មិត្តហ្វូនព​ង្រីកInternetនៅ​តាមសាលារៀនក្នុងខេ​ត្តក្រចេះ

ការបង្កើនធនធានមនុស្សផ្នែកឌីជីថលនិងភាពងាយស្រួលអោយសិស្សានុសិស្សអាចប្រើប្រាស់ទូរស័ព្ទស្មាតហ្វូននិងប្រើកុំព្យូទ័រភ្ជាប់Internetបាននៅក្នុងបណ្ណាល័យសម្រាប់សិក្សាស្រាវជ្រាវឯកសារដើម្បីបង្កើនចំណេះដឹងបន្ថែមទៀតនោះ។នាឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក Nguyen Hoang Trung អគ្គនាយករងទទួលបន្ទុកអាជីវកម្ម នៃក្រុមហ៊ុនមិត្តហ្វូន (Metfone) នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើការស្នើដល់ក្រុមហ៊ុនមិត្តហ្វូនជួយពង្រីកការតភា្ជប់ប្រពន្ធ័ Internet នៅតាមសាលារៀនជំហានដំបូងកំរិតអនុវិទ្យាល័យ ឬ វិទ្យាល័យ ក្នុងខេត្តក្រចេះ ព្រោះកន្លងមកក្រុមហ៊ុនមិត្តហ្វូន បានជួយពង្រីកប្រពន្ធ័ Internet តាមសាលារៀននៅក្នុងប្រទេសកម្ពុជា បានជាង ៣០០សាលារៀន រួចមកហើយ ក្នុងនោះខេត្តក្រចេះ ក៏មានសាលារៀនមួយចំនួនបានភ្ជាប់Internet របស់ក្រុមហ៊ុនមិត្តហ្វូន ហើយតាមរយៈនេះឯកឧត្តមរដ្ឋមន្រ្តីចង់អោយក្រុមហ៊ុនពិនិត្យលទ្ធិភាពបន្តជួយពង្រីកដល់សាលា រៀនតាមបណ្តាស្រុកដ៏ទៃទៀតនៃខេត្តក្រចេះ ។

 រូបភាពហ្វេសប៊ុកឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
ជាការឆ្លើយតប លោក Nguyen Hoang Trung អគ្គនាយករងទទួលបន្ទុកអាជីវកម្មនៃក្រុមហ៊ុនមិត្តហ្វូនបានទទួលយកនូវសំណើរបស់ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា ហើយលោកអគ្គនាយករង នឹងអោយប្រធានគ្រប់គ្រងរបស់ Metfone ប្រចាំខេត្តក្រចេះ ធ្វើកិច្ចសហការជាមួយប្រធានមន្ទីរអប់រំខេត្តដើម្បីពង្រីកការតភ្ជាប់ប្រពន្ធ័Internetតាមបណ្តាសាលារៀនមួយចំនួនក្នុងខេត្តក្រចេះ។ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានសំដែងនូវការអរគុណចំពោះក្រុមហ៊ុន Metfoneដែលបានផ្តល់នូវប្រពន្ធ័Internetដោយឥតគតិថ្លៃដល់ទូរទស្សន៍ជាតិកម្ពុជាសម្រាប់ដំណើរការផ្សាយផ្ទាល់នូវព្រឹត្តការណ៍ធំៗសំខាន់ៗរបស់ជាតិ ពិសេសសកម្មភាពរបស់សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចុះទៅតាមបណ្តាខេត្ត គឺមានការផ្សាយផ្ទាល់ពីទូរទស្សន៍ជាតិកម្ពុជា ដោយប្រើប្រាស់ប្រពន្ធ័ Internet របស់មិត្តហ្វូនបានដំណើរទៅយ៉ាងល្អ ដោយមិនមានភាពរអាក់រអួល។នៅក្នុងកិច្ចពិភាក្សាការងារនេះដែរ ក៏បានផ្តោតជាសំខាន់លើកិច្ចសហការគ្នារវាងក្រសួងព័ត៌មាននិងក្រុមហ៊ុន Metfone ដែលបានទទួលអាជ្ញាបណ្ណសម្រាប់ប្រពន្ធ័ TV OTT ដោយខាងក្រសួងស្នើអោយមានការដាក់បញ្ជូលនូវប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់រដ្ឋដើម្បីធានាបាននូវសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ ។ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនពីដំណើរការត្រៀមរៀបចំផ្លាស់ប្តូរប្រពន្ធ័ផ្សព្វផ្សាយពីអាន់ណាឡូក ទៅជាឌីជីថល ដោយគម្រោងកិច្ចការងារនេះ ក៏ទទួលបានការគាំទ្រពី ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាមផងដែរក្នុងឱកាសជំនួបពិភាក្សាគ្នាកាលពីថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២៣ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៦និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងដាណាំងប្រទេសវៀតណាម។ក្នុងជំនួបនោះដែររដ្ឋមន្ត្រីក្រសួងព័ត៌មាននិងទំនាក់ទំនងវៀតណាមនិងរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើការពង្រឹងវិស័យព័ត៌មាន និងការផ្សព្វផ្សាយ។ជាទិសដៅរបស់ក្រសួងព័ត៌មានស្ថិតក្នុងបរិបទនៃការផ្លាស់ប្តូរប្រពន្ធ័ផ្សព្វផ្សាយបុរាណអ្វីជានិន្នាការរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្នគឺការប្រើប្រាស់ប្រពន្ធ័ផ្សព្វផ្សាយទំនើបតាមប្រព័ន្ធឌីជីថលហើយក្រសួងព័ត៌មានមានភារកិច្ចធ្វើយ៉ាងម៉េចធានាអោយប្រជាពលរដ្ឋមានមធ្យោបាយគ្រប់គ្រាន់ក្នុងការទទួលបានព័ត៌មានក្នុងសម័យឌីជីថល ៕


Powered by Blogger.