានការចំណាយខ្ពស់ ពិបាកក្នុងការផ្គត់ផ្គង់ឬយកកូនច្រើន។សម្តេចធិបតីបានបញ្ជាក់បន្ថែមថា៖ «មានកូនឥឡូវស្រួលជាងមានកូននៅឆ្នាំ២០៥០ដល់២០៥០ ការចិញ្ចឹមកូនតម្លៃនៃការចិញ្ចឹមកូននិងការធានាចិញ្ចឹមកូន គឺខុសពីឥឡូវ ទាំងផ្នត់គំនិតរបស់ប្រជាជនផង»។សម្ដេចធិបតីអះអាងថា«នៅឆ្នាំ២០៥០កម្ពុជានឹងមានប្រជាជនក្នុងវ័យធ្វើការច្រើន។ប៉ុន្តែប្រជាជនដែលវ័យចាស់ចាប់ផ្ដើមមានចំនួនច្រើនជាងក្មេងៗបណ្ដើរហើយផលធៀបនៅក្នុងបន្ទុកសេដ្ឋកិច្ចចំនួន៤៨នាក់ក្នុងចំណោមកម្លាំងពលកម្ម១០០នាក់ដែលបង្ហាញថា កម្ពុជាមានបន្ទុកសេដ្ឋកិច្ចស្រាល។ដូច្នេះយើងអាចនិយាយបានថា បញ្ហាកង្វះពលកម្មនៅក្រោយឆ្នាំ២០៥០នៅមិនជាបញ្ហាចោទធំប៉ុន្មានទេ ។ប៉ុន្តែអ្វីដែលត្រូវយកចិត្តទុកដាក់គឺការពង្រឹងសមត្ថភាពជំនាញដល់យុវជនដើម្បីទាញយកអត្ថប្រយោជន៍ ភាគលាភប្រជាសាស្ត្រ និងភាគលាភយេនឌ័រ ឱ្យបានជាអតិបរិមាដូចមានបែងចែកនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១»។ទោះជាយ៉ាងនេះក្ដីសម្ដេចធិបតីនាយករដ្ឋមន្ត្រីលើកទឹកចិត្តដល់គូស្វាមីភរិយាដែលមានលទ្ធភាពសេដ្ឋកិច្ចគួរមានកូនច្រើនលើសពីចំនួនកំណត់ដើម្បីជៀសវាងហានិភ័យកង្វះកម្លាំងពលកម្ម៕ 

Powered by Blogger.