សម្ដេចធិ​បតី៖ការពង្រឹងសមត្ថភា​ពបច្ចេកវិទ្យាគឺជាកត្តាគន្លឹះ​ដើម្បីសម្រេចបាននូវកា​រចាប់យកខ្សែច្រវា​ក់ផ្គត់ផ្គង់

 ក្នុងឱកាសអញ្ជើញបើក«ទិវាជាតិវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍» លើកទី២ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២៤ ខែ​មីនា ឆ្នាំ២០២៤នេះសម្តេចធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងថាការពង្រឹងសមត្ថភាពបច្ចេកវិទ្យានិងការលើកកម្ពស់សមិទ្ធកម្មនវានុវត្តន៍របស់សហគ្រាសគឺជាកត្តាគន្លឹះដើម្បីសម្រេចបាននូវការចាប់យកខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់និងសកលនៅក្នុងបរិការណ៍ដែលប្រទេសកម្ពុជាកំពុងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសាធារណរដ្ឋកូរ៉សាធារណរដ្ឋប្រជាមានិតចិនអារ៉ាប់អេមីរ៉ាតរួម និងក្របខ័ណ្ឌភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (Regional Comprehensive Economic Partnership- RCEP) ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀង ហើយពង្រឹងប្រព័ន្ធនវានុវត្តន៍ជាតិប្រកបដោយតម្លាភាពនិងប្រសិទ្ធភាព ។

សម្តេចធិបតី បានបន្តថា ក្នុងទិសដៅនេះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចជា សេនាធិការ ដើម្បីសម្រេចបាននូវការកសាងមូលដ្ឋានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០និងឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ដោយបន្ថែមបច្ចេកវិទ្យាជាអាទិភាពទី៥ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល។ទន្ទឹមនេះសហគ្រាសធុនតូច និងមធ្យម នឹងមានតម្រូវការបច្ចេកវិទ្យាសម្រាប់ពង្រឹងសមត្ថភាពដើម្បីចាប់យកទីផ្សារប្រកបដោយភាពប្រកួតប្រជែង ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃ ភាពធន់ ចីរភាពនិងបរិយាប័ន្ន ។សម្តេចធិបតី ហ៊ុន ម៉ាណេត បានគូសរំលេចថា បច្ចុប្បន្ននេះ កម្ពុជាមានឯកសារគតិយុត្តគោលមួយចំនួន ទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាអាទិ៍ ៖ គោលនយោបាយជាតិស្ដីពីវិទ្យាសាស្ត បច្ចេកវិទ្យា និង នវានុវត្តន៍ ២០២០-២០៣០ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ កម្ពុជា ២០៣០របៀបវារៈស្រាវជ្រាវជាតិ២០២៥និងផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាពផ្សេងៗ រួមមាន បច្ចេកវិទ្យាកសិកម្មបច្ចេកវិទ្យាអប់រំ, បច្ចេកវិទ្យាសុខាភិបាល ដែលបានអនុម័ត ព្រមទាំងបណ្ដាឯកសារ ផែនទី បង្ហាញផ្លូវមួយចំនួនទៀត ដែលបានបញ្ចប់សេចក្តីព្រាងរួចរាល់ ដូចជា៖ បច្ចេកវិទ្យាថាមពល បច្ចេកវិទ្យាទេសចរណ៍ និងបច្ចេកវិទ្យាឌីជីថល សម្រាប់ការអនុវត្តតាមក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ក្នុងប្រព័ន្ធនវានុវត្តន៍ជាតិ។សម្តេចធិបតី បានលើកទឹកចិត្តង ដល់តួអង្គពាក់ព័ន្ធ មានជាអាទិ៍៖ ក្រសួង-ស្ថាប័នសកលវិទ្យាល័យមជ្ឈមណ្ឌលស្រាវជ្រាវវិស័យឯកជន និងសង្គមស៊ីវិល ឱ្យបន្តសហការគ្នា អនុវត្តនូវឯកសារគតិយុត្តទាំងនេះ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ដើម្បីប្រែក្លាយបញ្ហាប្រឈមនានា ឱ្យទៅជាកាលានុវត្តភាពបង្កើតសក្តានុពលពីការវិវត្តជាវិជ្ជមាននៃបច្ចេកវិទ្យាសំខាន់ៗ, បន្សំចាប់យក និងបង្កើតបច្ចេកវិទ្យាថ្មីៗទៀត ក្នុងរយៈពេលខ្លី និងមធ្យម ដែលមានលក្ខណៈនវានុវត្តន៍ក្នុងរយៈពេលវែង សម្រាប់ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយប្រសិទ្ធភាព និងភាពធន់។សម្តេចក៏ស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តកិច្ចសហការគាំទ្រការដឹកនាំនិងសម្របសម្រួលដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីឱ្យវិស័យអាទិភាពនេះ ក្លាយជាខឿននៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា បានប្រសើរឡើង៕


Powered by Blogger.