គណៈរដ្ឋមន្ត្រីអនុម័តរបាយការណ៍វឌ្ឍនភាពនិងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១
ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចធិបតីហ៊ុនម៉ាណែតបានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ដើម្បីពិភាក្សា ឆ្លង និងអនុម័តរបាយការណ៍វឌ្ឍនភាពនិងទិសដៅទៅមុខនៃការរៀបចំក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្តី បានបញ្ជាក់ថាក្របខ័ណ្ឌតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺជាយន្តការមួយដែលផ្តល់នូវការវាស់វែងអំពីវឌ្ឍនភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពនៃគោលនយោបាយដែលបានដាក់ចេញព្រមទាំងផ្តល់ជាមូលដ្ឋាន ក្នុងការរៀបចំ តម្រង់ទិស និងកែតម្រូវគោលនយោបាយ ក៏ដូចជាការដាក់ចេញនូវវិធានការអន្តរាគមន៍ឬគោលនយោបាយថ្មីៗបន្ថែមទៀត សំដៅធានា ប្រសិទ្ធភាពសមិទ្ធកម្ម តាមរយៈការអនុវត្ត ជវភាពនៃប្រព័ន្ធគ្រប់គ្រងតែមួយ។ក្របខ័ណ្ឌនេះនឹងគាំទ្រនិងជំរុញការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ប្រកបដោយភាពជោគជ័យ ជាពិសេសសម្រេចឱ្យបាននូវគោលដៅជាយុទ្ធសាស្ត្រ តាមរយៈការដ្ឋានការងារចំនួន ៣ គឺ ទី១-ការរៀបចំយន្តការវាស់វែងសមិទ្ធកម្ម ទី២-ការផ្ដល់ជាគោលការណ៍ណែនាំ និងទី៣-ការផ្ដល់អនុសាសន៍សម្រាប់តម្រង់ទិស។ គណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (គ.យ.ប.) ដែលបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៩២៣/២១៧១ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំចំនួន ២លើក និងសិក្ខាសាលាអន្តរក្រសួងចំនួន ១លើក ដោយសម្រេចបាននូវសេចក្តីព្រាងឯកសារទស្សនាទានសម្រាប់រៀបចំក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។គ.យ.ប. គ្រោងនឹងបញ្ចប់ការរៀបចំតាក់តែង ក្របខ័ណ្ឌតាមដានត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៅក្នុងឆមាសទី១ឆ្នាំ២០២៤នេះ៕
Post a Comment